ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់កម្ពុជា បានបង្ហាញពីឆន្ទៈយ៉ាងមុតមាំក្នុងកិច្ចគាំទ្រ និងជួយសម្របសម្រួលយ៉ាងពេញទំហឹងចំពោះបណ្តាវិនិយោគិនជប៉ុន ដែលមានបំណងស្វែងរកឱកាសវិនិយោគ និងពង្រីកធុរកិច្ចនៅកម្ពុជា។
នៅក្នុងឱកាសជួបជាមួយ លោក Yohu Hayakawa អនុប្រធានជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ឯកឧត្តមស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងថា កម្ពុជា បាន និងកំពុងអនុវត្តនូវវិធានការនានាដែលផ្តល់ភាពងាយស្រួល និងលើកទឹកចិត្តដល់បណ្តាអ្នកវិនិយោគ ទាំងជាតិ និងអន្តរជាតិ ដែលជាការបង្កើនភាពទាក់ទាញគម្រោងវិនិយោគលើគ្រប់វិស័យ ជាពិសេស ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការអភិវឌ្ឍប្រព័ន្ធឡូជីស្ទិកនៅកម្ពុជា ។

លោក Yohu Hayakawa អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន បានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ដើម្បីធានាថា គ្រប់គម្រោងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទាំងអស់ ទទួលបានលទ្ធផលយ៉ាងជោគជ័យ និងជាផ្លែផ្កា ។
តាមរបាយការណ៍ពីស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ពោល គឺចាប់ពីឆ្នាំ១៩៩៤ រហូតមក លំហូរវិនិយោគផ្ទាល់ពីប្រទេសជប៉ុននៅកម្ពុជាមានទំហំទឹកប្រាក់ប្រមាណជិត ៣ពាន់លានដុល្លារ ដោយជាការកត់សម្គាល់ឃើញថា គម្រោងវិនិយោគជប៉ុនជាច្រើនបានលេចរូបរាងជាបន្តបន្ទាប់ទាំងគម្រោងវិនិយោគសហការជាមួយរដ្ឋាភិបាល និងគម្រោងវិនិយោគសហការជាមួយវិស័យឯកជន ។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance Real Estate បានឱ្យដឹងថា វិនិយោគិនជប៉ុន គឺជាអ្នកវិនិយោគដែលមានការគិតគូរច្បាស់លាស់មុននឹងបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសណាមួយ ។ ដោយឡែកនៅប្រទេសកម្ពុជា ឃើញមាន គម្រោងវិនិយោគជប៉ុនជាច្រើន ហើយការវិនិយោគរបស់ជប៉ុននេះដែរ ក៏មានទាំងការវិនិយោគរយៈពេលខ្លី និងការវិនិយោគរយៈពេលវែង ។
លោកបន្តថា ឥរិយាបថរបស់វិនិយោគិនជនជាតិជប៉ុន ភាគច្រើនមិនរត់ចោលគម្រោង ឬទុកគម្រោងអភិវឌ្ឍរបស់ខ្លួនចោលនោះទេ ។ បើទោះបីជាពួកគេមានបញ្ហាហិរញ្ញវត្ថុក៏ដោយ ពួកគេនៅតែព្យាយាមដោះស្រាយឱ្យរួចរាល់ ស្របទៅតាមច្បាប់នៃប្រទេសដែលពួកគេបណ្ដាក់ទុនវិនិយោគ ។
លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា ដែលជាដៃគូសហការមួយរបស់វិនិយោគិនជប៉ុន បានលើកឡើងថា ប្រទេសជប៉ុនសំបូរទៅដោយសហគ្រាសធុន តូច និងមធ្យម ( SME ) ។ បើតាមតួលេខដែលធ្លាប់បានដឹង នៅក្នុងប្រទេសជប៉ុនមានសហគ្រាសធុនតូច និងមធ្យមរាប់លានសហគ្រាស ហើយកម្ពុជាត្រូវការអ្នកជំនាញក្នុងវិស័យ SME ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ច ដូច្នេះ បើសិនជាកម្ពុជាទទួលបាន SME ពីប្រទេសត្រឹមតែ ៥ភាគរយ ចូលមកបណ្ដាក់ទុនវិនិយោគ ឬសហការជាមួយធុរជន និងវិនិយោគិនកម្ពុជា នឹងធ្វើឱ្យកំណើនសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជាកើនឡើង និងរីកចម្រើន ជួយបង្កើនចរន្តសេដ្ឋកិច្ចទាំងវិស័យរដ្ឋ និងវិស័យឯកជន៕





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content