បណ្តាប្រទេសដែលរងពន្ធគយចុងក្រោយរបស់លោក Trump ប្រតិកម្មឆ្លើយតបភ្លាមៗជាមួយអំណះអំណាងស្រដៀងគ្នា

បរទេស ៖ ដៃគូពាណិជ្ជកម្មជាច្រើននៅក្នុងតំបន់អាស៊ី កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ បានបញ្ចេញប្រតិកម្មតវ៉ាចំពោះសំណើដំឡើងពន្ធគយចុងក្រោយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយបដិសេធការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោនដែលថាលើសចំណុះផលិតកម្មឧស្សាហកម្ម ខណៈប្រទេសទាំងនោះកំពុងស្វែងរកកិច្ចចរចាដើម្បីកាត់បន្ថយផលប៉ះពាល់ពីពន្ធដែលអាចនឹងកើតមានឡើង។

ប្រតិកម្មទាំងនេះបានកើតឡើងបន្ទាប់ពីរដ្ឋបាលលោក Trump ស្នើអត្រាពន្ធគយគោលចន្លោះពី ២០ ភាគរយ ទៅ ៤០ ភាគរយ លើដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន ១៤ រួមទាំងប្រទេសសេដ្ឋកិច្ចធំៗ និងប្លុកប្រទេសដែលជាមជ្ឈមណ្ឌលផលិតកម្មនៅអាស៊ីផងដែរ។

ចេញផ្សាយដោយកាសែត CNA បានសរសេរថា យ៉ាងណាក្តី ពន្ធគយទាំងនេះមិនទាន់ចូលជាធរមានភ្លាមៗនោះទេ ដោយរង់ចាំសេចក្ដីប្រកាសជាផ្លូវការម្តងទៀតដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៥ ខែមករាខាងមុខ ហើយអត្រាចុងក្រោយអាចនឹងប្រែប្រួលយ៉ាងណាគឺអាស្រ័យលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្រាប់ និងកិច្ចចរចាដែលកំពុងបន្តជាមួយទីក្រុងវ៉ាស៊ីនតោន។

ប្រទេសវៀតណាម ដែលប្រឈមនឹងពន្ធគយបន្ថែមខ្ពស់បំផុតរហូតដល់ ៣៥ ភាគរយ ពោលគឺខ្ពស់បំផុតក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ដែលជាគោលដៅ បាននិយាយថា ខ្លួនកំពុងធ្វើការដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ទីក្រុងហាណូយ បានកត់សម្គាល់ថា អត្រានេះអាចធ្លាក់ចុះមកត្រឹម ២០ ភាគរយ ប្រសិនបើឈានដល់កិច្ចព្រមព្រៀង ដោយការសម្រេចចិត្តចុងក្រោយត្រូវបានរំពឹងទុកនៅខែកុម្ភៈ ឬខែមីនា។ ក្នុងន័យនវ ដើម្បីគាំទ្រដល់ការបញ្ចុះអត្រាពន្ធ វៀតណាម បានសន្យាចាត់វិធានការទប់ស្កាត់ការផលិតលើសតម្រូវការ បង្ក្រាបការដឹកជញ្ជូនឆ្លងកាត់ខុសច្បាប់ និងការក្លែងបន្លំប្រភពដើមទំនិញ ព្រមទាំងរឹតបន្តឹងការអនុវត្តច្បាប់ប្រឆាំងនឹងពលកម្មដោយបង្ខំលើទំនិញនាំចូល ដោយផ្អែកលើការប្តេជ្ញាចិត្តពីកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្មដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន។

ប្រទេសម៉ាឡេស៊ី បានច្រានចោលការរកឃើញរបស់ទីក្រុងវ៉ាស៊ីនតោនអំពីការផលិតលើសចំណុះ ដោយបញ្ជាក់ថា វិស័យផលិតកម្មរបស់ខ្លួនមិនបានរំខានដល់ទីផ្សារពិភពលោកឡើយ។ ទន្ទឹមនឹងនេះ ក្រសួងវិនិយោគពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី បានឱ្យដឹងថា ខ្លួននឹងពិនិត្យឡើងវិញនូវការនាំចូលពីប្រទេសទី៣ ដើម្បីទប់ស្កាត់កុំឱ្យរួមចំណែកដល់ការលើសចំណុះផលិតកម្ម ខណៈខ្លួនកំពុងស្វែងរកការរក្សាអត្រាពន្ធឱ្យនៅត្រឹមកម្រិតមិនលើសពី ១៩ ភាគរយ បន្ទាប់ពីមានសំណើពន្ធរហូតដល់ ១៨ ភាគរយ ប៉ុន្តែអាចនឹងកើនឡើងដល់ ២៥ ភាគរយប្រសិនបើការចរចាមិនទទួលបានផ្លែផ្កានោះទេ។

ប្រទេសថៃ បានពណ៌នាសំណើកម្រិតពន្ធរហូតដល់ ១៨ ភាគរយថា មិនសមស្របតាមក្ដីរំពឹងទុករបស់ខ្លួន ហើយបាននិយាយថា ខ្លួននឹងជំរុញឱ្យមានអត្រាទាបជាងនេះទៀត។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី Suphajee Suthumpun បានថ្លែងថា វឌ្ឍនភាពក្នុងកិច្ចចរចាពាណិជ្ជកម្មបដិការអាចជួយធានាបាននូវកម្រិតពន្ធ ១៨ ភាគរយនេះ ជាជាងការបូកបន្ថែមពីលើ និងបានដាក់អ្នកនាំចេញថៃឱ្យស្ថិតក្នុងជំហរប្រកួតប្រជែងប្រហាក់ប្រហែលនឹងប្រទេសជិតខាងក្នុងតំបន់ ដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងកម្ពុជា។

ងាកទៅប្រទេសឥណ្ឌូនេស៊ី បាននិយាយថា ខ្លួនកំពុងពិនិត្យឡើងវិញនូវសំណើអត្រាពន្ធរហូតដល់ ១៨ ភាគរយ និងកំពុងសម្របសម្រួលជាមួយឧស្សាហកម្មដែលរងផលប៉ះពាល់។ អ្នកនាំពាក្យក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក Haryo Limanseto បានលើកឡើងថា អត្រាដែលបានស្នើឡើងនេះនៅតែទាបជាងដៃគូប្រកួតប្រជែង ដែលបង្កើតបានជាឧត្តមភាពប្រៀបធៀប និងជាឱកាសយុទ្ធសាស្ត្រសម្រាប់វិស័យផលិតកម្មក្នុងស្រុកក្នុងការពង្រីកចំណែកទីផ្សារ និងទាក់ទាញការផ្លាស់ប្តូរទីតាំងខ្សែច្រវាក់ផ្គត់ផ្គង់។

ដោយឡែក​ ក្រសួងថាមពល ពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានបង្ហាញការមិនយល់ស្របយ៉ាងខ្លាំងចំពោះការរកឃើញរបស់តំណាងពាណិជ្ជកម្មអាមេរិក ហើយបាននិយាយថា ខ្លួនមានការខកចិត្តយ៉ាងខ្លាំងចំពោះសំណើពន្ធគយរហូតដល់ ២០ ភាគរយ ដែលរួមមានការលើកលែងលើផលិតផលមួយចំនួន។ ក្រសួងបានបញ្ជាក់ថា ការវាយតម្លៃនេះបានមើលរំលងរចនាសម្ព័ន្ធសេដ្ឋកិច្ចបើកចំហ និងផ្អែកលើទីផ្សាររបស់សិង្ហបុរី ដែលមិនការពារទីផ្សារក្នុងស្រុក ឬឧបត្ថម្ភធនដល់ការផលិតសម្រាប់នាំចេញឡើយ ព្រមទាំងបន្ថែមថា សិង្ហបុរីនឹងដាក់ជូនមតិយោបល់បន្ថែមក្នុងអំឡុងពេលពិគ្រោះយោបល់សាធារណៈ ខណៈបន្តកិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន។

