ភ្នំពេញ៖ ក្រុមហ៊ុនចំនួន៣ ដែលមានទុនវិនិយោគសរុបចំនួន ១៣លានដុល្លារអាម៉េរិក បានទទួលការអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា វិនិយោគលើរោងចក្រផលិតស្រោមជើង រោងចក្រផលិតគ្រឿងសង្ហារិមក្រៅផ្ទះ និងរោងចក្រផ្គុំដំឡើងគ្រឿងបន្លាស់រថយន្ត ។ គម្រោងវិនិយោគដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ ស្វាយរៀង និងបន្ទាយមានជ័យ ទាំងនេះអាចបង្កើតការងារជូនប្រជាជនជាង២០០០នាក់។
យោងតាមសេចក្តីប្រកាសពត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាថ្ងៃទី៩ ខែតុលាបានឱ្យដឹងថា ៖ ក្រុមហ៊ុនJUHAI BAOSHUN (CAMBODIA) CO., LTD.មាន គម្រោងបង្កើតរោងចក្រផលិតស្រោមជើងដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបនសេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៨០៤កន្លែង។
ចំណែកក្រុមហ៊ុន HOME TERRACE CO., LTD. គម្រោងគបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមក្រៅផ្ទះ (មានដូចជា តុ, កៅអី, តង់, អង្រឹង, រនាំងបាំង, រទះដាក់សម្ភារៈ, កៅអីបង់, ឆ័ត្រ…) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៨៦ កន្លែង។
រីឯក្រុមហ៊ុន TECHNO PARK POI PET PVT CO., LTD.” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងបន្លាស់រថយន្តដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងទុនវិនិយោគប្រមាណ ២,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៩៣កន្លែង៕ដោយ ៖ ញ៉ែម សុផល