ភ្នំពេញ៖ ក្រុមហ៊ុន មេគង្គណិត បានចុះអនុស្សរណៈនៃការយោគយល់ចំនួន ៣ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិ និងដៃគូក្នុងស្រុក ដើម្បីពង្រីកសេវាសន្តិសុខសាយប័រ ពង្រឹងការតភ្ជាប់មជ្ឈមណ្ឌលទិន្នន័យ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងដំណោះស្រាយឌីជីថលនៅកម្ពុជា។
កិច្ចព្រមព្រៀងទាំង ៣ ត្រូវបានចុះហត្ថលេខានៅក្នុងពិព័រណ៍បច្ចេកវិទ្យា FrancoTech 2026 ដែលរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកិច្ចការនារី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
កិច្ចសហការទីមួយ គឺរវាងមេគង្គណិត និងក្រុមហ៊ុន Bitdefender ដែលមានគោលដៅនាំយកសេវាសន្តិសុខសាយប័ររបស់ក្រុមហ៊ុន Bitdefender ទៅដល់គេហដ្ឋានអតិថិជនអ៊ីនធឺណិតរបស់មេគង្គណិត។ ផលិតផលសន្តិសុខសម្រាប់អ្នកប្រើប្រាស់របស់ Bitdefender ប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីការពារកុំព្យូទ័រ ទូរសព្ទចល័ត ទិន្នន័យផ្ទាល់ខ្លួន និងឯកជនភាពរបស់អ្នកប្រើប្រាស់ ដោយមានជម្រើសកញ្ចប់សេវាសម្រាប់បុគ្គល និងគ្រួសារ។
ផលិតផលរបស់ Bitdefender ក៏ទទួលបានពានរង្វាន់ពីស្ថាប័ន AV-TEST ក្នុងឆ្នាំ២០២៥ រួមមានពានរង្វាន់ផ្នែកការការពារល្អបំផុត សន្តិសុខប្រព័ន្ធប្រតិបត្តិការ MacOS និងសន្តិសុខប្រព័ន្ធប្រតិបត្តិការ Android។ ចំណែកតម្លៃ និងកញ្ចប់សេវាកម្មសម្រាប់អតិថិជននៅកម្ពុជា នឹងត្រូវប្រកាសនៅពេលខាងមុខ។
លោកស្រី សុខ ចាន់ដា ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនមេគង្គណិត បានលើកឡើងថា ក្រុមហ៊ុនបានចំណាយពេល ២០ ឆ្នាំក្នុងការតភ្ជាប់គេហដ្ឋាននៅកម្ពុជា ហើយកិច្ចសហការជាមួយ Bitdefender នឹងជួយពង្រឹងទំនុកចិត្តរបស់អតិថិជន តាមរយៈការផ្តល់ការការពារសុវត្ថិភាពបន្ថែមសម្រាប់ការប្រើប្រាស់អ៊ីនធឺណិត។
កិច្ចសហការទីពីរ ត្រូវបានធ្វើឡើងរវាងមេគង្គណិត និងក្រុមហ៊ុន ByteDC Solutions ដើម្បីរួមបញ្ចូលសេវាតភ្ជាប់អ៊ីនធឺណិតរបស់មេគង្គណិតជាមួយមជ្ឈមណ្ឌលទិន្នន័យកម្រិត Tier III របស់ ByteDC ដែលមានទីតាំងនៅអគារ Phnom Penh City Center។ កិច្ចសហការនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុន ស្ថាប័នធនាគារ និងស្ថាប័នសាធារណៈ អាចដាក់តាំងម៉ាស៊ីនមេ និងប្រព័ន្ធបច្ចេកវិទ្យារបស់ខ្លួននៅក្នុងមជ្ឈមណ្ឌលទិន្នន័យ ហើយភ្ជាប់ទៅកាន់បណ្តាញរបស់មេគង្គណិតដែលគ្របដណ្តប់ទូទាំងរាជធានី-ខេត្តទាំង ២៥។
លោកស្រី សុខ ចាន់ដា បានលើកឡើងថា កិច្ចសហការនេះនឹងរួមបញ្ចូលសមត្ថភាពតភ្ជាប់បណ្តាញរបស់មេគង្គណិត និងហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យរបស់ ByteDC ដើម្បីគាំទ្រដល់តម្រូវការរបស់អាជីវកម្ម និងស្ថាប័នដែលត្រូវការសេវាផ្ទុក និងគ្រប់គ្រងទិន្នន័យ។
