ភ្នំពេញ ៖ រហូតមកដល់អំឡុងខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ធនាគារសហគ្រាសធុនតូច និងមធ្យម (SME) បានផ្តល់កម្ចីក្នុងទំហំទឹកប្រាក់ ២៧ លានដុល្លារអាមេរិក ទៅដល់ ៣៤១ ស្ថាប័នស្មើនឹង ៣៦% នៃគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) ។ នេះបើតាមការឱ្យដឹងពីសំណាក់លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ។
លោកបណ្ឌិត លឹម អូន បានឱ្យដឹងទៀតថា គិតក្នុងឆ្នាំ ២០២៣ ធនាគារ SME បានផ្តល់កម្ចីក្នុងទំហំទឹកប្រាក់ ៦. ៣ លានដុល្លារអាមេរិក ទៅដល់ស្ថាប័នទទួលកម្ចីចំនួន ៥៩ ។
ដោយឡែក ទាក់ទងនឹងកម្ចី៥០លានដុល្លាររបស់រដ្ឋាភិបាលសម្រាប់អាជីវកម្មទេសចរណ៍នៅសៀមរាប លោកអគ្គនាយកធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា បានឱ្យដឹងថា៖ សម្រាប់គម្រោងនេះ ធនាគារបានទទួលពាក្យសុំខ្ចី (Sales Pipeline) ម្រមាណ ៦ លានដុល្លារអាមេរិក ក្នងនោះដែរប្រហែល ២ លានដុល្លារអាមេរិកដែលកំពុងស្ថិតក្នុងដំណើរការរៀបចំ និងស្នើសុំការអនុម័ត។
លោកបានបន្តថា ៖ អាជីវកម្មដែលទទួលបានកម្ចីរួមមាន សណ្ឋាគារប្រមាណ ២៩% ខណៈអាជីវកម្មផ្ទះសំណាក់ ២៥% អាជីវកម្មភោជនីយដ្ឋានមាន ៣១% និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍មាន ១៥% ដោយនៅក្នុងនោះមានសហគ្រិនជាស្ត្រី ៤១% ។

គួររំលឹកថា នៅឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ បានប្រកាសដាក់ឱ្យអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ក្នុងទំហំហិរញ្ញប្បទាន១៥០លានដុល្លារ ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន៧៥ លានដុល្លារតាមរយៈ SME Bank និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន៧៥លានដុល្លារ។
គម្រោងសហហិរញ្ញប្បទាន ស្តារវិស័យទេសចរណ៍នេះ គឺផ្តោតសំខាន់លើវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ ដែលម្ចាស់អាជីវកម្មក្នុងនេះអាច ស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ SME Bank។

ថ្មីៗនេះទៀត ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅខេត្តសៀមរាប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ បានលើកឡើងថា រាជរដ្ឋាភិបាលតាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា SME Bank (Cambodia) បានរៀបចំកម្មវិធីផ្តល់កម្ចីដោយផ្ទាល់(TFSS – Tourism Financing Scheme for Siem Reap province ) កម្ចីដោយផ្ទាល់ ដល់ប្រតិបត្តិករណ៍ទេសចរណ៍ជាមួយប្រាក់បឋម៥០លានដុល្លារដល់ប្រតិបត្តិករទេសចរណ៍នៅក្នុងខេត្តសៀមរាបជាមួយអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀតដើម្បីអនុញ្ញាតឱ្យប្រតិបត្តិករទេសចរណ៍ទទួលបានហិរញ្ញប្បទានក្នុងទឹកប្រាក់សមស្របតាមអាជីវកម្ម។
គម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) គឺជាផ្នែកមួយនៃការគាំទ្រសម្រាប់ការអនុវត្ត “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីការស្តារសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១ -២០២៣”។ ជាមួយគ្នានេះ ដើម្បីលើកកម្ពស់ និងពង្រឺងឱ្យមានការងើបឡើងវិញនៃវិស័យទេសចរណ៍ រាជរដ្ឋាភិបាលបានសម្រេចអនុវត្តគម្រោងនេះ ដើម្បីដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទានសម្រាប់អាជីវកម្មទាក់ទងនឹងវិស័យទេសចរណ៍។
គម្រោង TRCS គាំទ្រ ដំណើរការអាជីវកម្មឡើងវិញ ការកែលម្អ និងទំនើបកម្ម និង ការពង្រឹង និងធ្វើពិពិធកម្មសេវាកម្មទេសចរណ៍ ដើម្បីរៀបចំសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងវិបត្តិក្រោយកូវីដ-១៩។អតិថិជនគោលដៅនៃគម្រោងTRCSមានដូចជា:(១).អាជីវកម្មសណ្ឋាគារ (២).អាជីវកម្មផ្ទះសំណាក់(៣).អាជីវកម្មភោជនីយដ្ឋាន(៤).អាជីវកម្មគាំទ្រដល់វិស័យទេសចរណ៍៕





វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content