បរទេស៖ ប្រភពព័ត៌មានពី Hellenic Shipping News បានរាយការណ៍ថា ការនាំចូលប្រេងឆៅរបស់រុស្ស៊ីទៅកាន់ចិន និងឥណ្ឌា បានជួយដល់អ្នកផ្គត់ផ្គង់នៅមជ្ឈិមបូព៌ាក្នុងការបំពេញតម្រូវការរបស់អ្នកនាំចូលប្រេងនៅបណ្តាប្រទេសអាស៊ីផ្សេងៗទៀត។
កាលពីឆ្នាំ ២០២២ កន្លងទៅនេះ ឥណ្ឌាបានក្លាយជាអ្នកទិញប្រេងឆៅដ៏ធំរបស់រុស្ស៊ី ហើយចិនមានការនាំចូលដ៏ច្រើនផងដែរចន្លោះពីខែមករា និង ខែវិច្ឆិកា ខណៈក្រុមហ៊ុនចម្រាញ់ប្រេងនៅកូរ៉េខាងត្បូង ជប៉ុន និងថៃកំពុងមានភាពងាយស្រួលក្នុងការផ្គត់ផ្គង់ប្រេងឆៅពីមជ្ឈឹមបូព៌ា។
យោងតាម S&P Global Commodity Insights បានបង្ហាញថា ប្រេងឆៅរុស្ស៊ីដែលនាំចូលទៅកាន់ឥណ្ឌាក្នុងឆ្នាំ ២០២១ មានត្រឹមតែប្រមាណ ២,២ ភាគរយប៉ុណ្ណោះ។ នៅក្នុងឆ្នាំ ២០២២ រុស្ស៊ីបានក្លាយជាអ្នកផ្គត់ផ្គង់ប្រេងឆៅលំដាប់កំពូលរបស់ឥណ្ឌា ដោយនាំចេញប្រហែល ១,២៤ លានបារ៉ែលក្នុងមួយថ្ងៃទៅកាន់ឥណ្ឌា។ ចាប់តាំងពីខែមករា ដល់ខែវិច្ឆិកា ការនាំចូលប្រេងឆៅពីរុស្ស៊ីមកកាន់ចិនបានកើនឡើង ១០,២ ភាគរយ និងចិននាំចូល ១,៧៥ លានបារ៉ែលក្នុងមួយថ្ងៃ។

ការផ្តោតសំខាន់របស់ឥណ្ឌា និងចិន មកលើប្រេងឆៅរបស់រុស្ស៊ី បានធ្វើឱ្យការប្រកួតប្រជែងមានតិចជាងមុនសម្រាប់ប្រេងឆៅរបស់មជ្ឈិមបូព៌ា ដែលអនុញ្ញាតឱ្យអ្នកផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ាទាំងនោះអាចបំពេញតម្រូវការអ្នកប្រើប្រាស់នៅក្នុងអាស៊ី និង អឺរ៉ុបមួយចំនួនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏បានជួយសម្រួលដល់សុវត្ថិភាពការផ្គត់ផ្គង់ប្រេងឆៅទាំងមូលក្នុងតំបន់ និង ជំរុញផលិតកម្មប្រេងឆៅរបសើមជ្ឈិមបូព៌ាទៅកាន់អ្នកទិញនៅក្នុងអាស៊ីសំខាន់ៗផ្សេងទៀតដូចជា កូរ៉េខាងត្បូង ជប៉ុន និងថៃ។
ទិន្នន័យពីក្រុមហ៊ុន Korea National Oil Corp របស់កូរ៉េខាងត្បូង បានបង្ហាញថា ការនាំចូលប្រេងឆៅរបស់ប្រទេសកូរ៉េខាងត្បូងពីអារ៉ាប៊ីសាអូឌីតបានកើនឡើងប្រាំខែជាប់ៗគ្នា គិតត្រឹមខែវិច្ឆិកា ដោយកើនឡើង ១៥ ភាគរយ ឬ ២៩,៥៩ លានបារ៉ែល។ ចន្លោះពីខែមករា ដល់ខែវិច្ឆិកា កូរ៉េបាននាំចូលប្រេងឆៅ ៣០៥,១៥ លានបារ៉ែលពីអារ៉ាប៊ីសាអូឌីត និងកើនឡើង ២៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។

ចាប់តាំងពីត្រីមាសទីបី នៃឆ្នាំ ២០២២ ទីផ្សារឌូបៃមានការធ្លាក់ចុះដោយសារឥណ្ឌា និងចិនផ្លាស់ប្តូរទៅរករុស្ស៊ីដែលមានតម្លៃថោក ប៉ុន្តែធ្វើឱ្យមានតុល្យភាពនៃតម្រូវការផ្គត់ផ្គង់ទីផ្សារក្នុងមជ្ឈិមបូព៌ា និងអាស៊ី ដូចជាក្រុមហ៊ុន PTT និងក្រុមហ៊ុនចម្រាញ់ថៃផ្សេងៗទៀត។
នៅក្នុងឆ្នាំ ២០២២ ប្រទេសថៃនាំចូលប្រេងឆៅ ប្រហែល ៣៦០ ០០០ បារ៉ែលក្នុងមួយថ្ងៃ និង បានកើនឡើង ៧៣,៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។ ទន្ទឹមនឹងនេះ ប្រទេសជប៉ុនបាននាំចូលប្រេងឆៅពីអារ៉ាប់រួម ១,០៣ លានក្នុងបារ៉ែល កើនឡើង ២១,៣ ភាគរយក្នុងរយៈពេល ១១ ខែដំបូង។ ស្របពេលដែលឥណ្ឌា និងចិនកំពុងផ្តោតទៅលើការនាំចូលប្រេងឆៅដែលមានតម្លៃថោកពីរុស្ស៊ី អារ៉ាប់រួមមានឱកាសជំរុញការផ្គត់ផ្គង់ទៅកាន់បណ្តាប្រទេសនៅអាស៊ី៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content