វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាង កម្ពុជា-អង់គ្លេស នឹងប្រែក្លាយកាលានុវត្តភាពថ្មី

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា បានរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាង កម្ពុជា-ចក្រភពអង់គ្លេស លើកទី៣ (Joint Trade and Investment Forum –  Third JTIF) ក្រោមប្រធានបទ «ទស្សនវិស័យកម្ពុជា-ចក្រភពអង់គ្លេស៖ ភាពជាដៃគូឆ្ពោះទៅមុខក្នុងបរិបទនៃការផ្លាស់ប្តូរ សកល» នៅសាលសន្និបាត ភីអេចហ្គ្រេនហល បុរី ប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ។

កិច្ចពិភាក្សាខាងលើនេះមានចំនួន ២បានត្រូវធ្វើឡើងនៅក្នុងវេទិកា រួមមាន៖  ១. កិច្ចពិភាក្សាស្តីពីភាពជោគជ័យនៃពាណិជ្ជកម្ម៖ បរិវត្តកម្មកាលានុវត្តភាព​ទៅជាសមិទ្ធផលពាណិជ្ជកម្មដែលផ្តោតសំខាន់លើការដោះស្រាយបញ្ហាហិរញ្ញវត្ថុ ការកាត់បន្ថយហានិភ័យអាជីវកម្ម និងការពង្រីងធុរកិច្ចនៅក្នុងវិស័យសក្តានុពល ដែលអ្នកចូលរួមនឹងទទួលបានការយល់ដឹងអំពីតម្រូវការទីផ្សារ និងសារៈសំខាន់នៃភាពជាដៃគូ ដែលជួយជំរុញឲ្យទទួលបានសមិទ្ធផលពាណិជ្ជកម្ម វិនិយោគជាក់ស្តែង និង ២.កិច្ចពិភាក្សា ស្ដីពីចលករជំរុញពាណិជ្ជកម្ម៖ ការជំនះឧបសគ្គ និងកត្តាជំរុញ ដែលផ្តោតសំខាន់លើយុទ្ធសាស្ត្រពង្រឹងស្តង់ដារអនុលោមភាព ហិរញ្ញវត្ថុ ពាណិជ្ជកម្ម គយ និងភស្តុភារកម្ម ដែលគាំទ្រដោយបរិយាកាសធុរកិច្ចអំណោយផល។

វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងចក្រភពអង់គ្លេស និងកម្ពុជា ត្រូវបានបង្កើតឡើងដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ វេទិកានេះប្រមូលផ្តុំនូវតំណាងរាជរដ្ឋាភិបាល និងវិស័យឯកជនរបស់ចក្រភពអង់គ្លេស និងកម្ពុជា ដើម្បីជំរុញកំណើនប្រកបដោយចីរភាព និងបរិយាបន្នតាមរយៈភាពជាដៃគូរយៈពេលវែង កិច្ចសន្ទនាគោល នយោបាយ និងកិច្ចសហការអាជីវកម្ម។

យោងសេចក្តីប្រកាសព័ត៌មានរួមរវាងក្រសួងពាណិជ្ជកម្ម និងស្ថានទូតអង់គ្លេស​កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា៖ តាមរយៈការរៀបចំវេទិកានេះ ប្រទេសទាំងពីរបញ្ជាក់ សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ការលើកកម្ពស់កំណើនប្រកបដោយចីរភាព និងការបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់ធុរកិច្ច។

វេទិកានេះរៀបចំឡើងក្នុងខណៈពេលដ៏សំខាន់ក្នុងស្ថានភាពនៃការអភិវឌ្ឍនិងមហិច្ឆតារបស់ប្រទេសកម្ពុជា ខណៈពេលដែលប្រទេសកម្ពុជាកំពុងបោះជំហានឆ្ពោះទៅកាន់ការចាកចេញពីប្រទេសអភិវឌ្ឍន៍ តិចតួចនៅឆ្នាំ២០២៩ និងការប្រកាសរបស់កម្ពុជាក្នុងការដាក់ពាក្យចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុង ជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នាពេលថ្មីៗនេះ។ ប្រទេសកម្ពុជា និងចក្រភពអង់គ្លេសបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់ខ្លួន ចំពោះការធ្វើពាណិជ្ជកម្មដែលអាច ព្យាករណ៍បាន និងផ្អែកលើច្បាប់ ជាមូលដ្ឋានសម្រាប់កំណើន និងទំនុកចិត្តរបស់វិនិយោគិន។

វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា គឺជាវេទិកាទ្វេភាគីចម្បងរវាងប្រទេសកម្ពុជា និងចក្រភព អង់គ្លេស សម្រាប់កិច្ចសន្ទនាគោលនយោបាយ កិច្ចសហប្រតិបត្តិការលើច្រកចូលទីផ្សារ និងការចូល រួមរបស់វិស័យសាធារណៈ-ឯកជន។ វេទិកានេះប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់ អ្នករៀបចំបទប្បញ្ញត្តិ វិនិយោគិន និងថ្នាក់ដឹកនាំអាជីវកម្ម ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី កាត់បន្ថយរបាំង និង ពាណិជ្ជកម្ម និងវិនិយោគរយៈពេលវែងរវាងប្រទេសទាំងពីរ។

សេចក្តីប្រកាសពត៌មានបានឱ្យដឹងទៀតថា៖កិច្ចប្រជុំ JTIF លើកទី៣ នឹងត្រួសត្រាយផ្លូវដើម្បីប្រែក្លាយកាលានុវត្តភាពទៅជាការធ្វើពាណិជ្ជកម្ម និង វិនិយោគឱ្យបានកាន់តែច្រើនរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស តាមរយៈកិច្ចសហប្រតិបត្តិការ ផ្នែកបទប្បញ្ញត្តិ ភាពជាដៃគូនិងគំនិតផ្តួចផ្តើមនានាដើម្បីពង្រឹងទីផ្សារ ការវិនិយោគ និងការប្រើប្រាស់ ច្រកទីផ្សារ។ កិច្ចសន្ទនារបស់យើងមានគោលបំណងធ្វើឱ្យមានការធ្វើពាណិជ្ជកម្ម និងការវិនិយោគ កើតឡើងជារូបរាងពិតប្រាកដ តាមរយៈការលុបបំបាត់ឧបសគ្គ និងបង្កើនការប្រើប្រាស់ក្របខណ្ឌ អនុគ្រោះពាណិជ្ជកម្ម ដូចជាគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (DCTS)។

ប្រភពដដែលនេះ បានឱ្យដឹងថា៖វេទិកានេះរំលេចនូវវឌ្ឍនភាពសម្រេចបានជាក់ស្តែងចាប់តាំងពីវេទិកា JTIF លើកទី២ ដែលបានរៀបចំ ឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលក្នុងនោះរួមមាន៖ ការពង្រឹងការសម្របសម្រួលគោលនយោបាយ ដែលគ្របដណ្តប់លើវិស័យជាអត្ថប្រយោជន៍សំខាន់ៗរបស់ប្រទេសទាំងពីរ រួមមាន ការសម្របសម្រួល ការនាំចេញ គោលនយោបាយពន្ធដារ ការដាក់ចេញប្រភេទទិដ្ឋាការលើកទឹកចិត្តវិនិយោគ រួមជាមួយ នឹងការកសាងសមត្ថភាពនិងអភិវឌ្ឍជំនាញ ការរៀបចំកិច្ចសន្ទនាស្តីពីការអភិវឌ្ឍទីផ្សារមូលធននិង កិច្ចសហប្រតិបត្តិការគយ និងការចូលរួមកាន់តែស៊ីជម្រៅរវាងធុរកិច្ចអង់គ្លេស និងកម្ពុជាក្នុងសេវាកម្ម ហិរញ្ញវត្ថុ កម្មន្តសាល ការកែច្នៃកសិកម្ម បច្ចេកវិទ្យា និងការផ្តល់សេវាកម្មផ្នែកច្បាប់ និងវិជ្ជាជីវៈ។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា៖ វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា បានក្លាយជាថ្នាលចម្បងក្នុងការលើកកម្ពស់ភាពជាដៃគូពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា – ចក្រភពអង់គ្លេស។ ដោយផ្តោតលើការអនុវត្តបានជាក់ស្តែង និងការចូលរួមដោយសកម្មនិងជាប្រចាំ វេទិកានេះបានប្រមូលផ្តុំអ្នករៀបចំគោលនយោបាយ តួអង្គពាក់ព័ន្ធ និងភាគីវិស័យឯកជន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងកាលានុវត្តភាពដែលបង្កើតបានជាមូលដ្ឋានគ្រឹះដ៏រឹងមាំឈានទៅសម្រេច​​បានសមិទ្ធផលសម្រាប់ការធ្វើពាណិជ្ជកម្មនិងវិនិយោគឱ្យកាន់តែមានភាពទូលំទូលាយ និងល្អប្រសើរជាងមុន។

