បរទេស៖ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់ចិន AliExpress ត្រូវបានសហភាពអឺរ៉ុបពិន័យជាប្រាក់ជាប្រវត្តិសាស្ត្ររហូតដល់ ៥៥០ លានអឺរ៉ូ (ជិត ៦៣០ លានដុល្លារអាម៉េរិក) ដោយសារអនុញ្ញាតឱ្យមានការលក់ផលិតផលខុសច្បាប់នៅលើកម្មវិធីរបស់ខ្លួន។ នេះបើយោងតាមការរាយការណ៍ពី BBC។
គួរឱ្យបញ្ជាក់ដែរថា AliExpress មានអ្នកប្រើប្រាស់រហូតដល់ ១៩៣ លាននាក់ទូទាំងអឺរ៉ុប ដែលចំនួននេះច្រើនជាងក្រុមហ៊ុនលក់ទំនិញអនឡាញចិនផ្សេងទៀតដូចជា Shein និង Temu ទៅទៀត។
គណៈកម្មការសហភាពអឺរ៉ុប ថ្លែងថា AliExpress មិនបានបំពេញកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួនឱ្យបានត្រឹមត្រូវ និងវាយតម្លៃដោយប្រុងប្រយ័ត្នលើហានិភ័យនៃទំនិញខុសច្បាប់ គ្មានសុវត្ថិភាព និងទំនិញក្លែងក្លាយនោះឡើយ។
លោកស្រី Henna Virkkunen ប្រធានផ្នែកបច្ចេកវិទ្យារបស់សហភាពអឺរ៉ុប លើកឡើងថា ការរីករាលដាលនៃសម្លៀកបំពាក់ក្លែងក្លាយ ប្រដាប់ក្មេងលេងគ្មានសុវត្ថិភាព គ្រឿងសំអាងដែលមានគ្រោះថ្នាក់ និងផលិតផលខុសច្បាប់ ឬ មានផលប៉ះពាល់ផ្សេងទៀត មិនមែនជាផលវិបាកដែលចៀសមិនផុតនោះទេ ប៉ុន្តែ AliExpress បរាជ័យក្នុងការអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួន។
ជាការឆ្លើយតបវិញ AliExpress មិនយល់ស្របចំពោះការសម្រេចចិត្តរបស់សហភាពអឺរ៉ុបឡើយ ដោយបានបញ្ជាក់ថា ក្រុមហ៊ុននៅតែបន្តប្តេជ្ញាចិត្តក្នុងការបំពេញកាតព្វកិច្ចចំពោះអតិថិជន។ ពួកគេបានវិនិយោគជាច្រើនសន្ធឹកសន្ធាប់លើការវាយតម្លៃ និងកាត់បន្ថយហានិភ័យ, សុវត្ថិភាពផលិតផល, និងការការពារអ្នកប្រើប្រាស់។
ការសម្រេចចិត្តពិន័យជាប្រាក់ច្រើនហួសហេតុបែបនេះ បានមើលរំលងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនដូចជា ការកែលម្អ និងដំណោះស្រាយផ្សេងៗទៀត ដែលខ្លួនបានធ្វើកន្លងមក។ AliExpress នឹងប្តឹងតវ៉ាប្រឆាំងនឹងការសម្រេចចិត្តនេះ។
ការស៊ើបអង្កេតប្រព្រឹត្តក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ រកឃើញថា ប្រព័ន្ធស្វែងរក និងចាប់កំហុសរបស់ AliExpress មិនបានដំណើរការត្រឹមត្រូវនោះទេ ដោយផលិតផលខុសច្បាប់ជាច្រើនមិនត្រូវបានប្រព័ន្ធចាប់បាននោះទេ។
បើទោះបីជាផលិតផលខ្លះទៀតត្រូវបានប្រព័ន្ធចាប់បានក្ដី ក៏នៅតែបន្តបង្ហាញនៅលើគេហទំព័រ AliExpress ដដែល។
គណៈកម្មការអឺរ៉ុបបានរកឃើញថា ក្រុមហ៊ុន AliExpress មិនបានដាក់ទោសទណ្ឌឱ្យបានម៉ឺងម៉ាត់លើអាជីវករ ដែលលក់ទំនិញខុសច្បាប់ទាំងនោះឡើយ។ ការពិន័យជាប្រាក់ដ៏ច្រើនបែបនេះត្រូវបានដាក់ចេញអនុលោមទៅតាមច្បាប់សេវាកម្មឌីជីថលរបស់សហភាពអឺរ៉ុប ដែលតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗនានាបង្កើនសកម្មភាពក្នុងការទប់ស្កាត់មាតិកាខុសច្បាប់ និងបង្កគ្រោះថ្នាក់។
ច្បាប់នេះអនុញ្ញាតឱ្យសហភាពអឺរ៉ុបអាចពិន័យរហូតដល់ ៦ ភាគរយនៃចំណូលសរុបរបស់ក្រុមហ៊ុន ប៉ុន្តែការពិន័យជិត ៦៣០ លានដុល្លារនេះ មានកម្រិតទាបជាងអតិបរមា បើធៀបនឹងប្រាក់ចំណូលរបស់ Alibaba ដែលជាក្រុមហ៊ុនមេ រកបាន ១២២ ពាន់លានអឺរ៉ូ (ជិត ១៤០ ពាន់លានដុល្លារអាម៉េរិក) ទូទាំងពិភពលោកកាលពីឆ្នាំមុន។
ក្រោមកាតព្វកិច្ចផ្លូវច្បាប់របស់សហភាពអឺរ៉ុបនេះ ក្រុមហ៊ុនត្រូវតែបង់ប្រាក់ពិន័យ និងដាក់ជូននូវផែនការសកម្មភាពដែលខ្លួននឹងត្រូវចាត់ចែង ដើម្បីដោះស្រាយការល្មើសទាំងនេះនៅត្រឹមថ្ងៃទី ២០ ខែតុលា។
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនចិន Temu ក៏ត្រូវបានពិន័យជាប្រាក់ចំនួន ២០០ លានអឺរ៉ូ (២២៨ លានដុល្លារអាម៉េរិក) ផងដែរចំពោះការអនុញ្ញាតឱ្យមានការលក់ផលិតផលខុសច្បាប់ដូចជា ប្រដាប់ក្មេងលេងដែលបង្កគ្រោះថ្នាក់សម្រាប់ទារក។
កាលពីឆ្នាំមុន បណ្ដាញសង្គម X របស់លោក Elon Musk ត្រូវបានពិន័យជាប្រាក់ចំនួន ១២០ លានអឺរ៉ូ (១៣៧ លានដុល្លារអាម៉េរិក) បន្ទាប់ពីគណៈកម្មការបានរកឃើញថា ការអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទិញសញ្ញាគ្រីសខៀវ គឺជាអំពើបោកប្រាស់ ព្រោះបណ្តាញសង្គមមួយនេះមិនបានផ្ទៀងផ្ទាត់ដោយម៉ត់ចត់ ថាអ្នកណានៅពីក្រោយគណនីទាំងនោះឡើយ ដែលធ្វើឱ្យអ្នកប្រើប្រាស់ប្រឈមនឹងការឆបោក៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content