ភ្នំពេញ ៖ ប្រទេសវៀតណាម ជាដៃគូពាណិជ្ជកម្មធំមួយរបស់កម្ពុជាដោយឈរនៅលំដាប់ទីមួយបើធៀបជាមួយប្រទេសសមាជិកអាស៊ានផ្សេងទៀត ហើយឈនៅលំដាប់ទី៣ បន្ទាប់ពីចិន និងអាមេរិក ។ ការព្យាករបានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា នឹងកើនដល់ ១០ពាន់លានដុល្លារ នៅដំណាច់ឆ្នាំ២០២២ ដោយក្នុងរយៈពេល៩ខែនៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់ ៨,៤៥ពាន់លានដុល្លារ កើនឡើង ១៦,៧ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ក្នុងវេទិកាវិនិយោគ និងពាណិជ្ជកម្មកម្ពុជាវៀតណាមឆ្នាំ២០២២ នាយប់ថ្ងៃទី៨ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅចំពោះមុខនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ថា កម្ពុជាមានបំណងផ្សារភ្ជាប់ខ្សែច្រវាក់ផលិតកម្មយានយន្ត និងអេឡិចត្រូនិក តាមរយៈការបង្កើតយុទ្ធសាស្ត្រប្រទេសបូក ជាពិសេសជាមួយប្រទេសវៀតណាម ដែលជាជម្រើសទីមួយរបស់វិនិយោគិនបរទេសនៃវិស័យទាំងពីរក្នុងការផ្លាស់ប្ដូរទីតាំងផលិតកម្ម។

ក្នុងវិស័យពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងកម្ពុជា និងវៀតណាម គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅមានកំណើនប្រមាណជាង ៣៤% ដោយក្នុងនោះការវិនិយោគឯកជន គិតពីខែមករា ដល់ខែតុលា ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៦១ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៣.ពាន់លានដុល្លារអាមេរិក កើនឡើង ១៥គម្រោង និងទុនវិនិយោគកើនឡើងប្រមាណ ១.៣%។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖
“ពុំដូចកាលពីមុនមានវិបត្តិជំងឺកូវីដ១៩ ដែលវិនិយោគិនវៀតណាមបានមកបណ្តាក់ទុនច្រើននៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម និងវិស័យទូរគមនាគមន៍។ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យវិនិយោគិនវៀតណាមមកបណ្តាក់ទុន និងធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនឡើងវិញនៅកម្ពុជា ជាពិសេសក្នុងវិស័យដែលកំពុងមានសក្តានុពលខ្ពស់នៅកម្ពុជា ដូចជាកសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ និងឧស្សាហកម្មកម្មន្តសាលធុនស្រាល ជាដើម”
សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនបរទេសទាំងអស់ ជាពិសេសវិនិយោគិនវៀតណាម ដែលបានជ្រើសរើស និងមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។ សម្តេចបានអំពាវនាវដល់ធុរជន និងវិនិយោគិនវៀតណាម ដែលធ្លាប់បានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងធុរជន និងវិនិយោគិនមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់បន្ថែមពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគ ឬសហកាវិនិយោគរួមគ្នាជាមួយវិនិយោគិនកម្ពុជា ដើម្បីទាញយកប្រយោជន៍ជាអតិបរមា ពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។
គិតត្រឹមដំណាច់ខែតុលា ការនាំចេញទំនិញពីវៀតណាមមកកាន់កម្ពុជាមានប្រមាណ ៤,៩៤ ពាន់លានដុល្លារ កើនឡើង ២៥,៦ភាគរយ។ ក្រុមទំនិញដែលកម្ពុជានាំចូលពីវៀតណាម មានចំណូលច្រើនចាប់ពី ១០០ លានដុល្លារឡើងទៅ។ ដូចជា ដែកថែប និងដែក ប្រេងឥន្ធនៈ វាយនភណ្ឌ ជី ក្រដាស និងផលិតផលក្រដាស។ ជាពិសេសការនាំចេញប្រេងសាំងដែលមានតម្លៃ ៥៥៦លានដុល្លារ។ តម្លៃនេះ កើនឡើង២៤៥លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែក និងដែកថែបបាននាំមុខគេក្នុងការនាំចូលមកកម្ពុជាគិតជាតម្លៃ ៨២៧លានដុល្លារ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយវៀតណាម។
ចំណែកមុខទំនិញកម្ពុជា ដែលនាំទៅវៀតណាមធំជាងគេ គឺកៅស៊ូ និងគ្រាប់ស្វាយចន្ទី ។ ចំពោះទំនិញ ដែលកម្ពុជានាំចូលវៀតណាមវិញសម្រេចបាន៤,១៣ ពាន់លានដុល្លារ កើនត្រឹម ៤,៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទំហំនេះបានធ្វើឱ្យវៀតណាមមានអតិរេកពាណិជ្ជកម្មប្រមាណ៨១០លានដុល្លារ។
កម្ពុជា ក៏មិនខុសពីវៀតណាម និងប្រទេសដទៃទៀតក្នុងពិភពលោក បានជួបនឹងផលប៉ះពាល់ជាអវិជ្ជមានពីជំងឺកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងទៀត ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ បញ្ហាសម្ពាធអតិផរណាកើត ចេញពីវិបត្តិថាមពល ដែលជាផលវិបាកនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទៅវិញទៅមករបស់ប្រទេសមហាអំណាច ពាក់ព័ន្ធនឹងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។ តែក្នុងឆ្នាំ២០២២ ស្ថានការណ៍ហាក់មានភាពធូរស្រាលជាងមុនសម្រាប់កម្ពុជា ដោយតាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សេដ្ឋកិច្ចកម្ពុជា បានរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,៥% ក្នុងឆ្នាំ២០២២ និង ៦,៦% ក្នុងឆ្នាំ២០២៣។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា និងវៀតណាមបានជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងចំណោមប្រទេសនៅអាស៊ីក្នុងសន្ទស្សន៍ស្ដារឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ របស់កាសែតជប៉ុន នីកកេ (NIKKEI) ដែលបានធ្វើការវាយតម្លៃ និងចាត់ថ្នាក់ប្រទេសជាច្រើនលើសកលលោកអំពីសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ ការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង និងការស្ដារសកម្មភាព សង្គម-សេដ្ឋកិច្ចឡើងវិញជាដើម។
កម្ពុជា និងវៀតណាម ក៏ជាភាគីសមាជិក និងភាគីហត្ថលេខី នៃកិច្ចព្រមព្រៀងអាសិប (RCEP) ដែលជាយន្តការពាណិជ្ជកម្មសេរី ពហុភាគីដ៏សំខាន់សម្រាប់លើកកម្ពស់ការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចតំបន់ រក្សានូវវិបុលភាព និងស្ថិរភាពនយោបាយតំបន់ គួរបង្កើនកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះឱ្យពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content