បរទេស ៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ថា ប្រទេសឥណ្ឌា និងចិន គួរតែចាត់ទុកគ្នាជា «ដៃគូ» ជាជាង «សត្រូវ ឬ ធ្វើជាអ្នកគំរាមកំហែងគ្នា»។
លោក Wang Yi បានអះអាងដូច្នេះ នៅក្នុងពេលជួបរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S Jaishankar ខណៈដែលប្រមុខកាទូតចិនរូបនេះ បានទៅបំពេញទស្សនកិច្ចនៅក្នុងទីក្រុងញូវដែលីរយៈពេល២ថ្ងៃ។នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន BBC។

ក្នុងជំនួបនាពេលនោះ លោក Wang Yi បានលើកឡើងថា ទំនាក់ទំនងប្រទេសទាំងពីរកំពុងស្ថិតនៅលើ «និន្នាការវិជ្ជមាន» ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ។ រីឯលោក Jaishankar បាននិយាយថា ឥណ្ឌា និងចិន កំពុងស្វែងរកឆ្ពោះទៅមុខ ចេញពីដំណាក់កាលដ៏លំបាកមួយនៅក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ សមភាគីទាំងពីរក៏បានពិភាក្សាគ្នាលើបញ្ហាទ្វេភាគីជាច្រើន រាប់ចាប់ពីពាណិជ្ជកម្មរហូតដល់ការធ្វើធម្មយាត្រា និងការចែករំលែកទិន្នន័យទន្លេផងដែរ។
ក្នុងពេលមានវត្តមាននៅឥណ្ឌា លោក Wang Yi ក៏បានជួបជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval ទៀតផង ដោយផ្តោតលើការដោះស្រាយជម្លោះព្រំដែន រវាងប្រទេសទាំងពីរ។ នាពេលនោះ លោក Yi បាននិយាយ ថា ភាគីចិនរីករាយ ក្នុងការដែលឃើញស្ថិរភាព ត្រូវបានស្ដារឡើងវិញ នៅព្រំដែន។ លោកបានថ្លែងថា ការប្រឈមមុខក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនមែនជាការចង់បាន របស់ចិននោះទេ។

ដំណើរទស្សនកិច្ច របស់លោក Yi ត្រូវបានគេមើលឃើញថា ជាសញ្ញាចុងក្រោយបំផុតនៃការពង្រឹងទំនាក់ទំនងរវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរ។ ថ្មីៗនេះ ឥណ្ឌា និងចិន បានព្រមព្រៀងគ្នា លើការរៀបចំសកម្មភាពល្បាត ដើម្បីកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន ហិម៉ាឡៃយ៉ានដែលមានជម្លោះកាលពីខែតុលា ឆ្នាំមុន។
ប្រទេសទាំងពីរបានវិលមករកភាពល្អនឹងគ្នាឡើងវិញ ចំពេលដែលទំនាក់ទំនងទ្វេភាគីរបស់ឥណ្ឌា ជាមួយអាមេរិក កាន់តែអាក្រក់។ ជាក់ស្តែង កាលពីដើមខែនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ពិន័យពន្ធគយ បន្ថែម២៥% លើការនាំចូលទំនិញ របស់ឥណ្ឌា ដោយសារតែប្រទេសនេះទិញប្រេង និងអាវុធពីរុស្ស៊ី ជាហេតុនាំឲ្យពន្ធគយសរុបដែលអាមេរិកដាក់លើឥណ្ឌា បានកើនដល់ ៥០% ជាតម្លៃខ្ពស់បំផុតប្រចាំតំបន់អាស៊ី៕ ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content