ភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា បានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជាបង្ហាញពីសញ្ញានៃភាពរឹងមាំបើទោះជាស្ថិតក្នុងបរិបទនៃវិបត្តិសកលក៏ដោយ ខណៈដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានបង្ហាញដែរថា ទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈពេល ៥ខែដំបូងនៃឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ។ ក្នុងនោះកម្ពុជា បាននាំចេញទំនិញដែលមានតម្លៃ ១៤ពាន់លានដុល្លារ ខណៈដែលកម្ពុជា បាននាំចូលទំនិញមកវិញ ជាមួយទំហំទឹកប្រាក់ប្រមាណ ១៦ពាន់លានដុល្លារ។
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ មានប្រសាសន៍ថា សកម្មភាពពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមាន «សន្ទុះខ្លាំងក្លា» និងកំពុងស្ថិតក្នុងដំណាក់កាល «ពង្រីកខ្លួនយ៉ាងរហ័ស»។

លោកបញ្ជាក់ថា ៖
«តុល្យភាពសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន គឺជើងម្ខាងពឹងផ្អែកលើប្រទេសចិន និងអាស៊ី ដើម្បីផលិត ហើយជើងម្ខាងទៀតពឹងផ្អែកលើអាមេរិក និងអឺរ៉ុប ដើម្បីប្រើប្រាស់»។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៦ ឲ្យដឹងថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ជាមួយទំហំទឹកប្រាក់ជាង ៩ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជា បាននាំចូលទំនិញពីចិន ក្នុងទំហំទឹកប្រាក់ជាង ៨ពាន់លានដុល្លារ។ ចំណែក ការនាំចេញទំនិញពីកម្ពុជាទៅចិនវិញមានទំហំទឹកប្រាក់ត្រឹមជាង ៧៥៣លានដុល្លារប៉ុណ្នោះ។
ចំណែក សហរដ្ឋអាម៉េរិក គឺជាគោលដៅនាំចេញធំជាងគេរបស់កម្ពុជា និងជាដៃគូពាណិជ្ជកម្មធំទី២ របស់កម្ពុជា។ ពាណិជ្ជកម្មកម្ពុជា-អាមេរិក នៅរយៈពេល ៥ខែ ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់ជិត ៦ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជា បាននាំចេញទំនិញទៅកាន់សហរដ្ឋអាម៉េរិក ជាមួយទំហំទឹកប្រាក់ជាង ៥,៧ពាន់លានដុល្លារ។ ទំនិញដែលកម្ពុជា នាំចេញទៅសហរដ្ឋអាម៉េរិក មានដូចជា សម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ កង់ គ្រឿងសង្ហារឹម និងផលិតផលផលិតផ្សេងទៀត។ ចំណែក អាមេរិក បាននាំចូលទំនិញពីកម្ពុជាវិញ ត្រឹមតែជាង ២៣០លានដុល្លារប៉ុណ្ណោះ។
ប្រធានធនាគារពិភព លោក លោកស្រី Tania Meyer បានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជាមានភាពធុន បើទោះជារងសម្ពាធវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ៕ ដោយ ៖ ខន ណារី AMS




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content