ភ្នំពេញ៖ កម្ពុជា និងម៉ាឡេស៊ី បានព្រមព្រៀងគ្នាជាគោលការណ៍ក្នុងការបើកផ្លូវដល់វិនិយោគិនម៉ាឡេស៊ីដែលចង់មកវិនិយោគលើដំណាំស្វាយ ម្នាស់ និងអំពៅ នៅកម្ពុជា។ ការឯកភាពគ្នានេះ ធ្វើឡើងនៅក្នុងជំនួបរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹង ឯកឧត្តម Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២ ខែតុលាកន្លងទៅ។

នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ដ្រីបានលើកឡើងពីកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យកសិកម្មរវាងប្រទេសទាំងពីរ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលបានចុះហត្ថលេខាតាំងពីឆ្នាំ២០១៦មក។ ទាក់ទងនឹង MOU នេះដែរ ឯកឧត្តម Datuk Eldeen Husaini Mohd Hashim បានបង្ហាញពីបំណងក្នុងការជំរុញការអនុវត្ត MOU នេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីផ្ដល់ជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។
នៅក្នុងពាណិជ្ជកម្មកសិកម្មឯណោះវិញ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសម្ដែងការស្វាគមន៍ចំពោះភាគីម៉ាឡេស៊ី ដែលចង់បញ្ជាទិញអង្ករពីកម្ពុជា ជាពិសេសប្រភេទអង្ករស និងប្រភេទអង្ករក្រអូប។

ចំពោះគោលបំណងចង់វិនិយោគលើដំណាំស្វាយ ម្នាស់ និងអំពៅនេះ ឯកឧត្តមរដ្ឋមន្ដ្រីលើកទឹកចិត្តដល់វិនិយោគិនម៉ាឡេស៊ី បាញ់ឆ្ពោះទៅកាន់ខ្សែច្រវាក់ផលិតកម្ម និងការនាំចេញ។ ចំណែកកសិផលសម្រាប់នាំចេញ អ្នកវិនិយោគអាចពិចារណាលើការធ្វើកិច្ចសន្យាកសិកម្មជាមួយកសិករខ្មែរ ដើម្បីឱ្យកសិករខ្មែរដាំដុះដំណាំស្របទៅតាមតម្រូវការទីផ្សាររបស់ប្រទេសម៉ាឡេស៊ី៕ ដោយ ៖ ញ៉ែម សុផល




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content