បរទេស ៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៤ខែចុងក្រោយនេះ ខណៈដែលទីភ្នាក់ងារថាមពលអន្តរជាតិ IEA បានព្យាករណ៍ថា ទីផ្សារកាន់តែតឹងតែងនៅឆ្នាំនេះ និងបានលើកឡើងពីទស្សនៈរបស់ខ្លួនលើកំណើនតម្រូវការប្រេងផងដែរ។
បច្ចុប្បន្ននេះ តម្លៃប្រេងឆៅម៉ាក Brent កើនឡើង ១,៧ ភាគរយ ឬ ៨៥,៤២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) កើនឡើង ១,៩ ភាគរយ ឬ ៨១,២៦ ដុល្លារក្នុងមួយបារ៉ែល។ ចាប់តាំងពីខែវិច្ឆិការហូតមក តម្លៃប្រេងឆៅម៉ាកទាំងពីរបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតជិត ៣ ភាគរយ។
ទន្ទឹមនឹងនេះ IEA បានលើកឡើងពីទស្សនៈរបស់ខ្លួនលើកំណើនតម្រូវការប្រេងឆ្នាំ២០២៤ ជាលើកទី ៤ ចាប់តាំងពីខែវិច្ឆិកា ដោយបានព្រមានថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកនឹងក្លាយជាកម្លាំងរុញច្រានបន្ថែមទៀតចំពោះការប្រើប្រាស់ប្រេង។ IEA ព្យាករណ៍ថា តម្រូវការប្រេងនឹងកើនឡើងដល់ ១,៣ លានបារ៉ែលក្នុងមួយថ្ងៃនាឆ្នាំ២០២៤នេះ មានន័យថាកើនឡើងថែម ១១០ ០០០ បារ៉ែលក្នុងមួយថ្ងៃ បើធៀបនឹងខែមុន។
លោក Dennis Kissler អនុប្រធានជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មមកពី BOK Financial បានលើកឡើងថា តម្រូវការខ្ពស់នៅតែបន្តមាន ខណៈពេលដែលការផ្គត់ផ្គង់ប្រេងកាន់តែតឹងតែង ដោយសារក្រុមប្រទេសផលិតប្រេង OPEC+ ប្តេជ្ញាចិត្តកាត់បន្ថយទិន្នផលប្រេង។ ឥឡូវនេះ តម្លៃប្រេងកំពុងកើនឡើងបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនមកលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីដោយផ្តោតលើរោងចក្រចម្រាញ់ប្រេងធំៗចំនួន៤ បានបង្កឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពផ្គត់ផ្គង់ប្រេងឥន្ធនៈ។
ក្រសួងថាមពលរបស់រុស្ស៊ីបាននិយាយថា ការនាំចេញឥន្ធនៈតាមសមុទ្ររបស់រុស្ស៊ីបានធ្លាក់ចុះ ១,៥ ភាគរយ បើធៀបនឹងខែមុន ដោយសារតែពេលវេលាឈប់សម្រាករបស់រោងចក្រចម្រាញ់បណ្តាលមកពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន។
លោក Kissler បាននិយាយថា ការខូចខាតដល់រោងចក្រចម្រាញ់ប្រេងអាចកាត់បន្ថយផលិតកម្មប្រេងសាំងរបស់រុស្ស៊ីលើស ១០ ភាគរយ៕