បរទេស៖ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានសម្រេចមិនរៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំនៅឆ្នាំ ២០២៧ តាមផែនការដើមឡើយ ដោយសារការខ្វែងគំនិតគ្នាកាន់តែខ្លាំងឡើងក្នុងចំណោមសម្ព័ន្ធមិត្ត ជាពិសេសរវាងសហរដ្ឋអាម៉េរិក និងប្រទេសជាសមាជិកអឺរ៉ុប។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT ការលុបចោលផែនការនេះក៏ត្រូវបានគេមើលឃើញថា ជាវិធានការមួយដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាផ្នែកការទូតដែលអាចកើតមានជាមួយប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump ផងដែរ។
នាយករដ្ឋមន្ត្រីអាល់បានី លោក Edi Rama បានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះនឹងមិនអាចរៀបចំឡើងនៅឆ្នាំ២០២៧ បានទេ ដោយសារប្រទេសសមាជិកមិនទាន់មានការឯកភាពគ្នាលើពេលវេលានៃការរៀបចំកិច្ចប្រជុំ។ រដ្ឋធានីទីរ៉ាណា (Tirana) របស់អាល់បានី ដើមឡើយត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។
លោក Edi Rama បានឱ្យដឹងថា ប្រសិនបើកិច្ចប្រជុំកំពូលនេះត្រូវបានរៀបចំឡើងនៅឆ្នាំ២០២៨ រដ្ឋធានីទីរ៉ាណានឹងក្លាយជាទីតាំងម្ចាស់ផ្ទះ។ ការសម្រេចចិត្តលើកាលបរិច្ឆេទជាក់លាក់នឹងអាស្រ័យលើការឯកភាពគ្នារបស់ប្រទេសសមាជិក។
ចំណែកអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានព្យាយាមបន្ធូរបន្ថយការព្រួយបារម្ភជុំវិញបញ្ហានេះ ដោយលើកឡើងថា អង្គការណាតូមានភាពបត់បែនក្នុងការរៀបចំកិច្ចប្រជុំកំពូល ហើយកិច្ចប្រជុំថ្នាក់ដឹកនាំនឹងត្រូវរៀបចំឡើងនៅពេលដែលមានភាពចាំបាច់។
ភាពខ្វែងគំនិតគ្នានៅក្នុងសម្ព័ន្ធយោធានេះពាក់ព័ន្ធនឹងបញ្ហាជាច្រើន រួមមានការចំណាយលើវិស័យការពារជាតិ ស្ថានការណ៍នៅអ៊ីរ៉ង់ និងសង្គ្រាមនៅអ៊ុយក្រែន។ ជាពិសេស សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តអឺរ៉ុបមានការខ្វែងគំនិតគ្នាលើការគាំទ្រគោលនយោបាយការបរទេស និងអាទិភាពយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោន។
កន្លងមក មន្ត្រីសហរដ្ឋអាម៉េរិកបានបង្ហាញការខកចិត្តចំពោះភាពស្ទាក់ស្ទើររបស់ប្រទេសអឺរ៉ុបមួយចំនួនក្នុងការគាំទ្រអាទិភាពយុទ្ធសាស្ត្ររបស់ខ្លួន។ ឥស្សរជនជាន់ខ្ពស់អាម៉េរិកក៏បានរិះគន់ជាសាធារណៈចំពោះការផ្តល់លទ្ធភាពមានកម្រិតក្នុងការប្រើប្រាស់មូលដ្ឋានទ័ព និងដែនអាកាសរបស់ប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបផងដែរ។
ទោះជាយ៉ាងណា ទីក្រុងវ៉ាស៊ីនតោននៅតែបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់ខ្លួនចំពោះអឺរ៉ុប ដោយរក្សាការតម្រង់ទិសគោលនយោបាយការបរទេសរបស់សហរដ្ឋអាម៉េរិកជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការសន្តិសុខនេះ៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content