បច្ចុប្បន្ន បញ្ហាទឹកជំនន់បាន និងកំពុងបង្កផលប៉ះពាល់ដល់ជីវភាព និងការប្រកបរបរកសិកម្មរបស់ប្រជាកសិករ ប៉ុន្តែតែទោះយ៉ាងនេះក្តី ក្នុងគោលបំណងដើម្បីជួយចូលរួមដោះស្រាយបញ្ហាហិរញ្ញវត្ថុជូនប្រជាកសិករដែលរងប៉ះពាល់ក្រោយទឹកជំនន់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានលើកទឹកចិត្តដល់ប្រជាកសិករ អាចមកស្នើឥណទានបន្ថែមដើម្បីស្តារអាជីវកម្មឡើងវិញ។

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបានចុះត្រួតពិនិត្យការប្រើប្រាស់ឥណទាន និងសំណេះសំណាលជាមួយបងប្អូនចិញ្ចឹមទាយកពង និងបង្កងអូស្ត្រាលី នៅក្នុងភូមិសាស្ត្រ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់។
តាមការឱ្យដឹងត្រួសៗពីសំណាក់ពីពលរដ្ឋ ការចញ្ចឹមទាយកពងកំពុងជួបបញ្ហាប្រឈមដោយសារទឹកជំនន់ និងស្របពេលបរិមាណស៊ុតទានឹងថយចុះ។ ដោយឡែកបញ្ហាប្រឈមមួយទៀត គឺការស្វែងរកទីទួលសម្រាប់ទា។ មួយវិញទៀត អ្វីដែលជាក្តីបារម្ភរបស់បងប្អូនសហគមន៍ចិញ្ចឹមទា គឺបញ្ហាចំណីទាពងឡើងថ្លៃ ដែលនាំឱ្យការចំណេញមានការថយចុះ។

យកឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់បងប្អូន ធ្វើការគិតគូរគ្នាចងក្រងគ្នាជាបណ្តុំអ្នកចិញ្ចឹមទា ឬជាសហគមន៍ ដើម្បីពិនិត្យលទ្ធភាពកាត់ស្តុកចំណីទាពងចេញពីរោងចក្រផ្ទាល់តែម្តងដោយប្រើប្រាស់កញ្ចប់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ការណ៍នេះ ដើម្បីទទួលបានតម្លៃសមរម្យ និងធូរថ្លៃជាងទិញចំណីពីដេប៉ូ និងជួយកាត់បន្ថយថ្លៃដើមផលិតបានមួយកម្រិត។
បន្ទាប់ពីទឹកស្រកវិញ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់បងប្អូនសហគមន៍ អាចទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បាន ក្នុងករណីដែលបងប្អូនមានតម្រូវការឥណទានបន្ថែមដើម្បីស្តារអាជីវកម្មឡើងវិញ។
នៅថ្ងៃដដែលនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានចុះសួរសុខទុក្ខអតិថិជនចំនួន៣៥ គ្រួសារ និងជាសមាជិកសហគមន៍កសិកម្ម តាសី សាមគ្គី ដែលកំពុងទទួលរងគ្រោះមហន្តរាយដោយសារទឹកជំនន់បានបំផ្លាញផលដំណាំស្រូវ និងបន្លែផ្សេងៗដែលជិតទទួលផល និងកំពុងប្រមូលផលនៅស្រុកថ្មគោល ខេត្តបាត់ដំបង។
ជាមួយគ្នានេះ ស្រូវរបស់បងប្អូន បានត្រូវជន់លិច និងបំផ្លាញទាំងស្រុង ហើយចំការបន្លែរបស់បងប្អូនក្នុងសហគមន៍ មួយចំនួនក៏ត្រូវលិចលង់ផងដែរ។ បងប្អូនបានធ្វើសំណូមពរមកកាន់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ស្នើសុំពិនិត្យលទ្ធភាពដើម្បីកែសម្រួលរបៀបទូទាត់សងប្រាក់ដើម និងការប្រាក់ និងស្នើសុំកម្ចីបន្ថែម ដើម្បីយកទៅដាំដុះសារឡើងវិញបន្ទាប់ពីទឹកស្រកវិញ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតបានអនុញ្ញាតឱ្យមន្ត្រីជំនាញរបស់ធនាគារ ធ្វើការសិក្សាឥណទានឡើងវិញ តាមការស្នើសុំជាក់ស្តែងរបស់បងប្អូន។ ជាការរួមចំណែកដោះស្រាយបញ្ហារបស់បងប្អូនសហគម, ឯកឧត្តមបណ្ឌិត បានធ្វើការចែកជូននូវអង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនផងដែរ។
សូមបញ្ញាក់ផងដែរថា សម្រាប់មូលនិធិចំនួន៥០លានដុល្លារ ក្នុងដំណាក់ទី២ របស់រាជរដ្ឋាភិបាលផ្តល់ជូនធនាគារ ARDB សម្រាប់ឆ្នាំ២០២២នេះ ត្រូវបាន ARDB ចាប់ផ្តើមផ្តល់ឥណទានដល់សហគ្រាស សិប្បកម្ម និងអ្នកកែច្នៃ តាំងពីខែកុម្ភៈឆ្នាំ២០២២ ក្នុងអត្រាការប្រាក់ទាប៥% សម្រាប់ទុនបង្វិល និង ៥.៥%សម្រាប់ទុនវិនិយោគ។
មូលនិធិចំនួន៥០លានដុល្លារ ត្រូវបានបែងចែកទៅតាមគោលដៅសំខាន់ៗ ដោយក្នុងនោះ ១០លានដុល្លារសម្រាប់ផ្តល់ ទៅលើវិស័យស្រូវអង្ករ ២០លានដុល្លារ ជាហិរញ្ញប្បទានដែល ARDB ផ្តល់ឱ្យអតិថិជនដោយផ្ទាល់ និង២០លានដុល្លារទៀត សម្រាប់ធ្វើកិច្ចសហហិរញ្ញប្បទានជាមួយធនាគារឯកជន ដែលបានជ្រើសរើស គឺធនាគារ អេស៊ីលីដា។
កាលឆ្នាំ២០២០កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ហិរញ្ញប្បទានពិសេសដល់ធនាគារ ARDB ចំនួន៥០លានដុល្លារ សម្រាប់ផ្តល់ឥណទានលើការចិញ្ចឹមសត្វ ការដាំដុះបន្លែ ផ្លែឈើ ការធ្វើវារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្មជាដើម៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content