ភ្នំពេញ ៖ កសិផលកម្ពុជាប្រមាណជាង ៣០០ ប្រភេទ ដែលអាចនាំចេញទៅលក់ក្នុងទីផ្សារប្រទេសចិន ហើយកម្ពុជាក៏កំពុងសម្លឹងមើលពីឱកាសនៃការពង្រីកទំហំនាំចេញទៅកាន់ទីផ្សារប្រទេសចិនថែមទៀត បន្ទាប់ពីបញ្ហាព្រំដែនកម្ពុជា – ថៃ ត្រូវបានបិទខ្ទប់។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ផលិតផលកសិកម្មសំខាន់ៗដែលកម្ពុជានាំចេញទៅកាន់ទីផ្សារប្រទេសចិន រួមមាន ដំឡូងមី ស្វាយចន្ទី ផ្លែចេក ស្វាយកែវរមៀត ទុរេនស្រស់ និងមៀនប៉ៃលិន រួមជាមួយនឹងទំនិញសំខាន់ៗជាច្រើនទៀត ជាពិសេសជាងគេ គឺអង្ករ ដែលប្រទេសចិនបានផ្តល់កូតានាំអង្ករពីកម្ពុជាច្រើនបំផុតរហូតដល់៥០ម៉ឺនតោនក្នុងមួយឆ្នាំ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា ៖
«ក្នុងចំណោមផលិតផលកសិកម្មទាំងជាង ៣០០មុខ យើងមានកូតានាំអង្ករចេញទៅរហូតដល់ ៥០ម៉ឺនតោនក្នុងមួយឆ្នាំ…. ចឹងហើយអង្ករហ្នឹងក៍យើងនាំចេញទៅជាផលិតផលចម្បងមួយដែលប្រជាពលរដ្ឋចិនបានទទួលស្គាល់ ហើយបានទទួលទិញអង្ករខ្មែរច្រើនដែរ»។

គួររំលឹកថា ប្រទេសកម្ពុជា និងចិន បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកាលពីអំឡុងខែមករា ឆ្នាំ២០២២ ដោយតាមរយៈកិច្ចព្រមព្រៀងនេះបានអនុញ្ញាតឲ្យកម្ពុជានាំផលិតផលកសិកម្មរបស់ខ្លួនទៅលក់នៅលើទីផ្សារប្រទេសចិនជាង ៣០០មុខ។ ដោយឡែក ប្រទេសចិនវិញអាចនាំទំនិញមួយចំនួនចូលមកទីផ្សារកម្ពុជា ក្នុងនោះរួមមាន សម្ភារៈសំណង់ វត្ថុធាតុដើមសម្រាប់រោងចក្រកាត់ដេរ ផលិតផលស្បែក ផលិតផលចំណីអាហារ ផ្លែឈើ គ្រឿងអេឡិចត្រូនិក និងរថយន្តជាដើម។
ពាក់ព័ន្ធទៅនឹងការនាំចេញទំនិញផ្នែកកសិផលកម្ពុជា រាជរដ្ឋាភិបាលធ្លាប់បានដាក់គោលដៅទៅលើការនាំចេញអង្ករឱ្យបាន ១លានតោន ក្នុង១ឆ្នាំ ប៉ុន្តែជាលទ្ធផល ការនាំចេញនៅមិនទាន់ដល់គោលដៅនៅឡើយ។
ឯកឧត្តម ប៉ែន សុវិជាតិ បានមានប្រសាសន៍ឱ្យដឹងថា ក្រៅពីនាំចេញទៅចិន កម្ពុជាក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសមួយចំនួនទៀតទាំងនៅអាស៊ី និងអ៊ឺរ៉ុប ដូចជា កូរ៉េ ហ្វីលីពីន ឥណ្ឌូនេស៊ី ដែលតែងជូបបញ្ហាកង្វះស្បៀង ចំណែកអង្ករក្រអូបមានទីផ្សារនៅសហភាពអឺរ៉ុប ដូចជានៅ ប្រទេសហូឡង់ ហ្វាង់ឡង់ ដាណាម៉ាក់ និងបណ្តាប្រទេសអាហ្វ្រិចផងដែរ។





វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content