ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានឆន្ទៈក្នុងការពន្លឿនរកដំណោះស្រាយសមស្របជូនដល់អតិថិជនបុរី ម៉ន ដានី ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដោយមិនធ្វើឱ្យប្រជាពលរដ្ឋដែលជាអតិថិជនបុរីនេះអស់សង្ឃឹម ឬខកបំណងឡើយ ប៉ុន្តែស្នើសុំឱ្យមានការយោគយល់ និងឯកភាពគ្នាដើម្បីជំរុញឱ្យដំណោះស្រាយនានាដែលក្រសួងបានដាក់ជូនសម្រេចបានជោគជ័យឆាប់រហ័ស ។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ក្រសួងមានឆន្ទៈក្នុងការពន្លឿនរកដំណោះស្រាយសមស្របជូនដល់អតិថិជនបុរី ម៉ន ដានី ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដោយមិនធ្វើឲ្យប្រជាពលរដ្ឋជាអតិថិជនបុរីដែលបានចំណាយកម្លាំងញើសឈាមរបស់ខ្លួនខិតខំប្រឹងប្រែងរកប្រាក់មកទិញដី ឬផ្ទះក្នុងបុរីនេះអស់សង្ឃឹម ឬខកបំណងឡើយ។

ក្នុងពិធីប្រគល់បណ្ណកម្មសិទ្ធិជូនអតិថិជនបុរី ម៉ន ដានី គម្រោងទី ២៩ ជំហានទី ២ ចំនួន ១៤៥បណ្ណ ដែលបានធ្វើឡើងនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា បញ្ហាវិវាទបុរីដែលតែងតែកើតមានឡើងនោះគឺដោយសារម្ចាស់បុរីមិនទាន់យល់ដឹងច្បាស់អំពីដំណើរការច្បាប់តាមរយៈការស្នើសុំលិខិតអនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,ឬក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរដែនដីដើម្បីឱ្យដឹងច្បាស់ថា តើដី ឬទីតាំងរបស់ពួកគាត់ត្រៀមនឹងបង្កើតជាបុរីនោះមានសុវត្ថិភាពតាមផ្លូវច្បាប់ ឬយ៉ាងណា ដោយត្រូវបំពេញឱ្យបានគ្រប់លក្ខខណ្ឌ ក្នុងនោះត្រូវត្រួតពិនិត្យប្រព័ន្ធបង្ហូរទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងបុរី ដើម្បីបង្កើតបរិយាកាសរស់នៅល្អប្រសើរសម្រាប់អ្នកនៅក្នុងបុរីផងដែរ។
ឯកឧត្តម បានស្នើដល់មន្ត្រីជំនាញរបស់ក្រសួងដែលកំពុងសស្រាក់សស្រាំខិតខំព្យាយាមរកដំណោះស្រាយឱ្យបានសមស្របដល់ប្រជាពលរដ្ឋជាអតិថិជនបុរី ម៉ន ដានី ដូចជានៅពេលនេះបានប្រគល់បណ្ណកម្មសិទ្ធិជូនអតិថិជនបុរី ម៉ន ដានី គម្រោងទី២៩ ជំហានទី២ ចំនួន ១៤៥ បណ្ណ ហើយនឹងបន្តធ្វើជូនជាបន្តបន្ទាប់ទៀត។ ដោយឡែកចំពោះអតិថិជនផ្សេងទៀតរបស់បុរី ម៉ន ដានី ដែលនៅសេសសល់មិនទាន់ទទួលបានដំណោះស្រាយទេនោះ ក្រសួងនឹងស្រង់ទិន្នន័យឡើងវិញដើម្បីផ្ដល់ជូនដំណោះស្រាយផ្សេងៗ ឬក៏ត្រូវឯកភាពគ្នាចាកចេញពីទីតាំងចាស់នេះដោយចាប់ឆ្នោតទៅរកទីតាំងថ្មីផ្សេងទៀត។

ជាមួយនេះ ឯកឧត្តម ក៏បានស្នើដល់ប្រជាពលរដ្ឋជាអតិថិជនបុរី ម៉ន ដានី ដែលទទួលបានបណ្ណកម្មសិទ្ធិនាពេលនេះ ត្រូវរួមគ្នាបន្តកសាងភូមិនេះឱ្យក្លាយជាភូមិឋានសុភមង្គល ជាភូមិឋានក្សេមក្សាន្តចាប់ពីពេលនេះរហូតតទៅអនាគត ។
គួររម្លឹកថា ក្រៅពីបុរី ម៉ន ដានី ដែលមានបញ្ហាលើការអភិវឌ្ឍកាលពីពេលកន្លងទៅក៏ដូចជាបច្ចុប្បន្ន នៅមានគម្រោងមួយទៀតដូចជា បុរី ឡេង ណាវ៉ាត់ត្រា, បុរី VIP ជាដើម ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើកយកមកដោះស្រាយជាបន្តបន្ទាប់ ក្រោមការទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់អតិថិជន និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ៕















វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content