បរទេស៖ យោងតាមប្រភពព័ត៌មានពី The Washington Post បានរាយការណ៍ថា ប្រទេសសិង្ហបុរីអាចរកប្រាក់ចំណូលបានរាប់លានដុល្លារពីការធ្វើជាម្ចាស់ផ្ទះតែមួយគត់នៅអាស៊ីអាគ្នេយ៍សម្រាប់ការប្រគុំតន្ត្រឹ Eras Tour របស់តារាចម្រៀង Taylor Swift ។

Erica Tay នាយកស្រាវជ្រាវផ្នែកម៉ាក្រូសេដ្ឋកិច្ចរបស់ធនាគារ Maybank បានលើកឡើងថា ការប្រគុំតន្ត្រីរបស់តារាចម្រៀង Taylor Swift រយៈពេល ៦ ថ្ងៃ ត្រូវបានរំពឹងថានឹងរកចំណូលដល់ទេសចរណ៍សិង្ហបុរីប្រមាណពី ២៦០ លានដុល្លារទៅ ៣៧៥ លានដុល្លារអាម៉េរិក។
ទន្ទឹមនឹងនេះ សិង្ហបុរីត្រូវបានគេហៅថាជាប្រទេសថ្មីចុងក្រោយដែលទទួលផលប្រយោជន៍ពី “Swiftonomics” ជាពាក្យដែលគេពិពណ៌នាអំពីការជំរុញសេដ្ឋកិច្ចពីការប្រគំតន្ត្រីខ្នាតធំជុំវិញពិភពលោករបស់តារាចម្រៀង Taylor Swift ដែលបានលក់លើសពី ១ ពាន់លានដុល្លារទូទាំងពិភពលោក។ បន្ថែមពីនេះ អ្នកសេដ្ឋកិច្ចបានបង្កើនការប៉ាន់ប្រមាណថា កំណើនប្រចាំឆ្នាំរបស់សិង្ហបុរីនឹងកើនឡើងពី ២,៣ ភាគរយទៅ ២,៥ ភាគរយ ដែលមានន័យថា GDP របស់ប្រទេសសិង្ហបុរីត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ២,៩ ភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដែលជាកម្រិតខ្ពស់បំផុតក្នុងចំណោម ៦ ត្រីមាសមុនៗ។

មិនត្រឹមតែប៉ុណ្ណោះ អាកាសយានដ្ឋានសឹង្ហបុរី Changi ត្រូវបានប៉ាន់ប្រមាណថា មានការកើនឡើងអ្នកដំណើរជាង ២០ ភាគរយចន្លោះថ្ងៃទី ១ និងទី ៧ ខែមីនា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លើសពីនេះ អាជីវកម្មគ្រប់ទំហំអាចរកប្រាក់ចំណូលពីអ្នកគាំទ្រដែលជាភ្ញៀវទេសចរ ដូចជា ហាងប្រេនម៉ាកធំៗ ហាងលក់អង្កាំ និងស្ទូឌីយ៉ូរូបថតជាដើម។ Marina Bay Sands ដែលជាគោលដៅទេសចរណដ៏ប្រណិត និងជាអ្នកឧបត្ថម្ភដំណើរកម្សាន្ត បានរៀបចំដាក់ភ្លើងតាមអាល់ប៊ុមនីមួយៗរបស់ Taylor Swift តាមផ្លូវដើរនៅក្នុងផ្សារទំនើបរបស់ខ្លួន។ លើសពីនេះ កញ្ចប់ស្នាក់នៅរបស់ Marina Bay Sands តម្លៃចាប់ពី ៧ ៥០០ ដុល្លារដល់ ៣៥ ០០០ ដុល្លារត្រូវបានលក់អស់ ហើយ ៩០ ភាគរយគឺជាភ្ញៀវមកពីបរទេស។
ក្រុមហ៊ុនទេសចរណ៍ Klook ត្រូវបានរាយការណ៍ថា មានការកើនឡើង ៥០ ភាគរយពីការកក់សម្រាប់ Singapore Pass របស់ខ្លួន ដែលជាកម្មវិធីផ្តល់ជូននូវការទស្សនាកន្លែងទាក់ទាញល្បីៗរបស់ទីក្រុងសិង្ហបុរី។ Sarah Wan អ្នកគ្រប់គ្រងទូទៅរបស់ Klook ប្រចាំប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរីបានលើកឡើងថា ផ្អែកលើទិន្នន័យរបស់ពួកគេបង្ហាញថា ភ្ញៀវទេសចរណ៍ដែលចូលរួមការប្រគុំតន្ត្រីអាចចំណាយបន្ថែមលើស ៥ ដងពីសំបុត្ររបស់ពួកគេ ហើយអ្នកធ្វើដំណើរទាំងនោះអាចចំណាយ ៨០០ ដុល្លារសម្រាប់បទពិសោធន៍ទេសចរណ៍ក្នុងស្រុករបស់សិង្ហបុរី។

