ភ្នំពេញ ៖ កម្ចីពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ គឺជាប្រភពទុនដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋ ដែលអាចយកទៅប្រើប្រាស់ជាទុនក្នុងការបង្កើនចំណូល ឬបង្កើតអាជីវកម្មផ្ទាល់ខ្លួន អាស្រ័យទៅតាមផែនការរៀងៗខ្លួន។ ប៉ុន្តែមុននឹងសម្រេចចិត្តប្រើប្រាស់កម្ចី គួរសិក្សាឱ្យបានល្អិតល្អន់សិនថា តើវាផ្តល់ផលប្រយោជន៍ ឬបង្កើនបន្ទុកបំណុលបន្ថែម?
ថ្ងៃនេះ AMS Economy សូមលើកឡើងចំណុចចំនួន ២ ដែលអ្នកគួរពិចារណាមុននឹងសម្រេចចិត្តប្រើប្រាស់កម្ចីដូចខាងក្រោម ៖

១. តើអ្នកមានសមត្ថភាពសងត្រឡប់ដែរឬទេ?
បន្ទាប់ពីអ្នកសម្រេចចិត្តហើយថា អ្នកពិតជាត្រូវការប្រើប្រាស់កម្ចីមែន សូមពិចារណាទៅលើស្ថានភាពហិរញ្ញវត្ថុរបស់អ្នកថា តើអ្នកអាចបង់សងត្រឡប់ទៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានប៉ុន្មានដែរក្នុងមួយខែ។ អ្នកអាចគណនារកតួលេខនេះតាមរយៈការគុណគូរប្រាក់ចំណូល និងចំណាយជាមធ្យមរបស់អ្នកប្រចាំខែ។
ហេតុអ្វីបានជាអ្នកចាំបាច់គិតពីចំណូល និងចំណាយ? វាគឺជារឿងសំខាន់ក្នុងការគណនាទុកជាមុននួវចំនួនប្រាក់ដែលអ្នកមានលទ្ធភាពក្នុងការបង់សងប្រចាំខែទៅកាន់ស្ថាប័នដែលអ្នកខ្ចី ព្រោះថាប្រសិនណាបើអ្នកដឹងពីចំនួនប្រាក់ដែលអ្នកអាចបង់សងបាន អ្នកនឹងអាចជ្រើសរើសយកទំហំកម្ចីដែលស័ក្ដិសមនឹងអ្នក។

២. តើអ្នកខ្ចីប្រាក់យកប្រើប្រាស់ក្នុងគោលបំណងអ្វី? ខ្ចីដើម្បីបង្កើនចំណូល ឬបង្កើតបំណុល?
មុននឹងអ្នកសម្រេចចិត្តស្នើសុំកម្ចី សូមសួរទៅកាន់ខ្លួនអ្នកថា តើអ្នកខ្ចីប្រាក់ក្នុងគោលបំណងអ្វី? ខ្ចីដើម្បីបង្កើនចំណូល ឬបង្កើតបំណុល? អ្នកអាចឆ្ងល់ថា ខ្ចីយ៉ាងម៉េចទៅជាការបង្កើនចំណូល? ហើយការខ្ចីដែលជាការបង្កើតបំណុល វាយ៉ាងម៉េចវិញ? មិនមែនការខ្ចីទាំងអស់សុទ្ធតែជាការការបង្កើតបំណុលទេឬ?
មុនឆ្លើយតបទៅនឹងសំនួរខាងលើ អ្នកជំនាញបានលើកឡើងថា មិនមែនការខ្ចីទាំងអស់សុទ្ធតែជាការបង្កើតបំណុលនោះទេ។ កម្ចីអាចផ្ដល់ផលល្អ ឬអាក្រក់ អាស្រ័យទៅលើការប្រើប្រាស់របស់អ្នក។
ប្រសិនណាបើអ្នកប្រើវាត្រូវទៅតាមគោលបំណង ដូចជាការពង្រីកអាជីវកម្ម ឬបង្កើតអាជីវកម្ម ដែលមានផែនការច្បាស់លាស់ និងការគ្រប់គ្រងហិរញ្ញវត្ថុត្រឹមត្រូវ នោះវានឹងជួយអ្នកក្នុងការរកចំណូលបន្ថែមនៅពេលអាជីវកម្មរបស់អ្នកមានរីកចម្រើនទៅតាមផែនការអាជីវកម្មរបស់អ្នក។
ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើអ្នកចេះតែខ្ចីតាមចំណង់ដោយមិនបានគិតឱ្យបានច្បាស់លាស់ វានឹងធ្វើអោយអ្នកជំពាក់បំណុលគេលើសដើម។ កម្ចីដែលនឹងបង្កើតបន្ទុកបំណុលដល់អ្នកគឺជាការខ្ចីដែលមិនមានគោលបំណងនៃការប្រើប្រាស់ច្បាស់លាស់។ វាកើតឡើងនៅពេលដែលអ្នកខ្ចីប្រាក់គេយកទៅទិញរបស់ដែលមិនចាំបាច់ ឬយកទៅចំណាយលើអ្វីមួយដែលមិនផ្ដល់ចំណូលលត្រឡប់មកកាន់អ្នកវិញ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content