ភ្នំពេញ ៖ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាបានអះអាងថា ជារៀងរាល់ឆ្នាំ នៅពេលចូលដល់រដូវកាលបុណ្យទាន ជាពិសេសពិធីសែនចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម តែងមានតម្រូវការសាច់ជ្រូករាប់តោន ហើយលក់បានតម្លៃថ្លៃជាងពេលធម្មតា ប៉ុន្តែសម្រាប់រដូវកាលចូលឆ្នាំប្រពៃណីចិនឆ្នាំនេះ តម្រូវការហាក់ធ្លាក់ចុះបន្តិចរួមទាំងតម្លៃផងដែរ ខណៈដែលការផ្គត់ផ្គង់នៅលើទីផ្សារមានភាពគ្រប់គ្រាន់ ឬលើសតិចតួច។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានប្រាប់ AMS ថា ជាទូទៅ សម្រាប់បរិមាណនៃចំនួនជ្រូកសាច់ដែលត្រូវនាំចូលទីផ្សារក្នុងមួយថ្ងៃមិនក្រោយ ៧ ០០០ – ៨ ០០០ក្បាលនោះទេ ប៉ុន្តែសម្រាប់ដើមឆ្នាំ២០២៣ នេះ ជាពិសេសក្នុងរដូវកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម តម្រូវការហាក់ត្រូវបានធ្លាក់ចុះបន្តិច ហើយតម្លៃក៏ធ្លាក់ចុះដូចគ្នា ខណៈដែលការផ្គត់ផ្គង់ពីអ្នកចិញ្ចឹមក្នុងស្រុកមានការកើនឡើង។

លោកបានមានប្រសាសន៍ថា ៖
“បច្ចុប្បន្ននេះ សម្រាប់តម្លៃជ្រូកសាច់ កសិករអាចលក់បានចាប់ពី ៧ ៥០០ ទៅ ៨ ០០០ រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ប៉ុន្តែក្រោយពេលនាំចូលដល់ទីផ្សារតម្លៃលក់រាយក្នុង១គីឡូចាប់ពី ២០ ០០០ ទៅ ២៥ ០០០ រៀល ឬនៅតាមទីផ្សារធំខ្លះអាចដល់បានរហូតដល់ជិត ៣០ ០០០រៀលក៏មាន ហើយបរិមាណក្នុង១ថ្ងៃ ចំនួនជ្រូកដែលបានផ្គត់ផ្គង់ចូលទីផ្សារសរុបទូទាំងប្រទេសមាន ប្រមាណ ៧ ០០០ ទៅជាង ៨ ០០០ក្បាល ខណៈដែលមានការនាំចូលពីប្រទេសជិតខាងប្រមាណជាង ១ ០០០ក្បាលក្នុងមួយថ្ងៃ”
តបទៅនឹងការលើកឡើងរបស់ប្រធានសមាគមចិញ្ចឹមសត្វនៅកម្ពុជាខាងលើនេះ បើគេក្រឡេកទៅមើលតម្លៃមុខម្ហូបប្រចាំថ្ងៃនៅក្នុងទីផ្សាររាជធានីភ្នំពេញ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះបានបង្ហាញថា តម្លៃសាច់ជ្រូក (សាច់សុទ្ធ) ១គីឡូក្រាម តម្លៃ ២៧ ០០០រៀល, សាច់ជាប់ឆ្អឹងជំនី ១គីឡូក្រាម តម្លៃ ៣០ ០០០រៀល, សាច់ជ្រូកបីជាន់ ១គីឡូក្រាម តម្លៃ ៣០ ០០០រៀល។ សម្រាប់តម្លៃជ្រូកខ្វៃវិញ បើប្រភេទជ្រូកខ្វៃតូច ១ក្បាល តម្លៃ ៥០០ ០០០រៀល, ប្រភេទជ្រូកខ្វៃធំល្មម ១ក្បាល តម្លៃ ៧៥០ ០០០រៀល, ប្រភេទជ្រូកខ្វៃធំ ១ក្បាល តម្លៃ ១ ០០០ ០០០រៀល។ ដោយឡែក ចំពោះប្រភេទជ្រូកកណ្តុរតូច ១ក្បាល ទម្ងន់៤គីឡូក្រាម មានតម្លៃ ៦០០ ០០០រៀល ហើយចំពោះប្រភេទជ្រូកកណ្តុរធំ ១ក្បាល ទម្ងន់លើសពី ៤-៥គីឡូក្រាមឡើងទៅអាចមានតម្លៃរហូតដល់ ៨០០ ០០០រៀល។

លោក ស្រ៊ុន ពៅ បានបញ្ជាក់ផងដែរថា ៖
“នៅលើទីផ្សារតម្រូវការសាច់ជ្រូកមិនថមថយនោះទេ ប៉ុន្តែតម្លៃលក់សាច់ជ្រូកក្នុងស្រុកមានការធ្លាក់ ធ្វើឱ្យកសិករដែលជាចិញ្ចឹមជ្រូកត្អូញត្អែរ ប៉ុន្តែទោះជាយ៉ាងណា ពួកគេនៅតែបន្តសកម្មភាពចិញ្ចឹម និងផ្គត់ផ្គង់ចូលមកកាន់ទីផ្សារ ជាក់ស្ដែងសម្រាប់តែរដូវកាលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិននាពេលនេះការផ្គត់ផ្គង់គឺមានភាពសម្បូរបែបបើទោះបីតម្លៃធ្លាក់ចុះក៏ដោយ”
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប លោក ទា គឹមសុទ្ធ បានប្រាប់ AMS ដែរថា សម្រាប់កសិករចិញ្ចឹមសត្វនៅក្នុងខេត្តសៀមរាបទាំងអស់ ជាពិសេសការចិញ្ចឹមជ្រូក គឺមន្ទីរបានជំរុញ និងលើកទឹកចិត្តឱ្យមានការចិញ្ចឹមតាមគ្រួសារ និងចិញ្ចឹមបែបប្រវាស់ជាមួយក្រុមហ៊ុន CP ហើយជាការកត់សម្គាល់នៅឆ្នាំនេះមានកំណើន ៦ ទៅ ៧ភាគរយដែរ។




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content