ភ្នំពេញ ៖ ក្នុងគោលបំណងបង្ហាញផលិតផល និងពង្រីកទំហំពាណិជ្ជកម្មរបស់កម្ពុជានៅលើទឹកដីសហរដ្ឋអាមេរិក ពិព័រណ៍ពាណិជ្ជកម្ម និងផលិតផលកម្ពុជា គ្រោងនឹងរៀបចំឡើងក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។
យោងតាមស្ថានអគ្គកុងស៊ុលប្រចាំទីក្រុងឡុងប៊ិច វេទិកានេះនឹងចាប់ផ្តើមពីម៉ោង ១០ ព្រឹកដល់ម៉ោង ៣ រសៀលនៅព្រលានយន្តហោះ Holiday Inn Long Beach Airport។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ពិព័រណ៍នេះមានគោលបំណងបង្ហាញផលិតផលដែលផលិតនៅកម្ពុជា ជាពិសេសវាមិនត្រឹមតែបង្ហាញផលិតផលកសិកម្មដល់ប្រជាជនកម្ពុជាដែលកំពុងរស់នៅទីនោះប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញដល់ប្រជាជនអាស៊ី និងអាមេរិកផ្សេងទៀតផងដែរ។

អ្នកឧកញ៉ាបានឱ្យដឹងទៀតថា កម្ពុជានឹងបើកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងឡុងប៊ិច នៅថ្ងៃទី៨ ខែវិច្ឆិកា មុនពេលបើកការតាំងពិព័រណ៍ពាណិជ្ជកម្ម ហើយក៏នឹងមានរៀបចំវេទិកាផ្គូរផ្គងពាណិជ្ជកម្មនៅថ្ងៃទី ១០ ខែវិច្ឆិកា និងដំណើរទស្សនកិច្ចនៅកំពង់ផែនៅទីនេះផងដែរ។
អ្នកឧកញ៉ាបានលើកឡើងថា ៖
«ពិព័រណ៍នេះមានគោលបំណងជំរុញ និងផ្សព្វផ្សាយពីផលិតផលរបស់យើងទៅកាន់ទីផ្សារសហរដ្ឋអាមេរិកឱ្យកាន់តែទូលំទូលាយ ជាពិសេសផលិតផលកសិកម្ម។ យើងសង្ឃឹមថា បន្ទាប់ពីពិព័រណ៍នេះនឹងមានអ្នកទិញកាន់តែច្រើនមកពីអាស៊ី ដែលតែងតែនាំចូលផលិតផលពីប្រទេសថៃ និងវៀតណាម ពួកគេក៏នឹងងាកមកនាំចូលពីប្រទេសយើងផងដែរ»

លោក ហួត គឹមឆា អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឡុងប៊ិច បានឱ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មនេះ គឺជាមធ្យោបាយមួយសម្រាប់ទំនិញកម្ពុជា ទៅទីផ្សារអ្នកប្រើប្រាស់របស់អាមេរិក និងបង្កើតទំនាក់ទំនងផ្ទាល់ជាមួយវិនិយោគិនក្នុងប្រទេសទាំង ២។អ្នកចូលរួមនឹងមានឱកាសស្វែងយល់ និងពិសោធលើផលិតផលម្ហូបអាហារខ្មែរប្លែកៗ ដូចជា អង្ករ ម្រេច និងគ្រាប់ស្វាយចន្ទី។សមាជិកគណៈប្រតិភូក៏អាចមានបំណងចង់និយាយអំពីចក្ខុវិស័យនៃការវិនិយោគនៅក្នុងទីផ្សារអាមេរិកផងដែរ។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពាណិជ្ជកម្មទំនិញកម្ពុជា និងអាមេរិក ចាប់ពីខែមករា-ខែកញ្ញា ឆ្នាំ ២០២៣ មានទឹកប្រាក់សរុប ៧,០៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៣ ភាគរយបើធៀបរយៈពេល ៩ ខែឆ្នាំ ២០២២ ដោយទំនិញកម្ពុជានាំទៅអាមេរិក មានតម្លៃ ៦,៩ ពាន់លានដុល្លារ ថយចុះ ២,១ ភាគរយ និងទំនិញអាមេរិកនាំមកកម្ពុជា ១៨១,០២ លានដុល្លារ ថយចុះ ២៧,៨ ភាគរយ៕ ដោយ ៖ ញ៉ែម សុផល




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content