តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧នេះ ការបង្កើតសួនកសិ-ឧស្សាហកម្មក៏ស្ថិតក្នុងចំណុចអាទិភាពមួយរបស់រាជរដ្ឋាភិបាលផងដែរ។ ស្ថិតក្នុងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដោយសារតែកម្ពុជាជាប្រទេសកសិកម្មស្រាប់ ហើយដែលកន្លងទៅនេះកម្ពុជាច្រើនតែនាំចេញវត្ថុធាតុដើមទៅទីផ្សារខាងក្រៅនោះ ពេលនេះកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការកែច្នៃជាផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេចមុនពេលនាំចេញនៅក្នុងតំបន់សួនកសិ-ឧស្សាហកម្ម។
ស្ថិតក្នុងបញ្ចកោនទី២របស់រាជរដ្ឋាភិបាល ចំណុចនេះមានខ្លឹមសារថា៖ ការពង្រឹងប្រសិទ្ធភាព និងភាពទាក់ទាញនៃតំបន់សេដ្ឋកិច្ចពិសេស រួមបញ្ចូលនូវសួនឧស្សាហកម្ម សួនកសិ-ឧស្សាហកម្ម និង តំបន់ពាណិជ្ជកម្មសេរី (Free-Trade Zone) ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការប្រមូលផ្តុំ និងការអភិវឌ្ឍបណ្ដាញផលិតកម្មឱ្យដើរតួនាទីសំខាន់ក្នុងការបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែង ឧស្សាហកម្មកម្ពុជា។
ការពង្រឹងទាំងអស់េខាងលើនះ គឺសំដៅបង្កើនភាពទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក លើកកម្ពស់ផលិតកម្ម និងការកែច្នៃសម្រាប់នាំចេញ ជាពិសេសគាំទ្រដល់ការបង្កើតការងារ និងការលើកស្ទួយជីវភាពប្រជាជននៅទីជនបទ។

អ្នកជំនាញសេដ្ឋកិច្ច អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ការបង្កើតសួនកសិ-ឧស្សាហកម្មនេះ ជាគោលនយោបាយមួយដ៏ល្អប្រសើរសម្រាប់ប្រទេសជាតិ ព្រោះប្រទេសកម្ពុជាមានវត្ថុធាតុដើមផ្នែកកសិកម្មច្រើន។
អ្នកឧកញ៉ាបន្តថា ៖
«កន្លងមកយើងផលិតបានច្រើនតែមិនសូវមានទីផ្សារ ដូច្នេះបើសិនជាយើងមានសួនកសិ-ឧស្សាហកម្មនេះ គឺជំរុញការកែច្នៃដើម្បីបានតម្លៃបន្ថែម ចៀសវាងការនាំចេញនូវផលិតផលដែលជាវត្ថុធាតុដើម»។

ទន្ទឹមគ្នានេះ ការបង្កើតសួនឧស្សាហកម្មតាមបណ្ដាខេត្ត នឹងធ្វើឱ្យសេដ្ឋកិច្ចនៃខេត្តនោះលូតលាស់ បានលឿន ជាពិសេសបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងតំបន់។
ជាមួយគ្នានោះដែរ អ្នកឧកញ៉ាបានសំណូមពរឱ្យមានការចូលរួមគាំទ្រកាន់តែច្រើនពីរាជរដ្ឋាភិបាល ទៅលើថ្លៃពន្ធអាករផ្សេងៗ។
អ្នកឧកញ៉ា បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖
« អ្វីដែលថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលគួរតែលើកទឹកចិត្ត គឺការលើកលែងពន្ធកាត់ទុកផ្សេងៗ ទី២គឺពន្ធ VAT ដែលនៅលក់ក្នុងស្រុក និងផ្គត់ផ្គង់ទៅកាន់រោងចក្រសហគ្រាសផ្សេងៗ និងទី៣គឺពន្ធនៃការនាំចេញ និងបែបបទនៃការនាំចេញដើម្បីឱ្យកាន់តែមានភាពងាយស្រួលនៅច្រកចេញចូលតែមួយ ដែលមិនបង្កការរំខានដល់លិខិតស្នាមដែលនាំចេញផលិតផលកសិកម្មដែលកែច្នៃរួចនេះ»។
ដោយឡែក សម្រាប់ការទាក់ទាញវិនិយោគិនពីក្រៅស្រុក អ្នកឧកញ៉ាបានគូសបញ្ជាក់ដែរថា សំខាន់គឺទីផ្សារក្នុងស្រុក ដោយធ្វើយ៉ាងណាពេលដែលគេចូលមកវិនិយោគ យើងជាម្ចាស់ស្រុកក៏ត្រូវមានវត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទៅគេដូចគ្នា៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content