ប្រទេសឥណ្ឌា បាននិយាយថា បញ្ហាពាណិជ្ជកម្មគួរតែត្រូវបានដោះស្រាយតាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដែលកំពុងបន្ត ដោយជំរុញឱ្យមានការបញ្ចប់ឆាប់រហ័ស ខណៈច្រានចោលមូលដ្ឋាននៃការស៊ើបអង្កេតរបស់អាមេរិក។ ទីក្រុងញូវដេលី បានបញ្ជាក់ថា ខ្លួនមិនមានការផលិតលើសចំណុះជារចនាសម្ព័ន្ធនៅក្នុងវិស័យណាមួយឡើយ។ ទីក្រុងវ៉ាស៊ីនតោនបានស្នើពន្ធ ១៧ ភាគរយ លើទំនិញឥណ្ឌា ប្រសិនបើឈានដល់កិច្ចព្រមព្រៀង ឬ ២៥ ភាគរយ ប្រសិនបើការចរចាបរាជ័យបន្ទាប់ពីកិច្ចព្រមព្រៀងបណ្តោះអាសន្នកាលពីខែកុម្ភៈ ដែលការអនុវត្តត្រូវបានជួបភាពស្មុគស្មាញនៅពេលតុលាការកំពូលអាមេរិកបានលុបចោលពន្ធគយទ្រង់ទ្រាយធំរបស់លោក Trump កាលពីប៉ុន្មានថ្ងៃក្រោយមក។

សម្រាប់ប្រទេសចិន បានចេញមកព្រមានថា ខ្លួនរក្សាសិទ្ធិក្នុងការចាត់វិធានការចាំបាច់ ដោយអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក He Yadong បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានប្រើប្រាស់ការអះអាងអំពីការផលិតលើសតម្រូវការធ្វើជាលេសសម្រាប់គោលនយោបាយគាំពារនិយម និងបានជំរុញឱ្យវិលត្រឡប់មករកកិច្ចសន្ទនាវិញ។ សំណើពន្ធ ២០ ភាគរយនេះ ធ្វើឡើងមុនពេលផុតកំណត់នៃការផ្អាកការដាក់ពន្ធពាណិជ្ជកម្មអាមេរិក-ចិន នៅថ្ងៃទី១០ ខែមករា ខណៈលោក Trump និងប្រធានាធិបតីចិន លោក Xi Jinping ដែលទើបបានជួបគ្នានៅកិច្ចប្រជុំកំពូល APEC នៅទីក្រុង Shenzhen កាលពីសប្តាហ៍មុន គ្រោងនឹងជួបគ្នាម្តងទៀតនៅកិច្ចប្រជុំកំពូល G20 នៅសហរដ្ឋអាមេរិក ក្នុងអំឡុងខែធ្នូ។

តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បាននិយាយថា ពន្ធគយទាំងនេះស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចចរចាដែលមានស្រាប់ជាមួយទីក្រុងប៉េកាំង ហើយបានកត់សម្គាល់ថា ទំនិញចិនដែលមានតម្លៃប្រមាណ ៣០ ពាន់លានដុល្លារអាមេរិក នឹងត្រូវបានលើកលែង។

ក្រៅពីនោះគេសង្កេតឃើញថា ប្រទេសជប៉ុនបានហៅសំណើពន្ធគយនេះថា ជារឿងគួរឱ្យសោកស្តាយ និងបានបដិសេធថា ខ្លួនមិនមានគោលនយោបាយមិនមែនទីផ្សារ ឬសមត្ថភាពផលិតលើសចំណុះជារចនាសម្ព័ន្ធនោះឡើយ។ ប្រធានខុទ្ទកាល័យរដ្ឋាភិបាលជប៉ុន លោក Minoru Kihara បានថ្លែងថា ទីក្រុងតូក្យូ ច្រានចោលការចោទប្រកាន់នេះ ខណៈសហរដ្ឋអាមេរិកបានស្នើពន្ធរហូតដល់ ១៥ ភាគរយ កើនឡើងពី ១២,៥ ភាគរយ ដែលអាចឡើងដល់ ២០ ភាគរយ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនយល់ថា ការអនុលោមតាមការប្តេជ្ញាចិត្តពាណិជ្ជកម្មនៅមានកម្រិត។

ចំពោះប្រទេសកូរ៉េខាងត្បូងេនោះវិញ បាននិយាយថា វិស័យផលិតកម្មរបស់ខ្លួនគឺជាផ្នែកមួយដ៏សំខាន់នៃខ្សែច្រវាក់ផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក ហើយបានសន្យាថានឹងបន្តការពិគ្រោះយោបល់បន្ថែមទៀត ដើម្បីការពារផលប្រយោជន៍ជាតិ។ តំណាងពាណិជ្ជកម្មអាមេរិក បានស្នើកម្រិតពន្ធ ១៥ ភាគរយ លើទំនិញកូរ៉េខាងត្បូង ដោយរាប់បញ្ចូលទាំងពន្ធប្រទេសអនុគ្រោះបំផុត (MFN) ដែលមានស្រាប់ ទោះបីជាអត្រានេះអាចឡើងដល់ ២៥ ភាគរយ អាស្រ័យលើកិច្ចពិភាក្សា និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីឆ្នាំមុន ដែលបានកាត់បន្ថយពន្ធពី ២៥ ភាគរយ រួមជាមួយនឹងការប្តេជ្ញាចិត្តវិនិយោគចំនួន ៣៥០ ពាន់លានដុល្លារអាមេរិក។

ចុងក្រោយ ចំពោះរដ្ឋាភិបាលនៃកោះតៃវ៉ាន់ បានបង្ហាញទំនុកចិត្តថា ទីក្រុងវ៉ាស៊ីនតោន នឹងរក្សាអត្រាពន្ធ ១៥ ភាគរយ ដែលបានព្រមព្រៀងគ្នាពីមុន។ ឧបនាយករដ្ឋមន្ត្រី លោកស្រី Cheng Li-chiun ដែលបានដឹកនាំកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បានថ្លែងថា គោលដៅចម្បងរបស់ទីក្រុងវ៉ាស៊ីនតោនគឺដើម្បីកសាងមូលដ្ឋានច្បាប់ឡើងវិញសម្រាប់គោលនយោបាយពន្ធបដិការរបស់ខ្លួន ជាជាងការផ្លាស់ប្តូរកិច្ចព្រមព្រៀងដែលមានស្រាប់ ។ លោកស្រីក៏បានចង្អុលបង្ហាញពីកិច្ចព្រមព្រៀងកាលពីខែមករា និងខែកុម្ភៈ ដែលការពារបន្ទះឈីប (semiconductors) និងការនាំចេញបច្ចេកវិទ្យា ដែលមានចំណែកជាង ៧០ ភាគរយ នៃការនាំចេញរបស់កោះតៃវ៉ាន់ទៅកាន់សហរដ្ឋអាមេរិក រួមជាមួយនឹងការវិនិយោគរោងចក្រនៅអាមេរិករបស់ក្រុមហ៊ុន TSMC ដែលមានតម្លៃ ២៦៥ ពាន់លានដុល្លារ ការប្តេជ្ញាចិត្តវិនិយោគ និងឥណទានចំនួន ២៥០ ពាន់លានដុល្លារ និងគម្រោងឧស្ម័នធម្មជាតិរាវនៅរដ្ឋ Alaska តម្លៃ ៤,៤ ពាន់លានដុល្លារ ដែលកំពុងស្ថិតក្នុងដំណាក់កាលបញ្ចប់នោះផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិនប្រកាសត្រៀមចាត់វិធានការចាំបាច់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនដាក់ចេញអត្រាពន្ធគយថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

ចិនប្រកាសពីសិទ្ធិរបស់ខ្លួនក្នុងការចាត់វិធានការចាំបាច់នានា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់ចេញនូវពន្ធគយថ្មី ដែលអាចធ្វើឱ្យរង្គោះរង្គើដល់កិច្ចព្រមព្រៀងផ្អាកសង្គ្រាមពាណិជ្ជកម្មដ៏ផុយស្រួយរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ

មន្ត្រី ក.ប.ប. ចុះពិនិត្យករណី «សាំងក្រហម» នៅ ៣ រាជធានី-ខេត្ត ព្រមានពិន័យដេប៉ូល្មើសចាប់ពី ៤ ដល់ ១០ លានរៀល

