ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបន្តរម្លឹកឡើងវិញដល់ក្រសួងស្ថាប័នជ្រើសរើសស្ដ្រីចូលបម្រើការងារនៅក្នុងក្របខណ្ឌមន្រ្ដីរាជការ ជាពិសេសអាចឱ្យស្រ្ដីចូលកាន់តំណែងនៅតួនាទីរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការរបស់ក្រសួង និងស្ថាប័ននីមួយៗ។
សម្តេចតេជោ បានរម្លឹកឡើងវិញដូច្នេះ អំឡុងពេលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៤.៧០៥ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ។
សម្ដេចតេជោ បានបញ្ជាក់ដូច្នេះថា ពាក់ព័ន្ធនឹងការជ្រើសរើសស្រ្ដីឱ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌរដ្ឋនេះ សម្ដេចតេជោ ក៏ធ្លាប់បានពិភាក្សាជាមួយសម្ដេចក្រឡាហោម ស ខេង លើការធ្វើវិសោធនកម្មច្បាប់លើការងារនេះដែរ ដើម្បីបង្កើនចំនួនស្រ្ដីចូលបម្រើការងារនៅក្នុងក្របខណ្ឌរដ្ឋទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយ និងអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ នៃវិទ្យាស្ថានវ៉ាន់ដា ដែលជាធនធានមនុស្សមិនអាចខ្វះបាននៅក្នុងសង្គម ជាពិសេសតម្រូវការជំនាញនៃគ្រឹះស្ថានការងារតាមស្ថាប័ននានា។
សម្តេចតេជោ បានប្រកាសថា និស្សិតវិទ្យាស្ថានវ៉ាន់ដា ដែលបណ្តុះបណ្តាលជំនាញផ្នែកគណនេយ្យ គឺស្ទើរតែទាំងស្រុងជាស្ត្រី៕