ភ្នំពេញ៖ វិស័យមូលបត្របាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈការបង្កើននូវប្រសិទ្ធភាពនៃការកៀរគរ និងបែងចែកមូលធនពីភ្នាក់ងារសេដ្ឋកិច្ចដែលមាន សមត្ថភាពហិរញ្ញប្បទានទៅភ្នាក់ងារសេដ្ឋកិច្ចដែលមានតម្រូវការហិរញ្ញប្បទាន និងការលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយបរិយាបន្ន និរន្តរភាព និងនវានុវត្តន៍។
បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ បានបង្ហាញកាន់តែច្បាស់ពីតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់វិស័យមូលបត្រនៅកម្ពុជា ដោយហេតុថាស្របពេលដែលសហគ្រាស អាជីវកម្មនៅកម្ពុជាប្រឈមនឹងបញ្ហានៃការកៀរគរមូលនិធិដើម្បីពង្រីកអាជីវកម្មទីផ្សារមូលបត្រគឺជាប្រភពទុនដ៏សំខាន់មួយដោយមិនចាំបាច់ត្រូវតែមានវត្ថុបញ្ចាំនោះទេ។
សម្រាប់ទីផ្សារមូលបត្រកម្ពុជា (ន.ម.ក) ដោយរាប់បញ្ចូលទាំងការបោះផ្សាយសញ្ញាបណ្ណបៃតងដែលស្របតាមស្ដង់ដាអាស៊ាន ការជួញដូរ នៅក្នុងទីផ្សារមូលបត្រ ការដាក់ចេញនូវក្របខណ្ឌគោលនយោបាយ និងបទប្បញ្ញត្តិថ្មីៗ និង ន.ម.ក. ក៏ជាប្រធានប្តូរវេននៃវេទិកា ទីផ្សារមូលធនអាស៊ាន ដែលមានសមាជិកជានិយ័តករមូលបត្រនៃប្រទេសអាស៊ានទាំងអស់ ហើយដែលក្នុងនាមជាប្រធាន ន.ម.ក.ក៏សម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់វេទិកានេះ ហើយដែលផ្ដល់ផលប្រយោជន៍ដល់សមាជិកទាំងអស់។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃនិយ័តករកម្ពុជាបានថ្លែងនៅរបាយការណ៍សមិទ្ធផលឆ្នាំ២០២២ថាក្នុងឆ្នាំ២០២២ និយ័តករមូលប័ត្រកម្ពុជា(ន.ម.ក.) បានផ្តល់ការអនុញ្ញាតដល់ក្រុមហ៊ុនចំនួន ៣ ដើម្បីបោះផ្សាយលក់មូលបត្រ និងចុះបញ្ជីលក់មូលបត្រនៅផ្សារមូលបត្រកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនចំនួន ១ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅទីផ្សារកំណើន និងក្រុមហ៊ុនចំនួន ២ បានបោះផ្សាយលក់សញ្ញាបណ្ណ ដែលក្នុងនោះក្រុមហ៊ុនចំនួន ១ បានបោះផ្សាយលក់សញ្ញាបណ្ណបៃតង ស្របតាមស្តង់ដាសញ្ញាបណ្ណបៃតងអាស៊ាន ហើយដែលព័ត៌មានអំពីសញ្ញាបណ្ណបៃតងនេះ ក៏ត្រូវបានដាក់បញ្ចូលនៅក្នុងគេហទំព័ររបស់វេទិកាទីផ្សារមូលធនអាស៊ានផងដែរ។
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ន.ម.ក. បានផ្ដល់ការអនុញ្ញាតដល់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រចំនួន ១៨ ក្រុមហ៊ុន ដែលក្នុងនោះក្រុមហ៊ុនចំនួន ៩ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ( ក្រុមហ៊ុនចំនួន ៧.បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅទីផ្សារគោល និងក្រុមហ៊ុនចំនួន ២ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅទីផ្សារ កំណើន) និងក្រុមហ៊ុនចំនួន ៩បានបោះផ្សាយលក់មូលបត្របំណុល ដែលក្រុមហ៊ុនទាំង ១៨ នេះបានប្រមូលសាច់ប្រាក់សរុប ចំនួន ១.២៦៦, ៣០៣ ប៊ីលានរៀល (ប្រមាណជា ៣១៦,៥៧ លានដុល្លារអាមេរិក) និងមានមូលធនូបនីយកម្មទីផ្សារធៀបនឹង ផលិតផលក្នុងស្រុកសរុបចំនួន ៦,៧៦%។