លោកជំទាវបានសង្កត់ធ្ងន់ថា ៖

«ខ្ញុំជឿជាក់ថាវេទិកានេះនឹងអាចបង្កើតនូវកាលានុវត្តភាពថ្មីៗ ដើម្បីជំរុញ និងពង្រឹងភាពជាដៃគូពាណិជ្ជកម្ម ព្រមទាំងកការវិនិយោគរវាងប្រទេសទាំងពីរនៅក្នុងបរិបទសកលលោកដែលកំពុងផ្លាស់ប្តូរជាបន្តបន្ទាប់»។

លោកស្រី Rhiannon Harries អនុប្រធានពាណិជ្ជកម្មទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក (អាស៊ីអាគ្នេយ៍) បានមានប្រសាសន៍ថា៖វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងចក្រភពអង់គ្លេស និងកម្ពុជា គឺជាឱកាស សម្រាប់ប្រទេសរបស់យើង ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់យើង ដោះស្រាយបញ្ហាដ៏សំខាន់មួយកកមប្រឈមរួមគ្នា និងរៀបចំផែនការសម្រាប់អនាគតប្រកបដោយចីរភាព។

លោកស្រីបញ្ជាក់ថា ៖

«វេទិការនេះបានឆ្លុះបញ្ចាំងពីការចូលរួមកាន់តែខ្លាំងឡើងរបស់យើងជាមួយតំបន់អាស៊ីអាគ្នេយ៍ដ៏ទូលំទូលាយ ដែលយើងចែករំលែកទំនាក់ទំនងពាណិជ្ជកម្មប្រចាំឆ្នាំចំនួន ៥៧ពាន់លានផោន ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងនាមជាដៃគូសន្ទនាថ្មីបំផុតរបស់អាស៊ាន»។

ឯកឧត្តម Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ ពាណិជ្ជកម្ម និងការវិនិយោគ គឺជាផ្នែកមួយដ៏សំខាន់នៃទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងកម្ពុជា។

ឯកឧត្តម បញ្ជាក់ថា ៖

«យើងទាំងពីរជាប្រទេសដែលមានសេដ្ឋកិច្ចបើកចំហរ និងផ្តោតលើការនាំចេញ ដែលជឿជាក់លើប្រព័ន្ធ ពាណិជ្ជកម្មដែលមានមូលដ្ឋានលើច្បាប់អន្តរជាតិ។ យើងទាំងពីរមានបំណងចង់ពង្រឹងភាពជាដៃគូ សេដ្ឋកិច្ចរបស់យើង និងផ្តល់នូវវិបុលភាព និងការងារកាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ»។

ឯកឧត្តមឯកអគ្គរាជទូតបានបន្តថា៖ឯកឧត្តមមានសេចក្តីសោមនស្សរីករាយជាមួយនឹងកិច្ចសហការយ៉ាងជិតស្និទ្ធរបស់យើងជាមួយរាជរដ្ឋាភិបាល លើរបៀបវារៈនេះ និងរីករាយដែលយើងអាចមកជួបជុំគ្នាជាមួយវិស័យឯកជនរៀងៗខ្លួនរបស់យើងនៅក្នុងវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា ក្នុងការកំណត់ជំហានជាក់ស្តែងដើម្បីសម្រួលដល់ ពាណិជ្ជកម្ម និងការវិនិយោគកាន់តែច្រើន។

