ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានធ្វើអន្តរាគមន៍ស្របយកប្រាក់រៀលពីទីផ្សារជាបន្តបន្ទាប់ដែលគិតជាទឹកប្រាក់ប្រមាណជាង ៥០០ លានដុល្លារអាមេរិក ដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់រៀល រួមចំណែកការពារអំណាចទិញរបស់ប្រជាជន។ នេះបើយោងតាមរបាយការណ៍ស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២១ និងទស្សនវិស័យឆ្នាំ២០២២។

ធនាគារជាតិនៃកម្ពុជា ឬធនាគារកណ្តាលបានឱ្យដឹងថា ការបង្កើនចំណាយសាធារណៈគួបផ្សំនឹងការថយចុះតម្រូវការប្រាក់រៀលបានដាក់សម្ពាធលើប្រាក់រៀលឱ្យថយថ្លៃ ជាពិសេសក្នុងបរិការណ៍ដែលកម្ពុជាមានកម្រិតដុល្លារូបនីយកម្មខ្ពស់។
ធនាគារកណ្តាលបានបញ្ជាក់ដូច្នេះថា ដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់រៀលដែលរួមចំណែកការពារអំណាចទិញរបស់ប្រជាជន ធនាគារជាតិនៃកម្ពុជា បានធ្វើអន្តរាគមន៍ស្របយកប្រាក់រៀលពីទីផ្សារជាបន្តបន្ទាប់ប្រមាណជាង ៥០០ លានដុល្លារអាមេរិក និងបានរក្សាអត្រាប្តូរប្រាក់ទីផ្សារឱ្យមានស្ថិរភាពក្នុងរង្វង់ ៤ ០៩៩ រៀលក្នុងមួយដុល្លារអាមេរិក ដោយបានថយថ្លៃប្រមាណ ១ភាគរយ ធៀបនឹងឆ្នាំ២០១៩។

ស្ថិរភាពអត្រាប្តូរប្រាក់ និងការគ្រប់គ្រងបរិមាណ សាច់ប្រាក់ក្នុងសេដ្ឋកិច្ចសមស្រប បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពថ្លៃ ដោយអត្រាអតិផរណាមានកម្រិតទាប ២,៩ភាគរយ។ អតិផរណានៅឆ្នាំ២០២១ រួមចំណែកដោយការងើបឡើងវិញនៃថ្លៃទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ខណៈដែលថ្លៃម្ហូបអាហារ និងអតិផរណាស្នូលបានថយល្បឿនមកវិញ។
កាលពីឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានប្រកាសដាក់ចេញឱ្យមានការដេញថ្លៃប្រាក់ដុល្លារអាមេរិកជាបន្តបន្ទាប់ ដើម្បីរក្សាស្ថិរភាពដល់អត្រាប្តូរប្រាក់រៀលនៅលើទីផ្សារ និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្លាប់ថ្លែងប្រាប់ថា ការបញ្ចេញសាច់ប្រាក់ដុល្លាររបស់ធនាគារកណ្តាលតាមរយៈការដាក់ឱ្យមានការដេញថ្លៃមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់អត្រានៃការប្តូរប្រាក់ក្នុងវិស័យឯកជន និងទប់ទល់ប្រាក់រៀលកុំឱ្យមានការធ្លាក់ចុះ។
លោកបណ្ឌិត ហុង វណ្ណៈ នេះគឺជាវិធានការមួយរបស់ធនាគារជាតិ ក្នុងការទប់ប្រាក់រៀលឱ្យស្ថិតក្នុងអត្រាមួយសមស្រប។ ឧទាហរណ៍ រក្សាតម្លៃប្រាក់រៀល ៤ ០៦៥ ស្មើនឹងមួយដុល្លារ ឬរក្សាតម្លៃប្រាក់រៀលនៅថេរក្នុងរង្វង់ ៤ ០៥០ ដល់ ៤ ១០០ ដើម្បីទប់ស្កាត់ និងផ្លាស់ប្តូរនឹងប្រាក់រៀល។
