ភ្នំពេញ ៖ បច្ចុប្បន្ន កម្ពុជាមានរោងចក្រកិនស្រូវ និងគ្រាប់ធញ្ញជាតិខ្នាតធំចំនួន១៩មូលដ្ឋាន ជាមួយដើមទុនវិនិយោគចំនួន ៣៤២,៣០ លានដុល្លារអាមេរិក និងម៉ាស៊ីនកិនស្រូវខ្នាតតូច-មធ្យម ចំនួន ១៩ ៥៧០ មូលដ្ឋាននៅទូទាំងប្រទេស ជាមួយដើមទុនវិនិយោគចំនួន ១១១,៧០ លានដុល្លារអាមេរិក ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅ និងជំរុញការនាំចេញអង្ករឱ្យបាន១លានតោនចាប់ពីឆ្នាំ២០២៥ និងសម្រេចកំណើននាំចេញជាបន្តបន្ទាប់ ពី៣% ទៅ ៥% ជារៀងរាល់ឆ្នាំ។
នៅក្នុងវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យស្រូវអង្ករតាមរយៈការស្រាវជ្រាវ និងនវានុវត្តន៍ កិច្ចសហការ និងការអនុវត្តប្រកបដោយនិរន្តរភាព ដើម្បីបង្កើនភាពប្រកួតប្រជែងជាសកលនៃអង្ករកម្ពុជា។
ថ្លែងក្នុងវេទិកាស្រូវអង្ករកម្ពុជានេះ ឯកឧត្តម ហែម វណ្ណឌី បានផ្តោតលើសារៈសំខាន់នៃការកែច្នៃដើម្បីបង្កើតតម្លៃបន្ថែមសម្រាប់វិស័យស្រូវអង្កររបស់កម្ពុជា និងបានលើកឡើងពីតួនាទីរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការនាំយកផលិតផលកសិកម្មមកកែប្រែ កែច្នៃ និងផលិតទៅជាផលិតផលកសិ-ឧស្សាហកម្ម និងឧស្សាហកម្ម ដែលផ្តល់តម្លៃបន្ថែមខ្ពស់ បង្កើតឱកាសទីផ្សារពិសេស (Niche Market)។
ឯកឧត្តមបានជំរុញឱ្យភាគីពាក់ព័ន្ធបន្តការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្នែកដឹកជញ្ជូន ភស្តុភារកម្ម បរិក្ខាស្តុកទុក និងរោងចក្រកែច្នៃ ព្រមទាំងអនុវត្តកសិកម្មមេត្រីភាពបរិស្ថាន ចាប់យកបច្ចេកវិទ្យាកសិកម្មទំនើប ស្របតាមផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាកសិកម្ម (Agri-Tech Roadmap)។ ការអនុវត្តទាំងនេះមិនត្រឹមតែបង្កើនទិន្នផលប៉ុណ្ណោះទេ តែវាក៏រួមចំណែកដល់និរន្តរភាពនៃភពផែនដី ដែលអ្នកប្រើប្រាស់នៅទូទាំងពិភពលោកកាន់តែយកចិត្តទុកដាក់។
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនថា ដើម្បីគាំទ្របន្ថែមដល់វិស័យស្រូវអង្ករ ជាពិសេសអ្នកនាំចេញ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានប្រែក្លាយមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលនឹងពង្រីកសមត្ថភាពធ្វើតេស្តរបស់ខ្លួនចាប់ពីខែធ្នូខាងមុខនេះទៅ។
គួរបញ្ជាក់ដែរថា វេទិកាស្រូវអង្ករនេះធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើការប្រមូលធាតុចូល និងវេទិកាពិភាក្សាលើចរន្តនិន្នាការនៃទីផ្សារអង្ករលើពិភពលោក ក៍ដូចជាដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយ វិធានការ គោលដៅកម្ពុជាលើការជំរុញផលិតកម្ម ការនាំចេញស្រូវអង្ករជូនប្រជាកសិករ ពាណិជ្ជករ និងភាគីពាក់ព័ន្ធទាំងអស់។ លើសទៅពីនេះទៀត ក៏មានការពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួនដែលអាចជាធាតុចូលដ៏សំខាន់ដល់ការអនុវត្តផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធស្រូវអង្ករកម្ពុជា និងសម្រាប់ជាគោលនយោបាយស្រូវអង្ករកម្ពុជាផងដែរ៕