ភ្នំពេញ ៖ វិស័យមូលបត្រអាចចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនប្រសិទ្ធភាពនៃការកៀរគរ និងបែងចែកមូលធន ខណៈវិស័យមូលបត្រដែលរីកចម្រើននឹងផ្តល់នូវប្រភពទុនមួយដែលមិនចេះរីងស្ងួតសម្រាប់ម្ចាស់អាជីវកម្មជាទូទៅ ហើយបង្កើតឡើងនូវប្រភពចំណូលមួយសម្រាប់បុគ្គល និងតួអង្គសេដ្ឋកិច្ចផ្សេងទៀត។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងសន្និសីទជាតិស្ដីពីទីផ្សារមូលបត្រកម្ពុជា “មួយទស្សវត្សរ៍នៃការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា និងដំណើរឆ្ពោះទៅមុខ” នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ តាមទ្រឹស្ដីសេដ្ឋកិច្ច, វិស័យមូលបត្រអាចចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនប្រសិទ្ធភាពនៃការកៀរគរ និងបែងចែកមូលធនពីភ្នាក់ងារសេដ្ឋកិច្ចដែល មានសមត្ថភាពហិរញ្ញប្បទាន (មានន័យថា មានលទ្ធភាពសន្សំប្រាក់) ជូនទៅភ្នាក់ងារសេដ្ឋកិច្ច ដែលមានតម្រូវការហិរញ្ញប្បទាន។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានថ្លែងបន្តថា វិស័យមូលបត្រដែលរីកចម្រើន នឹងផ្តល់នូវប្រភពទុនមួយដែលមិនចេះរីងស្ងួត សម្រាប់ម្ចាស់អាជីវកម្មជាទូទៅ ហើយបង្កើតឡើងនូវប្រភពចំណូលមួយសម្រាប់បុគ្គល និងតួអង្គសេដ្ឋកិច្ចផ្សេងទៀត ដែលអាចធ្វើពិពិធកម្មខ្ទង់វិនិយោគរបស់ខ្លួនបានកាន់តែប្រសើរ។
គម្រោងអភិវឌ្ឍន៍ទីផ្សារមូលបត្រនៅកម្ពុជា បានចាប់ផ្តើមក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានចាត់ឱ្យមានការបង្កើតក្រុមការងារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសិក្សាអំពីលទ្ធភាពនៃការបង្កើតទីផ្សារមូលបត្រនេះឡើងនៅក្នុងឆ្នាំ២០០៦ ហើយត្រូវបានដឹកនាំផ្ទាល់ដោយឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
តែជារួម វិស័យមូលបត្រនៅកម្ពុជាត្រូវបានសន្មត់ថា បានចាប់ផ្តើមបដិសន្ធិឡើងជាមួយនឹងការដាក់ឱ្យប្រើនូវច្បាប់ស្តីពីការបោះផ្សាយ និងជួញដូរមូលបត្រមហាជន ក្នុងឆ្នាំ២០០៧ និងការដាក់ឱ្យដំណើរការនូវគណៈកម្មការមូលបត្រកម្ពុជាក្នុងឆ្នាំ២០០៨ និងតួអង្គនានា ក្នុងវិស័យមូលបត្រជាបន្តបន្ទាប់។ ហើយផ្សារមូលបត្រកម្ពុជាវិញ ត្រូវបានបង្កើតឡើង ក្រោមរូបភាពជាក្រុមហ៊ុនចម្រុះរដ្ឋ រវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្សារមូលបត្រកូរ៉េ ក្នុងឆ្នាំ២០១០ និងបានបើកដំណើរការជួញដូរមូលបត្រជាលើកដំបូងនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១២ ជាមួយនឹងការចុះបញ្ជីជួញដូរមូលបត្ររបស់សហគ្រាសសាធារណៈចំនួនមួយ គឺរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា ដើម្បីអភិវឌ្ឍវិស័យមូលបត្រ, រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការតែងយកចិត្តទុកដាក់គាំទ្រវិស័យមួយនេះ តាមរយៈការលើកទឹកចិត្តពន្ធដារសម្រាប់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ និងវិនិយោគិន, ការយកចិត្តទុកដាក់ការពារផលប្រយោជន៍របស់សាធារណជន និងការរៀបចំបទប្បញ្ញត្តិដែលមានលក្ខណៈអំណោយផល ដល់សកម្មភាពមូលបត្រជាដើម។ រាជរដ្ឋាភិបាលនឹងនៅបន្តការយកចិត្តទុកដាក់នេះ ក៏ដូចជាការគិតគូរអំពីយន្តការនានាបន្ថែម ដើម្បីឱ្យទីផ្សារមួយនេះ អាចបំពេញតួនាទីបែងចែកមូលធនរបស់ខ្លួន កាន់តែទូលំទូលាយ និងកាន់តែមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ៖
“ពាក់ព័ន្ធនឹងការលើកទឹកចិត្តផ្នែកពន្ធដារ, រាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្ត ជាការកាត់បន្ថយពន្ធលើប្រាក់ចំណូល សម្រាប់សហគ្រាសដែលចុះបញ្ជីលក់មូលបត្រ, ទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល, និងកាត់បន្ថយពន្ធកាត់ទុកលើការប្រាក់លើភាគលាភ និងលើការប្រាក់ពាក់ព័ន្ធនឹងមូលបត្របំណុល តាំងពីទីផ្សារមូលបត្រកម្ពុជា បានចាប់ផ្តើមដំណើរការដំបូងក្នុងឆ្នាំ ២០១២ រហូតមកដល់បច្ចុប្បន្ន និងនៅតែបន្តការលើកទឹកចិត្តបែបនេះ រហូតទាល់តែឈានដល់កម្រិតអភិវឌ្ឍដែលអាចទទួលយកបាន”
រាជរដ្ឋាភិបាល ក៏គ្រោងនឹងចាប់ផ្តើមបោះផ្សាយមូលបត្ររដ្ឋក្នុងឆ្នាំ២០២២នេះ ដើម្បីបង្កើតនូវប្រភពហិរញ្ញប្បទានមួយថ្មីសម្រាប់ការកៀរគរទុនរបស់រដ្ឋ ក៏ដូចជាដើម្បីបង្កើតឧបករណ៍ហិរញ្ញវត្ថុថ្មី សម្រាប់វិនិយោគិននៅក្នុងទីផ្សារមូលបត្រ ជាពិសេសវិនិយោគិនស្ថាប័នដូចជា ធនាគារ, ក្រុមហ៊ុនធានារ៉ាប់រង, មូលនិធិសោធនិវត្តន៍, មូលនិធិសន្តិសុខសង្គមជាដើម ។ ឧបករណ៍ហិរញ្ញវត្ថុថ្មី រំពឹងថានឹងទទួលបានការពេញនិយម សម្រាប់ការជួញដូរនៅក្នុងផ្សារមូលបត្រកម្ពុជា និងផ្តល់នូវទិន្នន័យ Benchmark សម្រាប់ការជួញដូរមូលបត្រសាជីវកម្ម និងការវិភាគហិរញ្ញវត្ថុនានា ដូចត្រូវបានអនុវត្តនៅក្នុងប្រទេសដែលមានវិស័យមូលបត្ររីកចម្រើន។
ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) មានមូលធនីយកម្មទីផ្សារសរុបចំនួន ២,៤៣ ពាន់លានដុល្លារ។ ទំហំជួញដូរសរុបបានកើនឡើង ៣៨៦ ភាគរយកាលពីឆ្នាំ ២០២១ ជាមួយនឹងទំហំជួញដូរប្រចាំថ្ងៃកើនឡើង ៣៨២ ភាគរយបើធៀបទៅនឹងឆ្នាំ ២០២០។ គិតត្រឹមចុងខែកុម្ភៈ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីមូលបត្រកម្មសិទ្ធិចំនួន ៩ ក្នុងនោះក្រុមហ៊ុន ៧ បានចុះបញ្ជីលើផ្សារគោល និងក្រុមហ៊ុនចំនួន ២ ចុះបញ្ជីនៅលើទីផ្សារកំណើន។ លើសពីនេះទៀតក្រុមហ៊ុនចំនួន ៦ បានចេញមូលបត្រសាជីវកម្មចំនួន ៨ នៅលើផ្សារហ៊ុនមួយនេះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content