បរទេស៖ យោងតាមប្រភពពី Oil Price បានលើកឡើងថា ស្របពេលដែលអារ៉ាប៊ីសាអូឌីតកាត់បន្ថយការផលិត អាមេរិកដែលជាគូប្រជែងប្រេងបានបង្កើនផលិតកម្ម និងបានធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះនាពេលថ្មីៗនេះ។
នេះជារឿងវិជ្ជមានសម្រាប់សុវត្ថិភាពការផ្គត់ផ្គង់ និងការរក្សាតម្លៃសម្រាប់អ្នកប្រើប្រាស់ ប៉ុន្តែវាមិនមានផលវិជ្ជមានសម្រាប់អង្គការ OPEC នោះទេ ដោយសារពួកគេបញ្ចៀសពីការធ្លាក់ចុះតម្លៃប្រេង។ ដោយឡែកកាលពីពេលថ្មីៗនេះគេបានរកឃើញថា ទិន្នផលប្រេងរបស់អាមេរិកបានឈានដល់កម្រិតខ្ពស់បំផុត ១៣,២ លានបារ៉ែលក្នុងមួយថ្ងៃ។

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះសល់ ៧៥,១៦ ដុល្លារក្នុងមួយបារ៉ែល និងតម្លៃប្រេងឆៅ WTI ធ្លាក់ចុះសល់ ៧០,២៩ ដុល្លារក្នុងមួយបារ៉ែល។ លើសពីនេះ ការនាំចេញរបស់សហរដ្ឋអាមេរិកនៅតែបន្តកើនឡើង ហើយតម្លៃ WTI បានធ្លាក់ចុះក្រោម ៧០ ក្នុងមួយបារ៉ែលកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ វាមានន័យថា ប្រេងរបស់សហរដ្ឋអាមេរិកនឹងនៅតែទាក់ទាញសម្រាប់អ្នកនាំចូលនាពេលអនាគត។
ទិន្នន័យតាមដានទំនិញរបស់ក្រុមហ៊ុន Kpler និង Vortex បានប៉ាន់ប្រមាណថា ការនាំចេញប្រេងឆៅរបស់សហរដ្ឋអាមេរិកឈានដល់កំណត់ត្រាជិត ៦ លានបារ៉ែលជារៀងរាល់ថ្ងៃកាលពីសប្តាហ៍មុន ខណៈដែលរបាយការណ៍របស់ Bloomberg បង្ហាញថា ការនាំចេញប្រេងរបស់សហរដ្ឋអាមេរិកនៅ ៥,៩ លានបារ៉ែលក្នុងមួយថ្ងៃ។ យ៉ាងណាមិញ តួលេខទាំងពីរនេះមិនត្រូវបានបញ្ជាក់ដោយរដ្ឋបាលព័ត៌មានថាមពល EIA នៅក្នុងរបាយការណ៍ប្រចាំសប្តាហ៍ចុងក្រោយរបស់ខ្លួននោះទេ។

យ៉ាងណាក៏ដោយ បើទោះបីជាមានភាពខុសគ្នាខ្លាំងរវាងការប៉ាន់ស្មានការនាំចេញក៏ដោយ ប៉ុន្តែសហរដ្ឋអាមេរិកនៅតែជាអ្នកនាំចេញប្រេងដ៏សំខាន់របស់ពិភពលោក។ ការកើនឡើងនៃការនាំចេញបានជំរុញឱ្យមានការព្រួយបារម្ភថ្មីអំពីអតិរេកដែលអាចកើតមាន ទោះបីជា OPEC មានបំណងកាត់បន្ថយផលិតកម្មប្រេងកាន់តែច្រើនចេញពីទីផ្សារក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ ផលិតកម្មប្រេងខ្ពស់ក៏អាចធ្វើឱ្យរដ្ឋបាល Biden ផ្តោតលើការលើកកម្ពស់ទម្រង់ផ្សេងទៀតនៃថាមពលបៃតង។
បច្ចុប្បន្ននេះ មានការរំពឹងទុកនៃការស្តុកទុកយ៉ាងច្រើនរហូតដល់ឆ្នាំ២០២៤នោះអាចធ្វើឱ្យអ្នកវិភាគព្យាករណ៍ថា តម្លៃប្រេងអាចនឹងឡើងថ្លៃកាន់ខ្ពស់នៅឆ្នាំក្រោយ។ កាលពីខែវិច្ឆិកា ក្រុមហ៊ុន Goldman Sachs រំពឹងថា ប្រេងឆៅ Brent នឹងមានតម្លៃចន្លោះពី ៧០ ទៅ ១០០ ដុល្លារក្នុងមួយបារ៉េល ដោយកត់សម្គាល់ថា តម្លៃប្រេងនឹងពឹងផ្អែកខ្លាំងលើ OPEC និងអ្នកផលិតមិនមែនជាសមាជិក OPEC នៅឆ្នាំ២០២៤៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content