ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ធនាគារ SME បានបញ្ចេញឥណទានប្រមាណជិត ៥៥ លានដុល្លារ ទៅដល់អាជីវកម្មស្ថិតក្នុងវិស័យទេសចរណ៍ចំនួន ៣៥០ ក្នុងគោលបំណងដើម្បីជួយស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។
យោងតាមរបាយការណ៍របស់ធនាគារ SME គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ មានអាជីវកម្មស្ថិតក្នុងវិស័យទេសចរណ៍ចំនួន ៣៥០ ដែលទទួលបានហិរញ្ញប្បទាន ពីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) ជាមួយទំហំហិរញ្ញប្បទានចំនួន ៥៤.១៦ លានដុល្លារអាមេរិក ឬស្មើនឹង ៣៦.១០% នៃគម្រោងថវិកាសរុប ១៥០ លានដុល្លារអាមេរិក។
ក្នុងនោះហិរញ្ញប្បទានសម្រាប់អាជីវកម្មសណ្ឋាគារមាន ២៩% ខណៈអាជីវកម្មផ្ទះសំណាក់មាន ២៥% អាជីវកម្មភោជនីយដ្ឋានមាន ៣១% និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍មាន ១៥% ដោយនៅក្នុងនោះមានសហគ្រិនជាស្ត្រី ៤១%។
គម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) គឺជាផ្នែកមួយនៃការគាំទ្រសម្រាប់ការអនុវត្ត “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីការស្តារសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១ -២០២៣”។
ដើម្បីលើកកម្ពស់ និងពង្រឺងឱ្យមានការងើបឡើងវិញនៃវិស័យទេសចរណ៍ រាជរដ្ឋាភិបាលបានសម្រេចអនុវត្តគម្រោងនេះ ដើម្បីដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទានសម្រាប់អាជីវកម្មទាក់ទងនឹងវិស័យទេសចរណ៍។
គម្រោង TRCS គាំទ្រ (ក) ដំណើរការអាជីវកម្មឡើងវិញ (ខ) ការកែលម្អ និងទំនើបកម្ម និង (គ) ការពង្រឹង និងធ្វើពិពិធកម្មសេវាកម្មទេសចរណ៍ ដើម្បីរៀបចំសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងវិបត្តិក្រោយកូវីដ-១៩។
អតិថិជនគោលដៅនៃគម្រោង TRCS មានដូចជា: (១). អាជីវកម្មសណ្ឋាគារ (២). អាជីវកម្មផ្ទះសំណាក់ (៣). អាជីវកម្មភោជនីយដ្ឋាន (៤). អាជីវកម្មគាំទ្រដល់វិស័យទេសចរណ៍៕