(ភ្នំពេញ)៖ សមាគមសហគ្រិនវ័យកម្ពុជា ហៅកាត់ថា YEAC រួមជាមួយនឹងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ហៅកាត់ JCI បានសហការគ្នាក្នុងការជ្រើសរើសយកបេក្ខភាពសហគ្រិនឆ្នើមចំនួន៥រូប ចេញពីសហគ្រិនរាប់រយរូបឯទៀត។ ការជ្រើសរើសនេះផងដែរ គឺដើម្បីស្វែងរកសហគ្រិនឆ្នើមសម្រាប់ទទួលពានរង្វាន់នាឆ្នាំ២០២២នេះ។

ការប្រកួតប្រជែងដ៏ស្វិតស្វាញ ដែលត្រូវបានចាប់ផ្ដើមតាំងតែពីខែសីហាកន្លងទៅ រហូតមកដល់ខែធ្នូនេះបានចេញជាលទ្ធផល ដោយមានសហគ្រិនចំនួន៥រូបបានទទួលពានរង្វាន់តាមផ្នែកផ្សេងៗគ្នា ដោយការជម្រុះត្រូវបានបែងចែកជា៤ដំណាក់កាលខុសៗគ្នា។
ដំណាក់កាលទី១គឺការប្រកាសបើកទទួលពាក្យ ដំណាក់កាលទី២គឺរៀបចំជាសិក្ខាសាលាដើម្បីផ្ដល់ជាព័ត៌មានទៅដល់បណ្ដាញ JCI ទាំង២៥ខេត្តក្រុង។ ដំណាក់កាលទី៣គឺ ការជ្រើសរើសយកបេក្ខភាពចំនួន ៣៦រូប។ ដំណាក់កាលទី៤គឺការជ្រើសរើសយកបេក្ខភាព១៥រូប ចេញពីបេក្ខភាពទាំង ៣៦ និងដំណាក់កាលចុងក្រោយគឺការប្រគល់ពានរង្វាន់ជូនបេក្ខភាព៥រូប ដែលចម្រាញ់ចេញពីបេក្ខភាព១៥រូបចុងក្រោយ។
នារាត្រីទី ១៩ខែធ្នូថ្មីៗនេះ គឺជាថ្ងៃប្រកាសជ័យលាភី៥នាក់ដែលជាប់ជាសហគ្រិនឆ្នើម។ សហគ្រិនទាំង៥រូបរួមមាន៖
- អ្នកស្រី ចៅ លន់មូលីកា ទទួលបានពានរង្វាន់ធូរកិច្ចបរិយាប័ន្ន
- លោក ទីន កូលមេន ទទួលបានពានរង្វាន់សហគ្រិនបច្ចេកវិទ្យា
- លោក ឡី កំថូង ទទួលបានពានរង្វាន់ធុរកិច្ចបង្កើតថ្មី
- លោក ពិន ពណ្ណរាយ ទទួលបានពានរង្វាន់សហគ្រិនវ័យក្មេងឆ្នើម
- កញ្ញា អ៊ុយ សុធារីណា ទទួលបានពានរង្វាន់សហគ្រិនស្ត្រីវ័យក្មេងឆ្នើម។
លោកស្រី ស្រួ ណារីយ៉ា ប្រធានថ្នាក់ជាតិនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាបានបង្ហាញការអបអរសាទរចំពោះជ័យលាភីទាំង៥រូប និងបង្ហាញការជឿជាក់ថា នេះជាជំហានមួយបន្ថែមទៀតក្នុងការកសាងទំនុកចិត្តក្នុងអាជីវកម្មកម្ពុជា។
លោកស្រីមានប្រសាសន៍ថា៖
“កម្មវិធីថ្ងៃនេះគឺជាគម្រូដ៏ល្អមួយ ហើយក៏ជាមូលហេតុដែលពួកខ្ញុំព្យាយាមបង្កើត និងបន្តធ្វើកម្មវិធីបែបនេះ ដើម្បីគាំទ្រដល់ជំនួញបង្កើតថ្មី ហើយទាំងអស់នេះមិនសម្រាប់តែប្រាក់ចំណេញតែមួយមុខនោះទេ”
ឧកញ៉ា ប៉ិច បូឡែន ដែលជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាក៏បានសាទរផងដែរ ចំពោះជោគជ័យមួយផ្នែកនាពេលនេះ។ លោកឧកញ៉ាក៏បានកត់សម្គាល់ឃើញពីការរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយមកនេះ ដោយមានសហគ្រិនជាច្រើនបានងាកទៅបង្កើតជំនួញ និងបង្កើតការងារឱ្យប្រជាជនដទៃទៀត។
លោកឧកញ៉ាបន្តថា៖
“សហគ្រិនបច្ចុប្បន្ន ជាពិសេសសហគ្រិនវ័យក្មេងបានឈ្មោះឈ្មុលរុករកអាជីវកម្មប្លែកៗ ដើម្បីបម្រើឱ្យការរស់នៅកាន់តែមានភាពងាយស្រួលជាងមុន ហើយខ្ញុំមានការសប្បាយចិត្តដែលឃើញសិស្សមហាវិទ្យាល័យចាប់ផ្ដើមចូលរួមជាបណ្ដាញរបស់យើង ដែលពួកគេទាំងនោះពូកែក្នុងការធ្វើការងារជាក្រុមណាស់”
ដោយឡែក ការបែងចែកពានរង្វាន់ខុសៗគ្នានេះ លោកឧកញ៉ាបានឱ្យដឹងថា ជាគោលបំណងក្នុងការបែងចែកផ្នែកនៃអាជីវកម្មឱ្យច្បាស់លាស់ ដូច្នេះពួកគេនឹងយល់ពីភាពខ្លាំងរបស់ខ្លួន ព្រមទាំងងាយស្រួលរកដៃគូសហការទាំងក្នុង និងក្រៅប្រទេស។
គួររំលឹកថា ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា (CYEA) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៥ ដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI) រួមជាមួយនឹងសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC)។ ពានរង្វាន់នេះត្រូវបានផ្ដល់ឱ្យជារៀងរាល់ឆ្នាំទៅដល់សហគ្រិនឆ្នើមដែលបានឆ្លងកាត់ការប្រកួតប្រជែង។ ការប្រកួតប្រជែង ដើម្បីជ្រើសរើសសហគ្រិនឆ្នើមនេះដែរបានចាប់ផ្ដើមតាំងតែពីខែសីហា ឆ្នាំ២០២២មកម្លេះ៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content