ភ្នំពេញ ៖ ផ្លូវជាតិលេខ៤ គឺជាផ្លូវដ៏សំខាន់មួយសម្រាប់បម្រើដល់វិស័យដឹកជញ្ជូនដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់តំបន់ពាណិជ្ជកម្មនៃខេត្តព្រះសីហនុដោយរត់កាត់ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ដូច្នេះហើយ បើទោះបីជាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដាក់ដំណើរការក៏ដោយក៏ផ្លូវជាតិលេខ៤ នៅតែមានសារសំខាន់ដដែលសម្រាប់ចរាចរណ៍ ។
បើយើងក្រលេកទៅមើលពេលដែលផ្លូវល្បឿនលឿនទើបនឹងដាក់ដំណើរការឃើញថា សកម្មភាពចរាចរណ៍នៅលើផ្លូវជាតិលេខ៤ហាក់មានភាពស្ងប់ស្ងាត់បន្តិច ដោយសារផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាផ្លូវល្បឿនលឿនដំបូងរបស់កម្ពុជា ដូច្នេះពលរដ្ឋក៏ចង់សាកបើកបរលើផ្លូវល្បឿនលឿនគ្រប់ៗគ្នា ហើយក៏ធ្វើឱ្យអាជីវកម្មនៅតាមបណ្ដោយផ្លូវជាតិលេខ៤រងផលប៉ះពាល់បាត់បង់ភ្ញៀវមួយចំនួន ខណៈពេលដែលការជួសជុល លើកកម្ពស់ផ្លូវមួយខ្សែក៏កំពុងដំណើរការ។
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានដាក់ការរំពឹងថា នៅពេលផ្លូវជាតិលេខ៤ជួសជុលរួចរាល់ នឹងអាចធ្វើឱ្យចរាចរណ៍នៅតាមបណ្ដោយផ្លូវមួយខ្សែនេះមានសកម្មភាពមមាញឹកឡើងវិញ ដោយក្នុងនោះដែរសកម្មភាពនៃការវិនិយោគដីធ្លីក៏ដូចជាអចលនទ្រព្យនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក៏ត្រូវបានរំពឹងដែរថានៅតែមានតម្រូវការនិងការវិនិយោគដដែល ។

លោក ឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនឡាក់គី បានលើកឡើងថា តាមពិតទៅ សក្ដានុពលនៃផ្លូវល្បឿនលឿនមានតែពីរទេ គឺនៅដើមផ្លូវ និងចុងផ្លូវ ជាក់ស្ដែងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺមានសក្ដានុពលខ្ពស់តែនៅរាជធានីភ្នំពេញ និងនៅក្រុងព្រះសីហនុទេ ដោយសារតែផ្លូវល្បឿនលឿនមិនមានការបើករបងឱ្យឈប់តាមផ្លូវ ឬអាចប្រកបអាជីវកម្មនៅតាមបណ្ដោយផ្លូវនោះបានទេ ដូច្នេះការវិនិយោគនៅតាមបណ្ដោយផ្លូវល្បឿនលឿនវាមិនអាចកើតឡើងមានដែរ វាមិនដូចផ្លូវជាតិនោះទេ ។
លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance បានឱ្យដឹងដែរថា សក្ដានុពលផ្លូវជាតិលេខ៤នឹងកាន់តែប្រសើរនៅពេលផ្លូវនេះបានស្ថាបនាជួសជុលលើកកម្រិតគុណភាពរួចរាល់ ពីព្រោះថាផ្លូវនេះវាជាផ្លូវដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋនៅតាមដងផ្លូវ និងក្នុងតំបន់។ នៅតាមបណ្ដោយផ្លូវនេះនឹងអាចទាក់ទាញការវិនិយោគលើឧស្សាហកម្មរោងចក្រ សហគ្រាស ក៏ដូចជាលំនៅឋានផងដែរ ។
លោកបន្តថា នៅពេលគម្រោងជួសជុលផ្លូវនេះរួចរាល់ តម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវជាតិលេខ៤ នឹងរំពឹងថាអាចកើនឡើងមួយកម្រិតទៀត ស្របនឹងតម្រូវការនៃការប្រើប្រាស់ដីធ្លីនៅតាមបណ្ដោយផ្លូវមួយនេះក៏នឹងកាន់តែមានកំណើន ។
បើតាមការកត់សម្គាល់ កំណាត់ផ្លូវជាតិលេខ៤ ពីរង្វង់មូលចោមចៅ ដល់ផ្លូវបំបែកចំណុចផ្សារថ្នល់ទទឹងព្រំប្រទល់ខេត្តកណ្ដាល និងកំពង់ស្ពឺ ឃើញថានៅតែមានចរាចរណ៍មមាញឹកដដែល ទោះបីជាផ្លូវល្បឿនលឿនដាក់ដំណើរការក៏ដោយ ពីព្រោះតែកំណាត់ផ្លូវនេះជាតំបន់ឧស្សាហកម្ម និងមានរថយន្តតូចធំត្រូវដឹកទំនិញចេញ-ចូលទីតាំងរោងចក្រ សហគ្រាស ហើយតំបន់នេះក៏សម្បូរទៅដោយបណ្ដុំលំនៅឋាន និងបុរីនានាផងដែរ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content