គម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (DCTS) គឺជាកម្មវិធីអនុគ្រោះពាណិជ្ជកម្មរបស់ ចក្រភពអង់គ្លេស ដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍។ បច្ចុប្បន្ន ប្រទេសកម្ពុជាទទួលបានអត្ថប្រយោជន៍កម្រិតខ្ពស់បំផុតពី DCTS ក្នុងនាមជាប្រទេសអភិវឌ្ឍន៍ តិចតួច (LDC) ដែលគម្រោងនេះផ្តល់ភាពអនុគ្រោះពន្ធចូលទីផ្សារចក្រភពអង់គ្លេសដោយ ទទួលបានអត្រាពន្ធសូន្យ និងមិនគិតបរិមាណ សម្រាប់មុខទំនិញភាគច្រើន។ ការណ៍នេះ ទោះកម្ពុជាចេញពីប្រទេសអភិវឌ្ឍន៍តិចតួចក៏ដោយ ក៏អត្ថប្រយោជន៍ទាំងនេះនឹងនៅតែមានសុពលភាពរហូត ដល់ឆ្នាំ២០៣២។ បន្ទាប់មក ប្រទេសកម្ពុជាអាចបន្តទទួលបានការអនុគ្រោះពន្ធចូលទៅ ទីផ្សារចក្រភពអង់គ្លេស ក្រោមកម្រិត “Enhanced” របស់ DCTS ដែលគ្របដណ្តប់លើមុខទំនិញជាច្រើន។

ចក្រភពអង់គ្លេសគឺជាដៃគូមួយក្នុងចំណោមដៃគូដំបូងបំផុត ដែលគាំទ្រដល់ការត្រៀមខ្លួន របស់កម្ពុជា ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដែលរួមមាន ជំនួយបច្ចេកទេស និង ការសន្ទនាគោលនយោបាយ។ ប្រទេសកម្ពុជា បានប្រកាសពីការដាក់ពាក្យសុំចូលជាសមាជិកនៃ CPTPP ដែលជាក្របខណ្ឌ ពាណិជ្ជកម្មក្នុងតំបន់ដ៏គ្រប់ជ្រុងជ្រោយបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។បច្ចុប្បន្នត្រូវបានចាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដោយអង្គការសហប្រជាជាតិ ប្រទេសកម្ពុជាគ្រោងនឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។ ការចាកចេញពីប្រទេសអភិវឌ្ឍន៍ តិចតួច គឺជាដំណើរការដែលប្រទេសមួយផ្លាស់ប្តូរចេញពីចំណាត់ថ្នាក់នេះ ដែលជាការឆ្លុះបញ្ចាំងពីការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែល្អប្រសើរឡើង។ ការផ្លាស់ប្តូរនេះនឹង ប៉ះពាល់ដល់ការទទួលបានភាពអនុគ្រោះពាណិជ្ជកម្ម និងតម្រូវឱ្យមានការធ្វើផែនការដោយ ប្រុងប្រយ័ត្នដើម្បីរក្សាភាពប្រកួតប្រជែង៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

កម្ពុជា ដាក់ឱ្យ​អនុវត្ដយុទ្ធសាស្ដ្រជាតិ អភិវឌ្ឍ MSMEs ជាមួយ​យន្ដការអង្គភាពដំបូលរួមតែមួយ ងាយស្រួលចុះបញ្ជីអាជីវកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 22/10/2026

រាជធានីភ្នំពេញ៖ យុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង​មធ្យម ឆ្នាំ​២០២៦-២០៣០​ ​បាន​ប្រកាស​ដាក់ឱ្យអនុវត្ដ​ជាផ្លូវការហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ​២០២៦ នេះ ក្រោម​អធិបតីភាពរបស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ដល់​អនុសាសន៍បន្ថែម​ចំនួន​ ២

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ២០២៦នេះ

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *