ភ្នំពេញ ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានបូកបី លើកទី១៤ (14th ALMM+3) រួមមាន ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ត្រូវបានធ្វើឡើងក្រោមមូលបទ «ការលើកកម្ពស់មូលធនមនុស្សអាស៊ាន ៖ វិញ្ញាបនបត្រជំនាញឆ្ពោះទៅរកការទទួលស្គាល់ជាសកល» នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងបាងកក ប្រទេសថៃ ខណៈដែលកម្ពុជាក៏បានចូលរួមតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ឌីជីថលូបនីយកម្ម បញ្ញាសិប្បនិម្មិត (AI) ការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងប្រជាសាស្ត្រ កំពុងផ្លាស់ប្តូរទីផ្សារការងារអាស៊ាន។ កម្ពុជា បានចាត់ទុកការបញ្ជាក់វិញ្ញាបនបត្រជំនាញ ជាស្ពានដ៏សំខាន់សម្រាប់តភ្ជាប់រវាងការអភិវឌ្ឍជំនាញ និងការចល័តកម្លាំងពលកម្ម។ ការបណ្តុះបណ្តាល គឺផ្តល់ជំនាញដល់ពលករ ខណៈការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែនគឺធ្វើឱ្យជំនាញនោះមានភាពច្បាស់លាស់ និងគួរឱ្យទុកចិត្ត។ ការទទួលស្គាល់ធ្វើឱ្យជំនាញទាំងនោះអាចផ្ទេរ និងប្រើប្រាស់បាននៅទីកន្លែងផ្សេងៗ ហើយការដែលអាចផ្ទេរបាននៃជំនាញ គឺអាចជួយបង្កើនឱកាសការងារឱ្យកាន់តែប្រសើរនៅទូទាំងតំបន់។

ឯកឧត្តមរដ្ឋមន្ត្រីបានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការអាស៊ានបូកបី បានបង្កើតមូលដ្ឋានដ៏រឹងមាំ និងមានសមិទ្ធផលជាច្រើន ដែលចាំបាច់សម្រាប់អភិវឌ្ឍបន្ថែម ខណៈក្របខ័ណ្ឌអាស៊ានបូកបី ផ្តល់ឱកាសពិសេសមួយក្នុងការតភ្ជាប់ គឺការអភិវឌ្ឍជំនាញជាមួយការបញ្ជាក់វិញ្ញាបនបត្រ ការបញ្ជាក់វិញ្ញាបនបត្រជាមួយការទទួលស្គាល់ ការទទួលស្គាល់ជាមួយការចល័តកម្លាំងពលកម្ម និងការចល័តកម្លាំងពលកម្មជាមួយកិច្ចគាំពារសង្គម ព្រមទាំងសុវត្ថិភាព និងសុខភាពការងារ។ ជាជំហានបន្ទាប់ គឺត្រូវភ្ជាប់វឌ្ឍនភាពទាំងនេះឱ្យកាន់តែមានលក្ខណៈជាប្រព័ន្ធ និងស៊ីចង្វាក់គ្នានៅកម្រិតតំបន់។ ដោយឡែក អាស៊ានបូកបី គួរពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់លើស្តង់ដាជំនាញ ការវាយតម្លៃ និងការបញ្ជាក់វិញ្ញាបនបត្រជំនាញ ភ្ជាប់ការបញ្ជាក់វិញ្ញាបនបត្រជំនាញជាមួយការចល័តកម្លាំងពលកម្ម និងតម្រូវការជំនាញនាពេលអនាគត ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើជំនាញឌីជីថល បញ្ញាសិប្បនិម្មិត ជំនាញបៃតង យានយន្តអគ្គិសនី មនុស្សយន្ត និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតជាដើម។
ជាការគួរឱ្យកត់សម្គាល់ ឯកឧត្តមបានបង្ហាញពីភាពជឿជាក់ថា ភាពប្រកួតប្រជែងក្នុងតំបន់នាពេលអនាគត នឹងមិនអាស្រ័យតែលើចំនួនកម្មករដែលបានបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើថា តើជំនាញរបស់ពួកគេត្រូវបានបញ្ជាក់វិញ្ញាបនបត្រ មានការជឿទុកចិត្ត ទទួលស្គាល់ និងអាចផ្ទេរបានដែរ ឬទេ។ ដោយមានកម្លាំងពលកម្មដ៏ស្វាហាប់របស់អាស៊ាន និងជំនាញ ព្រមទាំងបច្ចេកវិទ្យារបស់ប្រទេសទាំងបី រួមទាំងអាស៊ាន អាចកសាងប្រព័ន្ធអេកូឡូស៊ីជំនាញអាស៊ានបូកបីឱ្យកាន់តែរឹងមាំ និងបោះជំហានជាបន្តបន្ទាប់ឆ្ពោះទៅរកការទទួលស្គាល់ជាសកល។ សម្រាប់កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយរដ្ឋសមាជិកអាស៊ានទាំងអស់ និងប្រទេសដៃគូទាំងបី ដើម្បីកសាងកម្លាំងពលកម្មដែលមានជំនាញ មានវិញ្ញាបនបត្រ អាចចល័តបាន ទទួលបានការការពារ និងត្រៀមខ្លួនសម្រាប់អនាគតក្នុងតំបន់។
សូមជម្រាបថា ជាលទ្ធផល អង្គប្រជុំបានអនុម័តលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានបូកបី លើកទី១៤ ដោយបានទទួលស្គាល់ថា ការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងឌីជីថល ការប្រែប្រួលប្រជាសាស្ត្រ ការវិវត្តនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល និងការធ្វើទេសន្តរប្រវេសន៍ការងារ កំពុងផ្លាស់ប្តូរតម្រូវការ និងការផ្គត់ផ្គង់ជំនាញនៅទូទាំងតំបន់។ ក្នុងពេលជាមួយគ្នានេះ រដ្ឋមន្រ្តីអាស៊ានបូកបី បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីលើកកម្ពស់គុណភាពនៃជំនាញ និងគុណវុឌ្ឍិ ព្រមទាំងគាំទ្រកម្លាំងពលកម្មដែលមានបរិយាបន្ន ផលិតភាពខ្ពស់ និងត្រៀមខ្លួនសម្រាប់អនាគត៕












វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content