បរទេស ៖ យោងតាមប្រភព័ត៌មានពី CNN បានរាយការណ៍ថា រដ្ឋាភិបាលអ៊ីតាលីបានប្រកាសជាផ្លូវការនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការចាកចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដ៏ធំរបស់ប្រទេសចិន។
កាលពីថ្ងៃពុធកន្លងទៅនេះ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសរបស់អ៊ីតាលី លោក Antonio Tajani បានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយថា កិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសកលដែលដឹកនាំដោយប្រទេសចិនគឺលែងជាអាទិភាពសម្រាប់ប្រទេសអ៊ីតាលីទៀតហើយដោយបន្ថែមថាប្រទេសដែលមិនបានចូលរួមក្នុងគំនិតផ្តួចផ្តើមមានលទ្ធផលល្អប្រសើរជាង។
កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Giorgia Meloni នាយករដ្ឋមន្ត្រីអ៊ីតាលីបានបញ្ជាក់ពីការផ្លាស់ប្តូរដែលរំពឹងទុកយ៉ាងទូលំទូលាយ ដែលជាការសន្យាក្នុងយុទ្ធនាការមួយអំឡុងពេលលោកស្រីកាន់តំណែងកាលពីឆ្នាំមុនចំពេលមានការត្អូញត្អែរថាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយចិនទទួលបានអត្ថប្រយោជន៍តិចតួចដល់សេដ្ឋកិច្ចអ៊ីតាលី។
លោកស្រីបានបន្ថែមថា ទីក្រុងរ៉ូមនៅតែអាចរក្សាទំនាក់ទំនងល្អខាងផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយទីក្រុងប៉េកាំងនៅខាងក្រៅកិច្ចព្រមព្រៀង។
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ មន្ត្រីកំពូលរបស់អ៊ីតាលី រួមទាំងនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni បានបញ្ជេញគំនិតនេះជាច្រើនដង។ នៅឆ្នាំ២០១៩ អ៊ីតាលីបានចុះហត្ថលេខាលើផែនការរបស់ចិន ដែលបានក្លាយជាប្រទេសលោកខាងលិចដំបូងគេដែលធ្វើដូច្នេះ។ នៅក្រោមកិច្ចព្រមព្រៀងនេះ របាំងពាណិជ្ជកម្មរវាងចិន និងអ៊ីតាលីត្រូវបានកាត់បន្ថយ ខណៈដែលទីក្រុងប៉េកាំងបានសន្យាថានឹងវិនិយោគលើកំពង់ផែអ៊ីតាលី និងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក។
មិនត្រឹមតែប៉ុណ្ណោះ សេចក្តីប្រកាសរបស់ទីក្រុងរ៉ូមកើតឡើងនៅពេលដែលប្រទេសអ៊ីតាលី ដូចជាបណ្តាប្រទេស EU ជាច្រើនកំពុងព្យាយាមធ្វើឱ្យមានតុល្យភាពរវាងការចង់ចូលរួមជាមួយប្រទេសចិនលើផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ខណៈដែលរក្សាទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន។ គំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្មពិភពលោក BRI របស់ចិន ត្រូវបានបង្កើតឡើងដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពង្រីកឥទ្ធិពលនៃសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។ ចាប់តាំងពីវាត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ វាបានទាក់ទាញការវិនិយោគប្រមាណ ១ ទ្រីលានដុល្លារ។
កាលពីដើមឆ្នាំនេះ លោកស្រី Meloni និយាយថា ការចូលរួមរបស់អ៊ីតាលីនៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ គឺជាភាពផ្ទុយគ្នា ដោយមើលឃើញថា ខ្លួនគឺជាសមាជិកតែមួយគត់នៃ G7 ដែលបានចូលរួមក្នុងកតិកាសញ្ញាដែលដឹកនាំដោយចិន។ ទន្ទឹមនឹងនេះ អ៊ីតាលីកំពុងសម្រេចថាតើត្រូវបន្តសមាជិកភាពរបស់ខ្លួននៅខែធ្នូឆ្នាំនេះឬអត់?
គួរឲ្យបញ្ជាក់ដែរថា ការសម្រេចចិត្តរបស់អ៊ីតាលីក្នុងការចូលរួមក្នុងកិច្ចព្រមព្រៀងនៅឆ្នាំ២០១៩ ត្រូវបានគេមើលឃើញថាជាការឈ្នះបែបការទូតមួយសម្រាប់ទីក្រុងប៉េកាំង ខណៈដែលទទួលបានការរិះគន់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប្រ៊ូសែល។ កាលពីឆ្នាំមុន ចិនបាននាំចូលទំនិញអ៊ីតាលីក្នុងទំហំ ២៦,៩ ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយការនាំចេញរបស់ចិនទៅកាន់អ៊ីតាលីបានកើនឡើងដល់ ៥០,៥ ពាន់លានដុល្លារដែលកើនពី ៣៣,៥ ពាន់លានដុល្លារនៅឆ្នាំ២០១៩៕