បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់ពីឆ្នាំ២០០៨ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Yahoo!Finance ។
យោងតាមទិន្នន័យដែលចេញផ្សាយដោយសារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ក្រុមហ៊ុនធំៗ ដូចជា Toyota, Honda, Nissan និង Mazda សុទ្ធសឹងតែប្រឈមនឹងសម្ពាធយ៉ាងខ្លាំង ខណៈដែលទីផ្សាររថយន្តចិនបន្តផ្លាស់ប្តូរទម្រង់យ៉ាងខ្លាំង។ ផលិតកម្មរថយន្តរបស់ក្រុមហ៊ុនទាំង ៤ នេះនៅក្នុងប្រទេសចិនសរុបចូលគ្នាបានត្រឹមតែជាង ១ លានគ្រឿងប៉ុណ្ណោះក្នុងចន្លោះពីខែមេសា ដល់ខែកញ្ញា ឆ្នាំនេះ។ តួលេខនេះធ្លាក់ចុះរហូតដល់ ៦៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលពេលនោះការផលិតកើនឡើងប្រមាណ ២,៨ លានគ្រឿង។ ទិន្នន័យឆ្លុះបញ្ចាំងពីកម្រិតផលិតកម្មទាបបំផុតសម្រាប់ថេរវេលា ៦ ខែនេះ ដែលជាសញ្ញាហានិភ័យសម្រាប់ម៉ាកយីហោជប៉ុនដែលធ្លាប់តែពឹងផ្អែកយ៉ាងខ្លាំងលើអ្នកទិញនៅក្នុងប្រទេសចិន។
ក្រុមហ៊ុន Honda និង Nissan កំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ដោយផលិតកម្មរបស់ Honda ក្នុងប្រទេសចិនធ្លាក់ចុះ ៦០ ភាគរយធៀបនឹងឆ្នាំមុន ពោលគឺផលិតបានត្រឹមតែ ១៣១ ៧១៦ គ្រឿងប៉ុណ្ណោះ។ តួលេខនេះទាបជាងកាលពីឆ្នាំ២០២០ រហូតដល់ទៅ ៩០ ភាគរយដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការធ្លាក់ចុះឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំង។ ងាកទៅក្រុមហ៊ុន Nissan វិញបានធ្លាក់ចុះផលិតកម្ម ៤៩ ភាគរយ មកត្រឹម ១៦៣ ១៩២ គ្រឿងក្នុងអំឡុងពេល ៦ ខែនេះ។ ក្រុមហ៊ុន Toyota ធ្លាក់ចុះផលិតកម្ម ១៨ ភាគរយមកត្រឹម ៦៦៣ ០៧៩ គ្រឿង ធៀបនឹងឆ្នាំមុន។ ផ្ទុយទៅវិញ ក្រុមហ៊ុន Mazda គឺជាករណីលើកលែងមួយ ដោយបានកត់ត្រានូវកំណើនផលិតកម្មប្រចាំឆ្នាំ ៤៣ ភាគរយ។ យ៉ាងណាមិញ វាទាបជាងកម្រិតឆ្នាំ២០២០ រហូតដល់ ៥២ ភាគរយ ដែលបញ្ជាក់ថា ក្រុមហ៊ុននៅតែត្រូវប្រឹងប្រែងខ្លាំងដើម្បីស្តារជំហរដើមមកវិញ។
តាមរយៈការចេញផ្សាយរបស់ស្ថាប័នដដែលបានបង្ហាញថា បញ្ហាប្រឈមភាគច្រើនកើតចេញពីការផ្លាស់ប្តូរយ៉ាងយ៉ាងរហ័សរបស់ទីផ្សារចិនឆ្ពោះទៅរករថយន្តអគ្គិសនី (EV) និងរថយន្តកូនកាត់ Hybrid ខណៈដែលក្រុមហ៊ុនក្នុងស្រុករបស់ចិនក្តោបក្តាប់ទីផ្សារយ៉ាងរឹងមាំរួចទៅហើយ។ ការប្រែប្រួលនៃទីផ្សារចិននេះបានបង្កើតឱ្យមានបញ្ហាប្រឈមជាច្រើន ដោយសារក្រុមហ៊ុនផលិតរថយន្តចិនកាន់តែមានប្រៀបក្នុងការប្រកួតប្រជែង ជាពិសេស លើវិស័យរថយន្តអគ្គិសនី និងបច្ចេកវិទ្យាទំនើបៗបំពាក់ក្នុងរថយន្ត។ ជាលទ្ធផល ការលក់រថយន្តរត់ដោយប្រេងសាំងនៅក្នុងទីផ្សារចិនធ្លាក់ចុះ ៣០ ភាគរយក្នុងអំឡុង ៩ ខែដំបូងនៃឆ្នាំនេះ។ មិនត្រឹមតែប៉ុណ្ណោះ ទីផ្សាររថយន្តចិនក៏កំពុងប្រឈមមុខនឹងសម្ពាធដូចគ្នា ដោយសារភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច និងការផ្លាស់ប្តូរគោលនយោបាយលើកទឹកចិត្តលើរថយន្តអគ្គិសនី ដែលធ្វើឱ្យទស្សនវិស័យរបស់ក្រុមហ៊ុនផលិតរថយន្តកាន់តែមានភាពស្មុគស្មាញ។
យ៉ាងណាក៏ដោយ បើទោះបីជាជួបប្រទះផលលំបាកយ៉ាងណា ក៏ក្រុមហ៊ុនជប៉ុនមិនអាចបោះបង់ទីផ្សារចិនបានឡើយ ដោយសារចិនក្តោបក្តាប់ទំហំលក់សរុបប្រចាំឆ្នាំទូទាំងពិភពលោករបស់ Toyota ប្រមាណ ១៧ ភាគរយ, Honda ១៨ ភាគរយ និង Nissan ២១ ភាគរយ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនជប៉ុនដែលប្រើប្រាស់រោងចក្រក្នុងប្រទេសចិន បង្វែរទិសដៅនាំចេញរថយន្តទៅកាន់ទីផ្សារអន្តរជាតិវិញ។ លើសពីនេះ ក្រុមហ៊ុនជប៉ុនចាំបាច់ត្រូវតែពន្លឿនការបត់បែន និងអភិវឌ្ឍបច្ចេកវិទ្យាឱ្យស្របតាមតម្រូវការរបស់អ្នកទិញក្នុងប្រទេសចិនប្រសិនបើចង់រក្សាសមត្ថភាពប្រកួតប្រជែងបន្តទៀត៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content