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

ភ្នំពេញ ៖ ក្រោយទទួលបានមតិរិះគន់រឿងសាំងក្រហម ឬសាំងមិនមានគុណភាពគ្រប់គ្រាន់នៅលើបណ្តាញសង្គម មន្ត្រី នាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះពិនិត្យទីតាំងលក់ប្រេងឥន្ធនៈមួយចំនួនក្នុងខេត្តកំពង់ធំ កណ្តាល និងរាជធានីភ្នំពេញ ដោយផ្តោតលើដេប៉ូចែកចាយបន្ត និងអនុវត្តការពិន័យអន្តរការណ៍ចាប់ពី ៤ លាន ដល់ ១០ លានរៀល តាមករណីជាក់ស្តែង។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានប្រជាពលរដ្ឋមួយចំនួនបានបង្ហោះចែករំលែកបទពិសោធន៍របស់ខ្លួននៅលើបណ្តាញសង្គម(facebook)

កម្ពុជា​បំពេញ​គ្រប់​លក្ខខណ្ឌ​ចាកចេញ​ពី ​LDC ​និង​ត្រៀម​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​នៅ​ឆ្នាំ ​​២០២៩

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

កម្ពុជា​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​អន្តរជាតិ​សម្រាប់​ការ​ចាកចេញ​ពី​ចំណាត់ថ្នាក់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​(​LDC​)​ ​រួចរាល់​ហើយ​ ​ខណៈ​រាជ​រដ្ឋាភិបាល​បាន​សម្រេច​ជ្រើសរើស​យក​រយៈពេល​ ៥ ​ឆ្នាំ ​ដើម្បី​ត្រៀមខ្លួន​ចាកចេញ​នៅ​ឆ្នាំ​ ​២០​២៩ ​ក្នុង​គោលដៅ​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ត្រៀម​ទទួល​យក​បរិយាកាស​សេដ្ឋកិច្ច​ថ្មី​

អំបិល​ភ្នំ​ហិម៉ាឡៃ ​អាយុ​កាល​ ៦០០ លាន​ឆ្នាំ​ ​ជីក​នៅ​ប៉ា​គីស្ថាន នាំចេញ​ទៅ​ជាង​ ៨០ ​ប្រទេស​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

អំបិល​ភ្នំ​ហិម៉ាឡៃ ​ដែល​មាន​ពណ៌​ផ្កា​ឈូក​ ​និង​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ខ្ពស់​ជាង​អំបិល​ធម្មតា​រហូតដល់​ ៣០ ​ដង​ ​កំពុង​ក្លាយជា​ផលិតផល​ពាណិជ្ជកម្ម​ដ៏​មាន​តម្លៃ​មួយ​នៅលើ​ទីផ្សារ​អន្តរជាតិ

បណ្តាប្រទេសដែលរងពន្ធគយចុងក្រោយរបស់លោក Trump ប្រតិកម្មឆ្លើយតបភ្លាមៗជាមួយអំណះអំណាងស្រដៀងគ្នា

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

បរទេស ៖ ដៃគូពាណិជ្ជកម្មជាច្រើននៅក្នុងតំបន់អាស៊ី កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ បានបញ្ចេញប្រតិកម្មតវ៉ាចំពោះសំណើដំឡើងពន្ធគយចុងក្រោយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយបដិសេធការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោនដែលថាលើសចំណុះផលិតកម្មឧស្សាហកម្ម ខណៈប្រទេសទាំងនោះកំពុងស្វែងរកកិច្ចចរចាដើម្បីកាត់បន្ថយផលប៉ះពាល់ពីពន្ធដែលអាចនឹងកើតមានឡើង។ ប្រតិកម្មទាំងនេះបានកើតឡើងបន្ទាប់ពីរដ្ឋបាលលោក Trump ស្នើអត្រាពន្ធគយគោលចន្លោះពី ២០ ភាគរយ ទៅ ៤០ ភាគរយ លើដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន

វិស័យសំណង់កម្ពុជានៅតែជាប្រភពចំណូល និងបង្កើតឱកាសការងារដល់ពលរដ្ឋ ទោះបីជួបបញ្ហាប្រឈម

