បរទេស ៖ យោងតាមរបាយការណ៍របស់ NBC បានសរសេរថា អាមេរិក កំពុងព្រាងច្បាប់យុទ្ធសាស្ត្រថ្មី ដែលអាចអនុញ្ញាតឱ្យប្រធានាធិបតីអាមេរិក មានសិទ្ធិ និងជម្រើសកាន់តែទូលំទូលាយក្នុងការប្រើអាវុធនុយក្លេអ៊ែរ ក្នុងករណីកើតមានជម្លោះយោធាជាមួយរុស្ស៊ី ឬមហាយក្សចិន។
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកបានប្រាប់ NBC ថា គោលបំណងចម្បងក្នុងសេចក្ដីព្រាងច្បាប់ ឬយុទ្ធសាស្ត្រថ្មីនេះ គឺដើម្បីផ្តល់សិទ្ធិទៅឱ្យប្រធានាធិបតី ក្នុងការប្រើអាវុធនុយក្លេអ៊ែរ ក្នុងគោលបំណងពង្រឹងវិស័យការពារជាតិ ក៏ដូចជាការពារបានទាំងសម្ព័ន្ធមិត្តរបស់អាមេរិកក្នុងករណីកើតមានភាពប្រឈមនឹងការវាយប្រហារណាមួយពីប្រទេសបច្ចាមិត្ត ឬសត្រូវ។
ការកែសម្រួលយុទ្ធសាស្ត្រនេះត្រូវបានគេមើលឃើញថា បានកើតឡើងប្រហែល ៦ខែ បន្ទាប់ពីការផុតកំណត់នៃសន្ធិសញ្ញា New START ឆ្នាំ២០១០ ។ សន្ធិសញ្ញាដែលចាំបាច់ប្រើអាវុធនុយក្លេអ៊ែរនេះគឺជាយុទ្ធសាស្ត្រក្នុងវិស័យការពារជាតិ ដែលត្រូវបានដាក់ពង្រាយដោយអាមេរិក និងរុស្ស៊ី ត្រឹម ១៥៥០ គ្រាប់រៀងៗខ្លួន។ មុនពេលផុតកំណត់ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានស្នើឱ្យបន្តអនុវត្តតាមកម្រិតនៃសន្ធិសញ្ញានេះរយៈពេលមួយឆ្នាំបន្ថែមទៀត ដើម្បីទុកពេលសម្រាប់កិច្ចចរចាថ្មី។
ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិក លោក Donald Trump បានស្វែងរកកិច្ចព្រមព្រៀងដែលមានភាពទូលំទូលាយជាងមុន ដោយរាប់បញ្ចូលទាំងប្រទេសចិនផងដែរ។ បញ្ហានេះ ទីក្រុងប៉េកាំងបានបដិសេធមិនចូលរួមក្នុងកិច្ចចរចានោះទេ ខណៈដែលខ្លួនជាប្រទេសដែលមានអាវុធនុយក្លេអ៊ែរច្រើនជាងគេ។ ភ្ជាប់ជាមួយសេចក្ដីព្រាងលើច្បាប់ប្រើអាវុធនុយក្លេអ៊ែរនេះដែរ ទីក្រុងម៉ូស្គូ បានលើកឡើងថា កិច្ចព្រមព្រៀងអាចធ្វើទៅបាន ប៉ុន្តែក៏ត្រូវរាប់បញ្ចូលទាំងសមាជិកអង្គការ NATO ដែលមានអាវុធនុយក្លេអ៊ែរ ដូចជា បារាំង និងចក្រភពអង់គ្លេស ដោយមិនមែនធ្វើឡើងត្រឹមតែអាមេរិកនោះឡើយ។ រដ្ឋាភិបាលទីក្រុងម៉ូស្គូបានថ្លែងថា ខ្លួននឹងមិនបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរនោះទេ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនអនុវត្តការទប់ស្កាត់ដូចគ្នា។
គួរកត់សម្គាល់ថា គោលការណ៍រុស្ស៊ី បានកែសម្រួល និងចាត់ទុកការវាយប្រហារដោយរដ្ឋគ្មានអាវុធនុយក្លេអ៊ែរ ដែលគាំទ្រដោយមហាអំណាចអាវុធនុយក្លេអ៊ែរថា ជាការវាយប្រហាររួមគ្នា ដោយអនុញ្ញាតឱ្យមានការឆ្លើយតបដោយអាវុធនុយក្លេអ៊ែរប្រសិនបើការឈ្លានពានអាចកើតមានឡើង ដែលវាក៏ជាការគំរាមកំហែងធ្ងន់ធ្ងរដល់អធិបតេយ្យភាពរបស់រុស្ស៊ី ឬបេឡារុសដូចគ្នា។
បន្ថែមពីនេះ ទីក្រុងម៉ូស្គូនៅតែបន្តរិះគន់ចំពោះកិច្ចព្រមព្រៀងចែករំលែកអាវុធនុយក្លេអ៊ែររបស់អាមេរិកនៅអឺរ៉ុបដោយព្រមានថា ប្រទេសដែលទទួលផ្ទុកអាវុធនុយក្លេអ៊ែររបស់អាមេរិក នឹងក្លាយជាគោលដៅវាយប្រហាររបស់កងកម្លាំងរុស្ស៊ីក្នុងករណីដែលមានផ្ទុះជម្លោះដោយអាវុធប្រល័យលោកណាមួយកើតមានឡើង៕




វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content