លោកបណ្ឌិតបានថ្លែងដូច្នេះថា ៖
“បើសិនជាមិនបញ្ចេញប្រាក់ដុល្លារក្នុងអត្រានេះទេ ផ្នែកឯកជនមួយចំនួន ឬឈ្មួញមួយចំនួនអាចឆ្លៀតឱកាសក្នុងតម្លើងថ្លៃដុល្លារ។ យើងដឹងហើយថា ក្នុងកាលៈទេសៈប្រទេសកំពុងជួបនឹងវិបត្តិ ដូចជាជំងឺកូវីដ ឬក៏មានប្រធានស័ក្តិណាមួយ ឈ្មួញឆ្លៀតឱកាសមួយចំនួន បញ្ចេញ ឬប្រមូលដុល្លារ ដើម្បីប្រើប្រាស់ក្នុងគោលដៅណាមួយ ដើម្បីទាញយកផលចំណេញពីការឡើងថ្លៃប្រាក់ដុល្លារ។ ម៉្យាងទៀត ការដាក់ឱ្យមានការដេញថ្លៃប្រាក់ដុល្លារនេះ អាចនៅក្នុងតម្រូវការនៃការទិញទំនិញពីបរទេសច្រើន គឺយើងត្រូវប្រមូលប្រាក់ដុល្លារ ដើម្បីយកទូទាត់ក្នុងការធ្វើពាណិជ្ជកម្ម”
លោកបានថ្លែងថា ៖
“នៅពេលមានការនាំចូលច្រើន ហើយការទូទាត់ជាប្រាក់ដុល្លារ ដែលធ្វើឱ្យមានតម្រូវការប្រាក់ដុល្លារកើនឡើង ប្រាក់រៀលនឹងមានការធ្លាក់ចុះ ដូច្នេះហើយធនាគារជាតិមានតួនាទីក្នុងការទប់ទល់ប្រាក់រៀលកុំឱ្យមានការធ្លាក់ចុះ តាមរយៈការដាក់ឱ្យមានការដេញថ្លៃប្រាក់ដុល្លារ និងជំរុញចរាចរណ៍ប្រាក់រៀលឱ្យបានកាន់តែច្រើននៅក្នុងទីផ្សារ”
គួររំលេចផងដែរថា ការប្រើប្រាស់ប្រាក់រៀលគឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះប្រាក់រៀលបានជួយលើកស្ទួយអត្តសញ្ញាណជាតិ។ ប្រាក់រៀលកសាងជំនឿទុកចិត្ត ជំរុញសាមគ្គីភាព និងបណ្តុះការបង្រួបបង្រួម និងស្មារតីជាតិនិយមនៅក្នុងប្រទេស ។ ក្នុងន័យសេដ្ឋកិច្ច ចរាចរប្រាក់រៀលកាន់តែច្រើននឹងជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ។ ធនាគារជាតិនៃកម្ពុជានឹងមានលទ្ធភាពកាន់តែច្រើនក្នុងការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ដោយសារការផ្គត់ផ្គង់រូបិយវត្ថុមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងផលិតកម្ម និងអត្រាអ្នកមានការងារ។ ការពឹងផ្អែកលើការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកបណ្តាលឲ្យកម្ពុជាងាយទទួលរងការប៉ះទង្គិចពីសេដ្ឋកិច្ចសហរដ្ឋអាមេរិក។ ប្រសិនបើប្រាក់រៀលជារូបិយវត្ថុចម្បង ធនាគារកណ្តាលអាចដើរតួនាទីជាអ្នកឱ្យខ្ចីចុងក្រោយ។ ម្យ៉ាងវិញទៀត ការប្រើប្រាស់ប្រាក់រៀល ក៏នឹងជួយឲ្យរដ្ឋាភិបាលទទួលបានប្រាក់ចំណេញក្នុងការបោះផ្សាយរូបិយវត្ថុ ។ លើសពីនេះ ប្រសិនបើប្រាក់រៀលតែមួយមុខត្រូវបានប្រើប្រាស់ក្នុងទីផ្សារ នោះតម្លៃប្រតិបត្តិការក្នុងការប្តូរប្រាក់នឹងត្រូវបានកាត់បន្ថយ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content