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/11/2026

ទោះបីជា​ស្ថានភាពសំណង់ និងអចលនទ្រព្យ​នៅតែជួបបញ្ហា​ ប៉ុន្តែវិស័យសំណង់​នៅតែបន្តផ្ដល់​ឱកាសងារងារ និងជា​ប្រភពចំណូលសម្រាប់ទ្រទ្រង់ជីវភាព​ពលរដ្ឋ

តម្លៃនៃទំហំពាណិជ្ជកម្មជិត ៣០ពាន់លានដុល្លារ រវាងរុស្ស៊ី និងកាហ្សាក់ស្ថាន ត្រូវបានទូទាត់ជារូបិយប័ណ្ណជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

បរទេស ៖ តម្លៃនៃទំហំពាណិជ្ជកម្មទ្វេភាគីរវាង រុស្ស៊ី និង កាហ្សាក់ស្ថាន ប្រមាណជិត ៣០ពាន់លានដុល្លារ ឬស្មើនឹង ៩៦ភាគរយ ត្រូវបានទូទាត់ជារូបិយប័ណ្ណជាតិនៃប្រទេសរៀងខ្លួន។ នេះបើតាមសេចក្ដីប្រកាសរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងអំឡុងកិច្ចពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev នាពេលកន្លងទៅនេះ។

កសិករ​អូស្ត្រាលី​កែសម្រួល​ប្រតិទិន​បង្កាត់​ពូជ​សត្វ​​ ដើម្បី​ទប់ទល់​នឹង​រលក​កម្ដៅ​មាន​រយៈពេល​យូរ​ជាង​មុន​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

កសិករ​ចិញ្ចឹម​សត្វ​នៅ​តំបន់​ដាច់ស្រយាល​ភាគ​ខាង​លិច​រដ្ឋ​ ​Queensland ​ប្រទេស​អូស្ត្រាលី ​កំពុង​សាកល្បង​កែសម្រួល​ប្រតិទិន​កសិកម្ម​ដែល​បាន​អនុវត្ត​តាម​ប្រពៃណី​ជា​ច្រើន​ជំនាន់ ជាពិសេស​ពេលវេលា​បង្កាត់​ពូជ ​និង​បង្កើត​កូន​របស់​សត្វ​ ​ដើម្បី​ឆ្លើយតប​នឹង​ការ​កើនឡើង​នៃ​សីតុណ្ហភាព​ ​និង​រលក​កម្ដៅ​ដែល​អូសបន្លាយ​យូរ​ជាង​មុន​

កុំទាន់លក់គ្រឿងមាសដែលលោកអ្នកស្រលាញ់! ត្រូវការសាច់ប្រាក់បន្ទាន់ យកមាសដាក់ជាទ្រព្យធានានៅ អិលអូអិលស៊ី ទទួលបានសាច់ប្រាក់រហ័សយកទៅប្រើប្រាស់ តាមរយៈឥណទានមាសកើនទ្រព្យ អិលអូអិលស៊ី!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/11/2026

ភ្នំពេញ ៖ គ្រឿងមាសជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលប្រជាជនកម្ពុជាជាច្រើននិយមរក្សាទុក មិនថាសម្រាប់ពាក់លម្អខ្លួន ជាទ្រព្យសន្សំ ឬទុកជាទ្រព្យបម្រុងសម្រាប់អនាគតនោះទេ។ ប៉ុន្តែនៅពេលមានតម្រូវការហិរញ្ញវត្ថុកើតឡើង ដូចជាការចំណាយបន្ទាន់ក្នុងគ្រួសារ ការពង្រីកអាជីវកម្ម ឬតម្រូវការបង្វិលដើមទុនជាដើម ការលក់គ្រឿងមាសអាចជាជម្រើសដែលមនុស្សជាច្រើនគិតដល់មុនគេ។ ដើម្បីផ្តល់ជាជម្រើសហិរញ្ញវត្ថុដែលមានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព អិលអូអិលស៊ី បានផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុតាមរយៈ «ឥណទានមាសកើនទ្រព្យ» ដែលអនុញ្ញាតឱ្យអតិថិជនទទួលបានសាច់ប្រាក់យកទៅប្រើប្រាស់តាមតម្រូវការ ដោយមិនចាំបាច់លក់គ្រឿងមាសរបស់ពួកគាត់។ តាមរយៈ