ភ្នំពេញ ៖ ក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ ខេមបូឌា (CBC) និងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានសហការគ្នារៀបចំសិក្ខាសាលា ដើម្បីពង្រីកការយល់ដឹងអំពីប្រព័ន្ធចែករំលែកព័ត៌មានឥណទាន វិធីពិនិត្យសុខភាពហិរញ្ញវត្ថុ និងចំណេះដឹងរង្វាយតម្លៃឥណទានក្នុងការបង្កើនលទ្ធភាពទទួលបានឥណទានសម្រាប់ភាពរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម វិស័យទេសចរណ៍ នៅខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ។
សិក្ខាសាលានេះធ្វើឡើងក្នុងបរិបទនៃការប្រកាសកញ្ចប់ប្រាក់កម្ចីចំនួន ៥០លានដុល្លារពីរដ្ឋាភិបាលកម្ពុជាដល់សហគ្រាសធុនតូច និងមធ្យម ជាប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប និងក្នុងគោលបំណងផ្តោតលើកត្តាអាចឱ្យធុរកិច្ចរៀបចំខ្លួនបានល្អប្រសើរសម្រាប់ការទទួលបានប្រាក់កម្ចី។
ក្នុងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលានេះ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តបានលើកឡើងពីតម្រូវការសម្រាប់ម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ ត្រូវយល់ដឹង និងរៀបចំខ្លួនដើម្បីទទួលបានឥណទាន ហើយអាចមានលទ្ធភាពរវិនិយោគប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព។
លោក ង៉ូវ សេងកាក់ បានគូសបញ្ជាក់ថា ដោយសារវិស័យទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ហិរញ្ញប្បទានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់អាជីវកម្មក្នុងវិស័យទេសចរណ៍ ដើម្បីពន្លឿនកំណើន និងការងើបឡើងវិញបន្ទាប់ពីការធ្លាក់ចុះក្រោយជំងឺរាតត្បាតកូវីដ-១៩។ សិក្ខាសាលាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ក៏បានដើរតួនាទីជាគ្រឹះក្នុងការពង្រីកលទ្ធភាពទទួលបានឥណទាន និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា បានមាប្រសាសន៍ថា ៖ ទិន្នន័យពី ស៊ីប៊ីស៊ី បានបង្ហាញថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ ប្រាក់កម្ចីចំនួន ២.៦៨ពាន់លានដុល្លារត្រូវបានប្រើប្រាស់នៅក្នុងវិស័យទេសចរណ៍នៅទូទាំងប្រទេសដែលស្មើនឹង ១២.៦៨% នៃប្រាក់កម្ចីក្នុងវិស័យទេសចរណ៍បានផ្តល់ទៅឱ្យប្រជាជននៅក្នុងខេត្តសៀមរាបដែលបានស្នើប្រាក់កម្ចី។ អាស្រ័យហេតុនេះ ស៊ីប៊ីស៊ី ប្តេជ្ញាពង្រីកការយល់ដឹងអំពីរបាយការណ៍ឥណទាន ដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ ដែលជាឆ្អឹងខ្នងរបស់ប្រទេស។
ដោយឡែក សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រអាជីវកម្មរបស់សមាជិកខ្លួនដើម្បីពង្រីកចំណេះដឹងការផ្សព្វផ្សាយ និងបង្កើតបណ្តាញសម្រាប់ការពង្រឹងអាជីវកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុរបស់សមាជិក ដែលតាមរយៈសិក្ខាសាលានេះនឹងដើរតួយ៉ាងសំខាន់ក្នុងការរៀបចំសហគ្រាសធុនតូច និងមធ្យមជាសមាជិករបស់សមាគមទេសចរណ៍កម្ពុជា សម្រាប់ការទទួលបានប្រាក់កម្ចី ដើម្បីកំណើនប្រតិបត្តិការរបស់សមាជិក។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មានប្រសាសន៍ថា សិក្ខាសាលានេះ ជាវេទិកាមួយសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលជាសមាជិករបស់សមាគមន ដើម្បីបង្កើនការយល់ដឹងលើរបាយការណ៍ឥណទាន និងលទ្ធភាពទទួលបានប្រាក់កម្ចីរបស់សមាជិក ព្រោះថា វិស័យទេសចរណ៍ដើរតួនាទីចាំបាច់ក្នុងការស្តារកំណើនសេដ្ឋកិច្ចនៃខេត្តសៀមរាប ក៏ដូចជាទូទាំងប្រទេសកម្ពុជា។
សូមជម្រាបថា សហគ្រាសធុនតូច និងមធ្យម ដែលចូលរួមសិក្ខាសាលានេះ ក៏មានឱកាសសាកល្បងទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទ ស៊ីប៊ីស៊ី និងពិនិត្យមើលរបាយការណ៍ឥណទានឥតគិតថ្លៃ។ វាជាសិទ្ធិរបស់បុគ្គល និងអាជីវកម្មគ្រប់រូបក្នុងការពិនិត្យមើលរបាយការណ៍ឥណទានរបស់ពួកគេដោយមិនគិតថ្លៃក្នុងមួយឆ្នាំម្តង។
យោងតាម ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ស៊ីប៊ីស៊ី ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់នូវសេវាព័ត៌មានហិរញ្ញវត្ថុ ឧបករណ៍វិភាគទិន្នន័យ និងរបាយការណ៍ឥណទាន ដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ក្នុងប្រទេសកម្ពុជា។
ចាប់តាំងពីឆ្នាំ២០១២មក ស៊ីប៊ីស៊ី បានជួយដល់អតិថិជនក្នុងការគ្រប់គ្រងហានិភ័យ និងអត្ថប្រយោជន៍ជាច្រើនលើផ្នែកធុរកិច្ច និងការសម្រេចចិត្តបានកាន់តែប្រសើរ ។ បច្ចុប្បន្ន ស៊ីប៊ីស៊ី មានសមាជិករហូតដល់ទៅ ១៩០ស្ថាប័នហិរញ្ញវត្ថុ ដែលរួមមានធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ជើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា ប្រតិបត្តិករឥណទានជនបទជាដើម៕