លោក Bob Lim នាយកប្រតិបត្តិក្រុមហ៊ុន ByteDC Solutions ក៏បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហការនេះក្នុងការផ្តល់ដំណោះស្រាយមជ្ឈមណ្ឌលទិន្នន័យ និងការតភ្ជាប់សម្រាប់អាជីវកម្មនៅកម្ពុជា។ យោងតាមរបាយការណ៍របស់ Knight Frank ឆ្នាំ២០២៤ តម្រូវការមជ្ឈមណ្ឌលទិន្នន័យនៅកម្ពុជាត្រូវបានជំរុញដោយការរីកចម្រើននៃសេវាធនាគារអេឡិចត្រូនិក ពាណិជ្ជកម្មអេឡិចត្រូនិក និងគំនិតផ្តួចផ្តើមបរិវត្តកម្មឌីជីថលរបស់រដ្ឋាភិបាល។
ចំណែកកិច្ចសហការទីបី គឺរវាងមេគង្គណិត និងក្រុមហ៊ុន Vietnam Posts and Telecommunications Group (VNPT) ដើម្បីពង្រីកភាពជាដៃគូដែលមានតាំងពីឆ្នាំ២០០៨។ កន្លងមក កិច្ចសហការរវាងភាគីទាំងពីរផ្តោតលើសេវាខ្សែតភ្ជាប់ទិន្នន័យ ការតភ្ជាប់ឆ្លងដែន និងទូរគមនាគមន៍អន្តរជាតិ។ តាមរយៈកិច្ចព្រមព្រៀងថ្មីនេះ ភាគីទាំងពីរនឹងពង្រីកកិច្ចសហការទៅលើសន្តិសុខសាយប័រ បញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាព័ត៌មាន និងបរិវត្តកម្មឌីជីថល។
កិច្ចសហការនេះនឹងភ្ជាប់ជំនាញ និងបច្ចេកវិទ្យារបស់ VNPT លើវិស័យសន្តិសុខសាយប័រ AI អ៊ីនធឺណិតនៃវត្ថុ (IoT) និងរដ្ឋាភិបាលឌីជីថល ជាមួយបណ្តាញទូទាំងប្រទេស មជ្ឈមណ្ឌលទិន្នន័យនៅរាជធានីភ្នំពេញ និងក្រុមវិស្វករបច្ចេកទេសរបស់មេគង្គណិត។
នៅក្នុងពិព័រណ៍ FrancoTech 2026 ភាគីទាំងពីរបានបង្ហាញដំណោះស្រាយបច្ចេកវិទ្យាចំនួន ៤ ផ្នែក។ ផ្នែកទីមួយ គឺសន្តិសុខសាយប័រ តាមរយៈ MekongDefense SOC ដែលជាសេវាត្រួតពិនិត្យ និងគ្រប់គ្រងសន្តិសុខ ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍ ដោយផ្អែកលើ VNPT-MSS។ ផ្នែកទីពីរ គឺបច្ចេកវិទ្យា AI រួមមាន VNPT eKYC, vnFace និង VNPT SmartVision ដែលមានការសាកល្បងនៅទីស្នាក់ការកណ្តាល AnAnA។ ផ្នែកទីបី គឺដំណោះស្រាយ IoT រួមមាន VNPT VinaPhone OneHome និង AI Camera។ ផ្នែកទីបួន គឺដំណោះស្រាយរដ្ឋាភិបាលឌីជីថលរបស់ VNPT-IT ដែលរួមមានប្រព័ន្ធវិបផតថលរដ្ឋាភិបាលអេឡិចត្រូនិក កម្មវិធីទូរសព្ទសម្រាប់ប្រជាពលរដ្ឋ ប្រព័ន្ធទូរសព្ទទទួលសេវាពហុបណ្តាញ និង AI Kiosk។
តាមរយៈកិច្ចសហការទាំងបីនេះ មេគង្គណិតនឹងពង្រីកភាពជាដៃគូក្នុងវិស័យបច្ចេកវិទ្យា ដោយផ្តោតលើសេវាសន្តិសុខសាយប័រសម្រាប់គេហដ្ឋាន ការតភ្ជាប់មជ្ឈមណ្ឌលទិន្នន័យសម្រាប់ស្ថាប័ន និងអាជីវកម្ម ព្រមទាំងដំណោះស្រាយ AI, IoT និងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា៕










វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content