ភ្នំពេញ៖ ក្រុមហ៊ុន សូហ្វីណា ហ្វាម ដែលជាក្រុមហ៊ុនមានម្ចាស់ជាជនជាតិខ្មែរទាំងស្រុង បានវិនិយោគទុនចំនួន ៦,៥ លានដុល្លារអាម៉េរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមមាន់ពង និងរោងចក្រកែច្នៃសាច់មាន់ខ្នាតធំ នៅស្រុកកញ្ចៀច ខេត្តព្រៃវែង ដោយគ្រោងចាប់ផ្ដើមដំណើរការនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៧។
អ្នកនាំពាក្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បានប្រាប់បណ្ដាញសារព័ត៌មាន AMS ថា ក្រុមហ៊ុន សូហ្វីណា ហ្វាម នឹងបញ្ចប់ការដំឡើងកសិដ្ឋាន និងរោងចក្រកែច្នៃសាច់មាន់ទាំងស្រុង មុនពេលចាប់ផ្ដើមប្រតិបត្តិការផលិតកម្មរបស់ខ្លួននៅដើមខែមេសា ឆ្នាំ២០២៧។
តាមការគ្រោងទុក ការផលិតស៊ុតនឹងត្រូវអនុវត្តជាបីដំណាក់កាល ដោយដំណាក់កាលដំបូងអាចផលិតស៊ុតបាន ២,៥ លានគ្រាប់ក្នុងមួយថ្ងៃ។ នៅដំណាក់កាលទី២ សមត្ថភាពផលិតនឹងកើនឡើងដល់ ៤០ លានគ្រាប់ក្នុងមួយថ្ងៃ ហើយនៅដំណាក់កាលទី៣ ដែលជាដំណាក់កាលដំណើរការពេញលេញ កសិដ្ឋាននេះមានគោលដៅផលិតស៊ុតឱ្យបាន ៦០ លានគ្រាប់ក្នុងមួយថ្ងៃ។
ដោយឡែក ខ្សែច្រវាក់ផលិតកម្មកែច្នៃសាច់មាន់ ក៏នឹងដំណើរការជាបន្តបន្ទាប់ និងបែងចែកជាបីដំណាក់កាលដូចគ្នា។ ទោះជាយ៉ាងណា សមត្ថភាពផលិតសាច់មាន់ក្នុងមួយថ្ងៃមិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេ។
ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បានចាត់ទុកការវិនិយោគនេះថា ជាការបង្កើតកសិដ្ឋានចិញ្ចឹមមាន់ខ្នាតធំមួយទៀតនៅក្នុងខេត្តព្រៃវែង ដែលអាចរួមចំណែកបង្កើនសមត្ថភាពផ្គត់ផ្គង់ស៊ុត និងសាច់មាន់ក្នុងស្រុក ព្រមទាំងកាត់បន្ថយការនាំចូលសាច់មាន់បង្កកពីក្រៅប្រទេសឱ្យនៅកម្រិតទាបបំផុត។
យោងតាមទិន្នន័យរបស់ CDC បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនធំៗចំនួន ៤ ដែលប្រកបអាជីវកម្មចិញ្ចឹមមាន់ពង និងកែច្នៃសាច់មាន់ ដោយក្រុមហ៊ុនមួយចំនួនបានដំណើរការខ្សែច្រវាក់ផលិតកម្មតាំងពីឆ្នាំ១៩៩០មក។ ក្រុមហ៊ុនទាំងនេះមានទុនវិនិយោគសរុបប្រមាណ ១៦០ លានដុល្លារអាម៉េរិក។
ជាមួយគ្នានេះ តាមតួលេខដែលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងកសិករខ្មែរបានបង្ហាញ កម្ពុជាមានកសិដ្ឋានចិញ្ចឹមមាន់ពងខ្នាតយក្សយ៉ាងតិចចំនួន ៣ ផ្សេងទៀត ដោយមួយស្ថិតនៅខេត្តកំពង់ធំ និងពីរទៀតស្ថិតនៅរាជធានីភ្នំពេញ។
ទាក់ទិននឹងតម្រូវការទីផ្សារ បច្ចុប្បន្នកម្ពុជាត្រូវការស៊ុតមាន់ប្រមាណ ៤ លានគ្រាប់ក្នុងមួយថ្ងៃ ខណៈសមត្ថភាពផលិតក្នុងស្រុកពីកសិដ្ឋានទាំងអស់មានជាង ៣ លានគ្រាប់ក្នុងមួយថ្ងៃ ដែលជិតអាចបំពេញតម្រូវការទីផ្សារក្នុងស្រុកបានទាំងស្រុង។
យ៉ាងណាក៏ដោយ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានបង្ហាញក្ដីបារម្ភថា ទីផ្សារស៊ុតមាន់ក្នុងស្រុកអាចប្រឈមនឹងការផ្គត់ផ្គង់លើសតម្រូវការក្នុងពេលដ៏ខ្លីខាងមុខ ឬយ៉ាងយូរត្រឹមឆ្នាំ២០២៧ ប្រសិនបើកសិដ្ឋានខ្នាតធំ ជាពិសេសកសិដ្ឋានខ្នាតយក្សរបស់ចិន បង្កើនសមត្ថភាពផលិតកម្មកាន់តែខ្លាំង ខណៈមិនទាន់មានទីផ្សារនាំចេញថ្មីៗគ្រប់គ្រាន់។
សមាគមបានព្រមានថា ប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយតាមរយៈការស្វែងរកទីផ្សារក្រៅប្រទេសបន្ថែមទេ ការផ្គត់ផ្គង់ស៊ុតលើសតម្រូវការអាចប៉ះពាល់ដល់អាជីវកម្មចិញ្ចឹមមាន់ពងរបស់កសិករក្នុងស្រុក៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content