បរទេស ៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា ប្រធានាធិបតីអាម៉េរិក Donald Trump បានបដិសេធមិនផ្តល់ជំនួយយោធាចំនួន ៤០០ លានដុល្លារដល់កោះតៃវ៉ាន់ ខណៈដែលកំពុងស្ថិតក្នុងដំណាក់កាលចរចាពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង។

ប្រធានាធិបតីអាម៉េរិក Donald Trump និងប្រធានាធិបតីចិន Xi Jinping គ្រោងនិយាយជាមួយគ្នាតាមទូរស័ព្ទបន្ទាប់ពីភាគីទាំងពីរសម្រុះសម្រួលគ្នាលើពន្ធគយ និងកិច្ចព្រមព្រៀងរក្សាកម្មវិធី TikTok នៅក្នុងអាម៉េរិក។ សូមរំលឹកថា ថ្វីត្បិតសហរដ្ឋអាម៉េរិកឈប់ទទួលស្គាល់តៃវ៉ាន់នៅចុងទសវត្សរ៍ឆ្នាំ១៩៧០ ដើម្បីផ្គាប់ចិត្តប្រទេសចិនក្តី ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននៅតែជាអ្នកគាំទ្រដ៏សំខាន់បំផុតរបស់តៃប៉ិ និងជាអ្នកផ្គត់ផ្គង់ជំនួយយោធាដ៏ធំបំផុតទៅកាន់កោះមួយនេះ។
ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Joe Biden ទីក្រុងវ៉ាស៊ីនតោនបានអនុម័តកញ្ចប់ជំនួយយោធាជាង ២ ពាន់លានដុល្លារសម្រាប់កោះតៃវ៉ាន់។ យ៉ាងណាមិញ គេកត់សម្គាល់ថា Trump មិនចូលចិត្តការបញ្ជូនអាវុធដោយគ្មានការទទួលប្រាក់នោះទេដូចដែលកើតឡើងជាមួយនឹងអ៊ុយក្រែន។
មន្ត្រីសេតវិមានម្នាក់បានលើកឡើងថា ការសម្រេចចិត្តលើកញ្ចប់ជំនួយមិនទាន់ចប់នៅឡើយទេ។ កាលពីខែសីហា មន្ត្រីការពារជាតិអាម៉េរិក និងតៃវ៉ាន់បានជួបប្រជុំគ្នានៅទីក្រុង Anchorage រដ្ឋ Alaska ដើម្បីពិភាក្សាអំពីកញ្ចប់នៃការលក់អាវុធដែលមានតម្លៃរាប់ពាន់លានដុល្លារ រួមមាន យន្តហោះគ្មានមនុស្សបើក កាំជ្រួច និងឧបករណ៍ចាប់សញ្ញា។

គួរកត់សម្គាល់ថា ចាប់តាំងពី Trump ត្រលប់មកសេតវិមានសាជាថ្មីវិញនៅក្នុងខែមករា វាមានភាពស្រពិចស្រពិលរវាងទំនាក់ទំនងតៃវ៉ាន់-អាម៉េរិក និងឆន្ទៈរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងកិច្ចការពារកោះនេះ ប្រសិនបើចិនវាយប្រហារ។ យ៉ាងណាមិញ កាលពីចុងខែសីហាកន្លងទៅនេះ ប្រធានគណៈកម្មាធិការសព្វាវុធរបស់អាម៉េរិកបានធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ និងបានប្តេជ្ញាចិត្តថា សហរដ្ឋអាម៉េរិក និងតៃវ៉ាន់នៅតែជាមិត្តល្អបំផុត៕




វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content