ទន្ទឹមនឹងនេះ គិតត្រឹមឆ្នាំ២០២២ នេះផងដែរ ន.ម.ក. បានផ្ដល់អាជ្ញាបណ្ណដល់ ក្រុមហ៊ុនធ្វើអាជីវកម្មមូលបត្រចំនួន ១៩ ក្រុមហ៊ុន ក្រុមហ៊ុនធ្វើអាជីវកម្មឧបករណ៍និស្សន្ទុះចំនួន ២៧ ក្រុមហ៊ុន និងក្រុមហ៊ុនធ្វើ អាជីវកម្មគម្រោងវិនិយោគរួមចំនួន ២៩ ក្រុមហ៊ុនបានផ្ដល់ការអនុញ្ញាត ការទទួលស្គាល់ដល់ក្រុមហ៊ុនផ្តល់សេវាក្នុងវិស័យ មូលបត្រចំនួន ២៧. ក្រុមហ៊ុនបានផ្ដល់លេខអត្តសញ្ញាណវិនិយោគិនចំនួន ៣៥.៩៦៨ និងបានផ្តល់ការបណ្ដុះបណ្ដាលដល់ សាធារណជន វិនិយោគិនសក្តានុពល ក្រុមហ៊ុនបោះផ្សាយក្រុមហ៊ុនបោះផ្សាយសក្តានុពលសរុបចំនួន ១៥.៦៥២ នាក់។ ដើម្បីពង្រឹងនូវសណ្តាប់ធ្នាប់ ទំនុកចិត្ត និងវិជ្ជាជីវះជំនាញក្នុងទីផ្សារ ន.ម.ក.បានរៀបចំវគ្គបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំ វិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រចំនួន ២៣ លើក ដែលមានអ្នកចូលរួមសរុបចំនួន ២.១៨៩ នាក់។

ព្រមជាមួយនឹងសមិទ្ធផលទាំងនេះ ក្នុងនាមជាប្រធានវេទិកាទីផ្សារមូលធនអាស៊ានឆ្នាំ២០២២ ន.ម.ក. បានកំណត់បេសកកម្មអាទិភាពចំនួន៣ រួមមាន ការងើបឡើងវិញ បរិយាបន្ន និងភាពធន់ ដើម្បីសម្រេចនូវផែនការសកម្មភាពវេទិកាទីផ្សារ មូលធនអាស៊ានឆ្នាំ២០២១-២០២៥ និងផែនទីបង្ហាញផ្លូវសម្រាប់ទីផ្សារមូលធននិរន្តរភាពអាស៊ាន។ ក្រោមកិច្ចខិតខំ ប្រឹងប្រែងក្នុងភាពជាប្រធាន ន.ម.ក. បានសម្រេចនូវសមិទ្ធផលសំខាន់ៗ ដោយបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ៖ ស្តង់ដាសញ្ញាបណ្ណ ផ្សារភ្ជាប់និរន្តរភាពអាស៊ាន ស្តង់ដាមូលនិធិទំនួលខុសត្រូវនិងនិរន្តរភាពអាស៊ាន ឃ្លាំងឌីជីថលនៃគម្រោងវិនិយោគរួមអាស៊ាននិង៤កញ្ចប់ក្របខណ្ឌបទប្បញ្ញត្តិសម្រាប់សញ្ញាបណ្ណគោលដៅនិរន្តរភាពនៅក្នុងអាស៊ាន ព្រមទាំងការរៀបចំនូវសន្និសីទអន្តរជាតិដែលមានអ្នកចូលរួមដោយផ្ទាល់ និងតាមអនឡាញមកពីតំបន់ផ្សេងៗទូទាំងសាកលលោក។
លោក ស៊ូ សុជាតិ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួម នៅក្នុងការជំរុញការអភិវឌ្ឍ វិស័យមូលបត្រនៅកម្ពុជា និងសូមអំពាវនាវដល់ស្ថាប័ន និងតួអង្គពាក់ព័ន្ធទាំងអស់បន្តចូលរួមក្នុងកិច្ចអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជាដែលជាគុណប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជារួម។ របាយការណ៍សមិទ្ធផលនេះ គឺជារបាយការណ៍បង្ហាញនូវសមិទ្ធផលធំៗដែល ន.ម.ក. សម្រេចបានជារួម ស្របតាមទិសដៅការងារដែល ន.ម.ក. បានដាក់ចេញដើម្បីអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជាព្រមទាំងសេដ្ឋកិច្ចជាតិរបស់យើង៕




វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content