ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការកាត់បន្ថយហានិភ័យ និងការធានារ៉ាប់រងកសិកម្ម ដើម្បីទាក់ទាញការវិនិយោគឯកជន ព្រមទាំងជួយការពារផលប្រយោជន៍កសិករចំពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។
ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ កំណើនវិស័យកសិកម្មមានការប្រែប្រួលជាមធ្យមក្នុងចន្លោះពី ១,៣% ទៅ ១,១% ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដោយឡែក នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ វិស័យកសិកម្មនៅតែរក្សាបាននូវកំណើនវិជ្ជមានក្នុងរង្វង់ ១,០៨%។ ដោយឡែកនៅក្នុងឆ្នាំ២០២៥ កំណើននៃតម្លៃបន្ថែមសរុបឡើងដល់ ៥,៩៣%។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្មដែលបានបង្ហាញនាពេលកន្លងមក។
កាលពីពេលកន្លងមកនេះ ទិន្នន័យដែលទទួលបានមានការកើនឡើងគួរឱ្យកត់សម្គាល់ ក៏ប៉ុន្តែរដ្ឋាភិបាលនៅតែជំរុញការវិនិយោគបន្ថែមទៀតនៅក្នុងវិស័យនេះ។

ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា ដោយសារគោលដៅចម្បងនៃវេទិកានេះ គឺដើម្បីទាក់ទាញការវិនិយោគចូលមកក្នុងវិស័យកសិកម្ម ទោះបីជាវិស័យនេះកំពុងរងផលប៉ះពាល់ពីបញ្ហាអាកាសធាតុក៏ដោយ។
គួរបញ្ជាក់ផងដែរថា យន្តការកាត់បន្ថយហានិភ័យ (De-risking Mechanism) គឺត្រូវតែមាន ដើម្បីទាក់ទាញវិនិយោគិន។ ទោះជាយ៉ាងណាក្ដី នេះជាបញ្ហាប្រឈមដ៏ស្មុគស្មាញមួយ ដែលតម្រូវឱ្យមានសំណួរចោទសួរថា “ហេតុអ្វីបានជាការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា នៅតែមានកម្រិតទាប ហើយវិស័យឯកជនក្នុងវិស័យនេះ មិនទាន់មានភាពរឹងមាំគ្រប់គ្រាន់?
តាមការលើកឡើងរបស់ឯកឧត្តម ឃឹម ហ្វីណង់ បញ្ហាប្រឈមមួយចំនួនគឺជារឿងមិនអាចប្រកែកបាន ក៏ប៉ុន្តែ ប្រសិនបើក្រសួងកសិកម្មចង់ឱ្យវិស័យនេះកើនឡើងទ្វេរដងទៀត តើក្រសួងគួរប្រើប្រាស់វិធីសាស្រ្តអ្វីខ្លះដើម្បីបង្កើនភាពទាក់ទាញ? ជាចម្លើយ ដើម្បីទាក់ទាញវិនិយោគិន ឬទីផ្សារ រដ្ឋាភិបាលចាំបាច់ត្រូវខិតខំប្រឹងប្រែងធ្វើការងារឱ្យបានកាន់តែច្រើន។ ជាក់ស្តែង ដូចជាការគិតគូរពីការធានារ៉ាប់រងកសិកម្មជាដើម ដែលបណ្ដាលមកពីបញ្ហាអាកាសធាតុ។

អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា៖ «រឿងនេះ គឺជារឿងសំខាន់ណាស់ …បើយើងមើលមួយភ្លែតទៅ យើងគិតថា រឿងធានារ៉ាប់រងមានក៏បាន អត់ក៏បាន ប៉ុន្តែពេលនេះយើងកំពុងរស់នៅក្នុងបរិបទមួយក្នុងពិភពលោកដែលអាកាសធាតុកំពុងតែមានការផ្លាស់ប្ដូរ។ បញ្ហាជាច្រើន រួមទាំងគ្រោះរាំងស្ងួត ទឹកជំនន់ជាដើម។ ដូចនេះហើយ យើងកំពុងពិភាក្សាជាមួយក្រុមហ៊ុន Forte លើការធានារ៉ាប់រងគ្រោះមហន្តរាយលើផលដំណាំដែលខូចទាំងស្រុង»។
ឯកឧត្តមបានបន្តថា បញ្ហានេះប៉ះពាល់ដល់កម្ពុជាទាំងមូល ជាពិសេស កសិករតែម្ដង ដូច្នេះហើយ សូម្បីតែការបង្កើត និងចងក្រងសហគមន៍ ក៏ត្រូវការកិច្ចសហការ និងការប្រឹក្សាយោបល់ជាមួយក្រុមហ៊ុនធានារ៉ាប់រងផងដែរ ដើម្បីពិចារណាលើការទិញកញ្ចប់ធានារ៉ាប់រងសម្រាប់ដំណាំដែលខូចខាតទាំងស្រុង មិនថា ក្នុងករណីគ្រោះរាំងស្ងួត ឬទឹកជំនន់នោះទេ។ ការធ្វើបែបនេះ គឺដើម្បីការពារផលប្រយោជន៍របស់កសិករ និងធានាឱ្យកសិករអាចបន្តសង្វាក់ផលិតកម្មទៅមុខទៀតបាន។
សូមជម្រាបថា កាលពីមុន ក្រុមហ៊ុនធានារ៉ាប់រងមួយចំនួនមិនសូវហ៊ានផ្តល់សេវាធានារ៉ាប់រងកសិកម្ម ឬឥណទានកសិកម្មនោះទេ ដោយសារតែអត្រាហានិភ័យខ្ពស់ និងកង្វះការធានា។ ប៉ុន្តែ ប្រសិនបើមានស្ថាប័នធានារ៉ាប់រងហិរញ្ញវត្ថុផ្លូវការ ដូចជា CGCC ចូលមកជួយធានា ដោយមិនតម្រូវឱ្យមានទ្រព្យបញ្ចាំ វានឹងជួយជំរុញឱ្យការវិនិយោគកាន់តែល្អប្រសើរ។
ឯកឧត្តម ឃឹម ហ្វីណង់ បានកត់សម្គាល់ឃើញថា ការណ៍នេះនឹងធ្វើឱ្យធនាគារឯកជនហ៊ានទម្លាក់ទុនចូលក្នុងចរន្តសេដ្ឋកិច្ច ដែលជួយឱ្យចរន្តសាច់ប្រាក់វិលជុំបានល្អជាងមុន និងកាត់បន្ថយហានិភ័យបានយ៉ាងច្រើន។ ដោយឡែក ពាក់ព័ន្ធនឹងនិរន្តរភាពកសិកម្ម រហូតមកដល់ពេលនេះ នៅមិនទាន់មានច្បាប់ស្តីពីលក្ខខណ្ឌ ឬកិច្ចសន្យាកសិកម្មឱ្យបានច្បាស់លាស់នៅឡើយទេ។ ដូច្នេះ ការបង្កើតច្បាប់ជាក់លាក់ជារឿងចាំបាច់ ដើម្បីបង្កើតទំនុកចិត្តដល់វិស័យឯកជន និងសាធារណជនក្នុងការចូលរួមវិនិយោគក្នុងវិស័យកសិកម្ម ព្រមទាំងជួយដោះស្រាយបញ្ហារបស់តួអង្គផលិតករផងដែរ។

តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងកសិកម្ម នាពេលបច្ចុប្បន្ន សហគមន៍កសិកម្មទំនើបបានចាប់ដៃគូជាមួយក្រុមហ៊ុនផ្តល់សេវាបច្ចេកវិទ្យានានា ដើម្បីយកបច្ចេកវិទ្យាមកប្រើប្រាស់ក្នុងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យ។ ការធ្វើបែបនេះជួយឱ្យកសិករទទួលបានព័ត៌មានច្បាស់លាស់ និងអាចចុះអន្តរាគមន៍ដោះស្រាយបញ្ហាបានទាន់ពេលវេលា។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ បានផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញអនុវត្តកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ដែលក្នុងនោះមានកម្មវិធីទី៥ និងទី៦ ពាក់ព័ន្ធនឹងវិស័យកសិកម្ម គឺការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។
ជាមួយគ្នានេះ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវផែនការអភិវឌ្ឍវិស័យកសិកម្មដោយផ្តោតសំខាន់លើ៖ ការបន្តកសាងក្របខណ្ឌគតិយុត្ត គោលនយោបាយ និងពង្រឹងស្ថាប័ន ការជំរុញផលិតកម្មកសិកម្ម ការពង្រឹងកិច្ចសហការក្នុងការវិនិយោគលើប្រព័ន្ធធារាសាស្រ្តសម្រាប់វិស័យកសិកម្ម ការកាត់បន្ថយថ្លៃដើមផលិតកម្ម ការធានាស្ថិរភាពថ្លៃផលិតផលកសិកម្ម ការលើកកម្ពស់ការកែច្នៃផលិតផលកសិកម្ម ការបន្តលើកកម្ពស់ការតភ្ជាប់ទីផ្សារក្នុងស្រុកនិងការជំរុញការនាំចេញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ សម្រាប់គាំទ្រវិស័យកសិកម្ម។





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content