ភ្នំពេញ ៖ នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២២កន្លងទៅនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េខាងត្បូងមានការកើនឡើងរហូតដល់ប្រមាណ៦៥៩លានដុល្លារអាមេរិក ដែលបង្ហាញពីភាពវិជ្ជមានជាងឆ្នាំកន្លងទៅ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្តែងនូវការពេញចិត្តចំពោះទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរហាក់មានផលវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្ម សម្រេចបាន ៦៥៩លានដុល្លារ អាមេរិក គឺកើនឡើងដល់៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងន័យនេះដែរ សម្រាប់រយៈពេលពីរសប្តាហ៍ដំបូងបន្ទាប់ពីការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីត្រូវបានកត់ត្រាក្នុងចំនួន ០.៥ លានដុល្លារអាមេរិក។

លោករដ្ឋមន្ត្រីក៏បានអបអរសាទរចំពោះ លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ដែលទទួលបានជោគជ័យក្នុងបេសកកម្មការទូតនៅកម្ពុជា ហើយបានថ្លែងអំណរគុណចំពោះលោកក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា លើគ្រប់វិស័យ ជាពិសេសគឺការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រជាជាតិទាំងពីរ និងបានជម្រាបជូនលោកឯកអគ្គរដ្ឋទូតអំពីច្បាប់ថ្មីស្តីពីការវិនិយោគនៅកម្ពុជា និងបានស្នើឱ្យលោកជំរុញ អ្នកវិនិយោគកូរ៉េមកបណ្តាក់ទុនលើវិស័យផលិតកម្ម កែច្នៃ និងរថយន្តនៅកម្ពុជា ដោយក្រសួងពាណិជ្ជកម្ម បានត្រៀមខ្លួន ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតកូរ៉េថ្មីសម្រាប់បង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត។

លោកឯកអគ្គរដ្ឋទូត Park ក៏បានសម្តែងការពេញចិត្តអំពីទំនាក់ទំនងទ្វេភាគីដ៏ល្អរវាងកម្ពុជា និងកូរ៉េខាងត្បូង ជាពិសេសក្នុងវិស័យនយោបាយ សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការផ្លាស់ប្តូរធនធានមនុស្ស។ លោក Park ក៏មានសុទិដ្ឋិនិយមចំពោះការចូលជាធរមាននៃកិច្ចព្រមព្រៀង CKFTA និងកិច្ចព្រមព្រៀងជៀសវាងការយកពន្ធត្រួតគ្នាដែលនឹងបង្កើនទំនុកចិត្តក្នុងចំណោមវិនិយោគិន និងជំរុញការវិនិយោគ និងអាជីវកម្មកូរ៉េកាន់តែច្រើននៅក្នុងប្រទេសកម្ពុជាប្រកបដោយបរិយាបន្ន និងចីរភាព។
ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ និងមានជំនឿចិត្តថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា នឹងបង្កើនទំនុកចិត្ត និងជំរុញបន្ថែមទៀតនូវការវិនិយោគ និងធុរកិច្ចកូរ៉េ។
លោកក៏បានថ្លែងអំណរគុណដល់កម្ពុជាដែលបានគាំទ្របេក្ខភាពរបស់កូរ៉េខាងត្បូងជាប្រធានអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០២១ និងបានអបអរសាទរកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឆ្នាំនេះប្រកបដោយជោគជ័យ ជាពិសេសកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM)។ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត នូវសមិទ្ធផលនានាក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស្អិតរមួត និងរីកចម្រើន។ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានសង្កត់ធ្ងន់នូវការផ្តល់ជំនួយហិរញ្ញប្បទាន និងបច្ចេកទេសពីសំណាក់រដ្ឋាភិបាល និងប្រជាជនកូរ៉េក្នុងការគាំទ្រ ដល់គម្រោងអភិវឌ្ឍន៍នានា ដើម្បីជួយស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងនោះរួមមាន ការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content