ព្រះសីហនុ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានអំពាវនាវទៅដល់ថៅកែរថយន្ដដឹកទំនិញ ដែលត្រូវប្រើប្រាស់ខ្សែផ្លូវជាតិលេខ៤ ឱ្យបង្វែរទៅប្រើប្រាស់ផ្លូវល្បឿនលឿនវិញ ដោយសម្ដេចបានអះអាងថាផ្លូវនេះមានភាពចំណេញច្រើនជាង។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តម្លៃនៃការប្រើប្រាស់ផ្លូវល្បឿនលឿនសម្រាប់ឡានធម្មតាគឺត្រឹមតែ ១២ដុល្លារប៉ុណ្ណោះ ដែលតម្លៃនេះចំណេញជាងថ្លៃសាំងដែលត្រូវចំណាយក្នុងការបើកបរលើផ្លូវធម្មតាទៅទៀត។ ម្យ៉ាងទៀតពេលនេះតម្លៃសាំងក៏នៅខ្ពស់នៅឡើយ នេះជាវិធីមួយដែលថៅកែរថយន្ដអាចដោះស្រាយបាន។
សម្ដេចបានបន្តថា ៖
“អ្វីដែលសំខាន់ទៀតនោះគឺ វានឹងអាចជួយជាការបញ្ចៀសភាពមមាញឹក និងគ្រោះថ្នាក់ចរាចរណ៍ដែលជាញឹកញាប់តែងកើតឡើងលើផ្លូវជាតិលេខ៤ទៅវិញ ហើយសម្រាប់ផ្លូវល្បឿនលឿនទៀតសោត ការជួបបញ្ហាផ្សេងៗពេលកំពុងប្រើប្រាស់ផ្លូវគឺដោយសារតែអ្នកបើកបរមិនទាន់ចេះប្រើប្រាស់ផ្លូវ ដូច្នេះក៏មានន័យថា គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវល្បឿនលឿននឹងកាត់បន្ថយបានច្រើន ក្រោយពេលដែលអ្នកប្រើប្រាស់មានភាពសុំាជាមួយផ្លូវហើយ”
គួរបញ្ជាក់ថា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ។ ដែលផ្លូវទាំងពីរខ្សែនេះ ជាការតភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ មានប្រវែងសរុបជាង៤៣គីឡូម៉ែត្រ ត្រូវបានស្ថាបនា និងកែលំអរឡើងវិញរួចរាល់ជាស្ថាពរ ក្រោមកញ្ចប់ថវិកាជាតិប្រមាណ ៧៦លានដុល្លារអាមេរិក៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content