ភ្នំពេញ ៖ ផលិតផលកសិកម្មរបស់កម្ពុជា បាន និងកំពុងពង្រីកទីផ្សារកាន់តែធំនៅក្រៅប្រទេស ដោយគិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាកំពុងចរាចរណ៍នៅលើទីផ្សារបរទេសបានប្រមាណ១៧០ប្រទេសហើយ ។ នេះបើតាមលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាបានសាយភាយស្ទើរតែពេញពិភពលោកទៅហើយ ជាក់ស្ដែង ទំនិញកសិផលរបស់កម្ពុជាកំពុងមានវត្តមានលើទីផ្សារប្រមាណ ១៧០ប្រទេសរួចទៅហើយ។

លោកណ្ឌិតបន្តថា តាមរយៈការពង្រីកទីផ្សារផលិតផលកសិកម្មនៅក្រៅប្រទេស បានធ្វើឱ្យការនាំចេញទំនិញកសិផលកម្ពុជាមានបរិមាណកើនឡើង ជាក់ស្ដែង ក្នុងឆ្នាំ២០២៥កន្លងទៅនេះ ការនាំចេញផលិតផលកសិកម្មជារុក្ខជាតិរបស់កម្ពុជាសម្រេចបានប្រមាណ១៥លានតោន ។
លោកថា ៖ « ការពង្រីកទីផ្សារ និងបង្កើនបរិមាណនាំចេញពីកម្ពុជា មិនមែនយើងចេះតែបង្កើន និងពង្រីកដោយឯកឯងទេ ។ វាក៏អាស្រ័យលើគុណភាពផលិតផលរបស់យើង ហើយមានការទទួលស្គាល់ និងគាំទ្រពីទីផ្សារប្រមាណ១៧០ទីផ្សារនោះផងដែរ » ។
លោកបណ្ឌិតបន្ថែមថា ប្រព័ន្ធភូតគាមអនាម័យមានសារសំខាន់ណាស់ក្នុងការតភ្ជាប់តាំងពីកន្លែងផលិតរហូតដល់អ្នកប្រើប្រាស់ ហើយតាមរយៈការនាំចេញទៅកាន់ទីផ្សារបរទេសកាន់តែមានចំនួនច្រើនដូច្នេះ បានបញ្ជាក់ឱ្យឃើញច្បាស់ថា ផលិតផលរបស់កម្ពុជាកាន់តែមានទំនុកចិត្តនៅលើទីផ្សារបរទេស ។

ឯកឧត្ដម ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្ដង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ផលិតផលដែលអាចនាំចេញទៅក្រៅប្រទេសបានគឺផ្អែកលើកត្តាមួយចំនួន ក្នុងនោះរួមមានកត្តាស្តង់ដារផលិតផល ។ ស្ដង់ដារផលិតផលទាំងនេះ រួមបញ្ចូលទាំងទំហំនៃផលិតផល រសជាតិ និងគុណភាពនៃផលិតផល ។
ឯកឧត្តមបន្តថា ដើម្បីអាចនាំចេញផលិតផលចេញទៅកាន់ទីផ្សារក្រៅប្រទេសបាន ក៏អាស្រ័យទៅលើប្រព័ន្ធគ្រប់គ្រងនៃការផលិតផងដែរ ។ ជាឧទាហរណ៍ ក្នុងរោងចក្រ ឬសិប្បកម្មមួយដែលមានបុគ្គលិកច្រើន ហើយក្នុងករណីមានបុគ្គលិកមួយចំនួនធ្វើធ្វេសប្រហែស មិនបានត្រួតពិនិត្យប្រព័ន្ធ ឬក៏ធ្វើឱ្យផលិតផលសម្រេចចេញមកខុសបច្ចេកទេស ក៏ផលិតផលទាំងនោះមិនអាចនាំចេញទៅតាមគោលដៅដែលចង់បាននោះដែរ ។

គួររម្លឹកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការនាំចេញទំនិញកសិផល ក៏ដូចជាទំនិញផ្សេងៗទៀតពីកម្ពុជាទៅកាន់ទីផ្សារបរទេសហាក់កើនឡើងខ្ពស់ ។ តាមរយៈកំណើននៃការនាំចេញនេះ ត្រូវបានគេដឹងថា ដោយសារតែកម្ពុជាបានស្វែងរកទីផ្សារថ្មីៗ ក្នុងនោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគីបានជំរុញឱ្យការនាំចេញរបស់កម្ពុជាទៅកាន់បរទេសកាន់តែមានកំណើនខ្ពស់ ។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងកាលពីពេលកន្លងទៅឱ្យដឹងថា ទោះបីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនបានចូលជាធរមាន និងកំពុងអនុវត្តន៍ ក៏កម្ពុជានៅតែបន្តស្វែងកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្ដាប្រទេសដែលមានទីផ្សារធំៗជាច្រើនទៀត ក្នុងគោលបំណងស្វែងរកទីផ្សារឱ្យផលិតផលរបស់កម្ពុជា ជាពិសេសផលិតផលកសិកម្មដែលជាផលិតផលយុទ្ធសាស្ត្រឈានមុខមួយរបស់កម្ពុជា ៕






វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content