បរទេស៖ យោងទៅតាមប្រភពពី Investing.com បានបង្ហាញថា តម្លៃមាសនៅបន្តស្ថិតក្នុងកម្រិតដ៏តឹងតែងមួយក្រោមសម្ពាធភ័យខ្លាចពីការឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក ខណៈដែលចុងសប្ដាហ៍នេះ ទីផ្សារមាសបានឡើងថ្លៃបន្តិច ដែលក្នុងមួយអោនមានតម្លៃ ១ ៩១០ ដុល្លារ ។ ទោះជាយ៉ាងណាក្តី បន្ទាប់ពីការបញ្ចេញទិន្ន័យការងារឯកជនរបស់អាមេរិកមានភាពរឹងមាំ គេមើលឃើញថាធនាគារកណ្តាលអាមេរិកអាចនឹងដំឡើងអត្រាការប្រាក់បន្ថែមទៀតនាពេលខាងមុខនេះ។
តាមរយៈទិន្ន័យដដែលនេះបានចង្អុលបង្ហាញពីទីផ្សារការងារដ៏រឹងមាំ និងបានបង្ហាញពីក្តីបារម្ភដែលធនាគារកណ្តាលអាចនឹងបង្កើនអត្រាការប្រាក់ដើម្បីទប់ស្កាត់អតិផរណា ហើយស្ថានភាពបែបនេះអាចនឹងផ្តល់ផលអវិជ្ជមានសម្រាប់ទីផ្សារមាស។ លើសពីនេះ ភាពរឹងមាំនៅក្នុងទីផ្សារការងារក៏ចង្អុលបង្ហាញពីភាពធន់ខ្លះនៅក្នុងសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលធ្វើអោយទីផ្សារមាសមានសុវត្ថិភាពបន្ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ គេមើលឃើញថា ការធ្លាក់ចុះសេដ្ឋកិច្ចនៅឆ្នាំនេះគឺស្ថិតក្នុងចំណោមនិន្នាការមួយចំនួនដែលជួយរក្សារតម្លៃមាស អាចធ្លាក់នៅសល់ត្រឹម ១ ៩០០ ដុល្លារក្នុងមួយអោន។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងអត្រាការប្រាក់ផ្តល់សម្ពាធដល់តម្លៃឱកាសមាស ដែលធ្វើឲ្យអ្នកទិញមិនសូវចាប់អារម្មណ៍ ខណៈដែលអ្នកវិនិយោគជ្រើសរើសវិនិយោគលើប្រាក់ដុល្លារ និងបំណុលអាមេរិកច្រើនជាងមាស។
ប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell បាននិយាយថា អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលភាគច្រើនរំពឹងថាពួកគេនឹងត្រូវការដំឡើងអត្រាការប្រាក់យ៉ាងហោចណាស់ពីរដងបន្ថែមទៀតនៅចុងឆ្នាំ បើសិនជាអតិផរណាលើសពីគោលដៅ ២ ភាគរយ៕