បញ្ហាបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ននេះកំពុងបង្កបញ្ហាយ៉ាងខ្លាំងដល់វិស័យកសិកម្មរបស់ប្រទេសឥណ្ឌា ជាពិសេសនៅក្នុងរដ្ឋ Odisha ដោយមានទាំងទឹកជំនន់ផង ភ្លៀងធ្លាក់ខ្លាំងផង និងអាកាសធាតុក្តៅខ្លាំស្ទើរពេញមួយឆ្នាំ។ បញ្ហាទាំងនេះបានធ្វើឲ្យកសិកររងការខូចខាតយ៉ាងខ្លាំងចំពោះទិន្នផលរបស់ពួកគេ ជាពិសេសដំណាំស្រូវ ខណៈដែលពូជស្រូវថ្មីភាគច្រើនមិនអាចស៊ូទ្រាំទៅនឹងអាកាសធាតុប្រែប្រួលខ្លាំងបែបនេះឡើយ។
ពលរដ្ឋភាគច្រើនដែលរស់នៅក្នុងតំបន់ភាគច្រើនសុទ្ធតែជាអ្នកមានដីសម្រាប់ធ្វើស្រែយ៉ាងហោចណាស់ម្នាក់មាន២ហិកតាដែរ ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងរដូវប្រមូលផលពួកគេតែងជួបការខាតបង់ជាញឹកញាប់ យ៉ាងហោចណាស់គិតជាទឹកប្រាក់ប្រមាណជា១៨០០ដុល្លារដែរ។ ដូច្នេះកសិករនៅរដ្ឋ Odisha បានខិតខំស្វែងរកវិធីសាស្ត្រថ្មីៗក្នុងការដាំដុះស្រែស្រូវរបស់គេឲ្យអាចទទួលបានផលត្រឡប់មកវិញ ហើយមួយក្នុងចំណោមនោះគឺជាការងាកថយក្រោយទៅប្រើប្រាស់ពូជស្រូវពីបុរាណមកធ្វើការដាំដុះឡើងវិញ។
ពូជស្រួវចាស់ទាំងនោះមានភាពស៊ូទ្រាំខ្លាំងជាងពូជស្រូវថ្មីដោយកសិករឥណ្ឌាបានអះអាងថាពូជស្រូវថ្មីនឹងខូចក្នុងរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះក្នុងពេលទឹកជំនន់លិច ប៉ុន្តែពូជស្រូវចាស់ដែលយកមកប្រើប្រាស់ឡើងវិញនោះអាចបន្តលូតលាស់ក្នុងទឹករហូតទៅដល់២ខែឯណោះ។
ភាពធន់របស់ពូជស្រូវចាស់បានជួយឲ្យកសិករឥណ្ឌានៅក្នុងរដ្ឋ Odisha អាចគិតឃើញដល់ប្រយោជន៍នៃការប្រើប្រាស់ពូជដំណាំពីបុរាណផ្សេងទៀត ដូចជា កប្បាស, ផ្លែប៊ឺរ, និងដើមវ៉ានីឡាជាដើម យកមកធ្វើការដាំដុះឡើងវិញ ពីព្រោះពួកគេជឿជាក់ថាដំណាំទាំងនេះមានកម្លាំងខ្លាំងជាងដំណាំពូជថ្មីដែលងាយនឹងទទួលការខូចខាតខ្លាំងក្នុងពេលដែលបញ្ហាបម្រែបម្រួលអាកាសធាតុធ្ងន់ធ្ងរបែបនេះ៕