ទោះជាយ៉ាងណាក្តី ភាពជោគជ័យរបស់សិង្ហបុរីអាចបង្កភាពមិនសប្បាយចិត្តក្នុងចំណោមប្រទេសជិតខាង ដែលចង់ទទួលបានប្រយោជន៍ Swiftonomics សម្រាប់សេដ្ឋកិច្ចរបស់ពួកគេ។ នាយករដ្ឋមន្ត្រីថៃ Srettha Thavisin លើកឡើងថា សិង្ហបុរីបានចំណាយប្រាក់ដល់ទៅ ៣ លានដុល្លារអាម៉េរិកក្នុងមួយខនសឺត ដើម្បីធ្វើឱ្យសឹង្ហបុរីក្លាយជាការម្ចាស់ផ្ទះតែមួយគត់នៅអាស៊ីអាគ្នេយ៍ ហើយបណ្តាមេដឹកនាំឥណ្ឌូនេស៊ី និងហ្វីលីពីនក៏បានតវ៉ាពីបញ្ហានេះផងដែរ។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong បាននិយាយថា លោកមិនមើលឃើញការរៀបចំនេះថាជា ការមិនរាក់ទាក់ចំពោះប្រទេសជិតខាងនោះទេ។ ទោះបីជារដ្ឋាភិបាលសិង្ហបុរីមិនបានបង្ហាញពីការចំណាយពិតប្រាកដទៅលើការប្រគំតន្រ្តីរបស់ Taylor Swift ក៏ដោយ ប៉ុន្តែស្ថាប័នព័ត៌មាន CNA គណនាថា វាទំនងជាមានតម្លៃចន្លោះពី ២ ទៅ ៣ លានដុល្លារអាម៉េរិកក្នុងថ្ងៃនៃខនសឺត ហើយខនសឺតនេះមានចំនួន ៦ ថ្ងៃ។
Can Seng Ooi សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Tasmania បាននិយាយថា ការដេញថ្លៃការប្រគុំតន្ត្រី Eras Tour គឺជាផ្នែកមួយនៃផែនការដ៏ធំដែលមានតាំងពីឆ្នាំ ១៩៨៩ ក្នុងគោលបំណងឲ្យសិង្ហបុរីក្លាយជាមជ្ឈមណ្ឌលសម្រាប់សិល្បៈ និងវប្បធម៌នៅក្នុងតំបន់។ នៅឆ្នាំនោះផងដែរ ក្រុមប្រឹក្សាសិល្បៈសិង្ហបុរី បានចេញផ្សាយរបាយការណ៍មួយដែលបង្ហាញពីយុទ្ធសាស្ត្រសម្រាប់ការជំរុញវប្បធម៌របស់សិង្ហបុរី ដែលជាការមលឃើញដ៏វែងឆ្ងាយសម្រាប់ទសវត្សរ៍ក្រោយៗទៀតនាពេលអនាគត។ អ្នកវិភាគនិយាយថា ដោយសារស្ថិរភាពនយោបាយ អត្ថប្រយោជន៍របស់សិង្ហបុរីអាចមានប្រៀបលើប្រទេសជិតខាងរួមមានហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ និងរបៀបវារៈសិល្បៈជាដើម។ លើសពីនេះ ការប្រគុំតន្ត្រី Eras Tour គឺជាការដេញថ្លៃព្រឹត្តិការណ៍ធំចុងក្រោយបំផុតបន្ទាប់ពីការប្រគុំតន្ត្រីរបស់ Coldplay និងការប្រណាំង Formula One៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content