បរទេស៖ យោងតាមប្រភពពី Investing បានរាយការណ៍ថា តម្លៃប្រេងបានឡើងថ្លៃនៅក្នុងទីផ្សារអាស៊ីកាលពីថ្ងៃសុក្រ ខណៈដែលមានការព្រួយបារម្ភលើការរំខានការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ា បើទោះបីជាមានការរំពឹងទុកលើការដំឡើងប្រាក់បៀវត្សរ៍នៅក្នុងវិស័យសំខាន់ៗរបស់សហរដ្ឋអាមេរិកក៏ដោយ។

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃ ០,៦ ភាគរយ ឬ ៧៨,០២ ដុល្លារក្នុងមួយបារ៉ែល ខណៈពេលដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate បានឡើងថ្លៃ ០,៧ ភាគរយ ឬ ៧៨,៨៣ ដុល្លារក្នុងមួយបារ៉ែល ។
ក្នុងសប្តាហ៍នេះផងដែរ ជម្លោះដែលកំពុងបន្តនៅសមុទ្រក្រហមបានបង្ហាញពីភាពតានតឹងមួយចំនួន ខណៈដែលកងកម្លាំងដឹកនាំដោយអាមេរិកបានប៉ះទង្គិចជាមួយក្រុម Houthi ដែលមានសម្ព័ន្ធមិត្តអ៊ីរ៉ង់។ ទន្ទឹមនឹងនោះ សង្រ្គាមអ៊ីស្រាអែល-ហាម៉ាសកំពុងរាលដាលទៅក្នុងប្រទេសលីបង់។ បន្ថែមពីនេះ ស៊ីរីបានបញ្ឈប់ផលិតកម្មប្រេងនៅកន្លែងផលិតប្រេងដ៏ធំបំផុតរបស់ខ្លួន ដោយសារតែការតវ៉ានៅក្នុងតំបន់ធ្វើឲ្យខាតបង់ប្រហែល ៣០០ ០០០ ធុងក្នុងមួយថ្ងៃសម្រាប់ការផ្គត់ផ្គង់ក្រៅបណ្តាញ។

ស្របពេលដែលការព្រួយបារម្ភអំពីការរំខានមួយចំនួនចំពោះការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ា វាបានជំរុញឱ្យមានការឡើងថ្លៃតម្លៃប្រេងឆៅនៅសប្តាហ៍នេះ និងការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងស្តុកផលិតផលប្រេងរបស់សហរដ្ឋអាមេរិក។ លើសពីនេះ ការស្ទុះងើបឡើងវិញនៃប្រាក់ដុល្លារក៏មានឥទ្ធិពលលើតម្លៃប្រេងផងដែរ ដោយសារតម្លៃប្រាក់ដុល្លារបានឡើងដល់កម្រិតខ្ពស់វិញក្នុងរយៈពេល ៣ សប្តាហ៍បន្ទាប់ពីមានភាពមិនច្បាស់លាស់ចំពោះផែនការរបស់ធនាគារកណ្តាលអាម៉េរិកសម្រាប់ការកាត់បន្ថយអត្រាការប្រាក់។
គេរំពឹងថា អត្រាការប្រាក់ទាបនឹងជំរុញសកម្មភាពសេដ្ឋកិច្ច និងអាចជំរុញឱ្យមានតម្រូវការប្រេងកើនឡើងនៅក្នុងឆ្នាំនេះ។ យ៉ាងណាមិញ រហូតមកដល់ពេលនេះ តម្រូវការត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ខណៈដែលសេដ្ឋកិច្ចតាមបណ្តាប្រទេសសេដ្ឋកិច្ចធំៗស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងពីអត្រាការប្រាក់ខ្ពស់ក្នុងការផ្តល់ប្រាក់កម្ចី។

គួរឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ទិន្នន័យផ្លូវការបានបង្ហាញថា ស្តុកប្រេងសាំងរបស់សហរដ្ឋអាម៉េរិកបានកើនឡើងច្រើនជាង ១០ លានបារ៉ែលក្នុងមួយសប្តាហ៍ដល់ថ្ងៃទី ២៩ ខែធ្នូ។ អ្នកវិភាគបាននិយាយថា ស្តុកប្រេងសរុបបានធ្លាក់ចុះប្រហែល ៥ លានបារ៉ែល ដោយសារសហរដ្ឋអាម៉េរិកបំពេញឱនភាពផ្គត់ផ្គង់ពីការរំខាននៅមជ្ឈិមបូព៌ា។ យ៉ាងណាក៏ដោយ បើទោះបីជាតម្រូវការមិនទាន់មានខ្លាំងខ្លា ប៉ុន្តែផលិតកម្មរបស់សហរដ្ឋអាមេរិកនៅជាប់ក្នុងកំណត់ត្រាកម្រិតខ្ពស់ ខណៈដែលការនាំចេញបានកើនឡើងផងដែរ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content