ភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) កំពុងពង្រីកកិច្ចសហការជាមួយដៃគូអន្តរជាតិ ដើម្បីបោសសម្អាតមីន និងស្តារជីវភាពប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ដោយការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ។ ក្នុងរយៈពេលពីរថ្ងៃជាប់គ្នា CMAC បានជួបពិភាក្សាការងារជាមួយក្រុមមកពីប្រទេសជប៉ុន និងចិន ដើម្បីពន្លឿនកិច្ចសហការនេះ។
ឯកឧត្តម ហេង រតនា អគ្គនាយក CMAC បានជួបជាមួយតំណាងក្រុមហ៊ុនជប៉ុនជំនាញផ្នែកបច្ចេកទេសកសិកម្ម ដើម្បីសាកល្បង និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មទំនើបដល់សហគមន៍កសិករនៅតាមតំបន់ដែលត្រូវបានបោសសម្អាតគ្រាប់មីនរួចរាល់ នៅថ្ងៃព្រហស្បតិ៍នេះ។ កិច្ចសហការនេះមានគោលបំណងជួយប្រជាពលរដ្ឋឱ្យទទួលបានផលប្រយោជន៍ពេញលេញពីដីធ្លីដែលបានរំដោះពីគ្រោះថ្នាក់។

កាលពីថ្ងៃទី ១៧ ខែកញ្ញា CMAC ក៏បានជួបជាមួយលោក Liu Wenzhi ប្រធានមូលនិធិចិន Peaceland និងលោក Chen Yong ទីប្រឹក្សាប្រចាំនៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនអាស៊ាន (ARMAC)ផងដែរ។ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំនួយរបស់ចិនដល់វិស័យមីននៅកម្ពុជា។
គួរកត់សម្គាល់ មូលនិធិចិនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបញ្ជូនកម្លាំងអន្តរាគមន៍ ដើម្បីបោសសម្អាតសំណល់សង្គ្រាមរយៈពេល ៥ ថ្ងៃនៅតាមព្រំដែនកម្ពុជា-ថៃ និងដើម្បីធានាសុវត្ថិភាពដល់ជនភៀសខ្លួនដែលនឹងវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញ។

ការប្ដេជ្ញាចិត្តរបស់ភាគីចិននេះ កើតឡើងស្របពេលដែលកម្ពុជា និងថៃបានឯកភាពគ្នាជាគោលការណ៍ក្នុងការកំណត់តំបន់ដោះមីនរួមគ្នា សម្រាប់រយៈពេលមួយខែខាងមុខនេះ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី ១០ ខែកញ្ញា៕ ដោយ ៖ ទួន សុផល




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content