ភ្នំពេញ ៖ វិស័យកសិកម្មនៅតែជាវិស័យស្នូលសម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា ដោយពលរដ្ឋកម្ពុជាភាគច្រើននៅតែបន្តប្រកបរបរក្នុងវិស័យកសិកម្ម ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងវេទិកា និងពិព័រណ៍កសិកម្ម ឆ្នាំ២០២៦ (CAFFE 26) កាលពីព្រឹកថ្ងៃទី២៥ តុលា ២០២៦។
ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ថា ក្នុងបរិបទនៃការប្រកួតប្រជែងទីផ្សារ ការប្រែប្រួលអាកាសធាតុ ភាពរីកចម្រើននៃបច្ចេកវិទ្យា សហគមន៍កសិកម្ម គឺជាគ្រឹះ និងជាកម្លាំងចលករដ៏សំខាន់បំផុតក្នុងវិស័យកសិកម្ម ។ ការធ្វើកសិកម្មបែបគ្រួសារដាច់ដោយឡែកពីគ្នា មិនអាចឆ្លើយតបពេញលេញទៅនឹងតម្រូវការទីផ្សារ និងការប្រឈមនៅពេលខាងមុខបានឡើយ ដូច្នេះ ដើម្បីឱ្យកសិកម្មមានភាពរីកចម្រើនកាន់តែខ្លាំងបន្ថែមទៀត ចាំបាច់ត្រូវចងក្រងគ្នាជាសហគមន៍ដែលមានភាពរឹងមាំ និងមានសមត្ថភាពផលិត និងមានអំណាចចរចានៅលើទីផ្សារ។

ឯកឧត្តមបន្តថា សម្រាប់សហគមន៍កសិកម្ម ត្រូវការរៀនសូត្រពីគ្នា ពីភាពរីកចម្រើនរបស់សហគមន៍មួយទៅសហគមន៍មួយ ហើយកសិករ សូមកុំមើលវិស័យកសិកម្មត្រឹមតែជាមុខរបរបែបប្រពៃណី តែត្រូវសម្លឹងរកឱកាសបង្កើតធុរកិច្ចថ្មី ធ្វើនវានុវត្តន៍ និងបង្កើនតម្លៃបន្ថែមខ្ពស់ ។ ដោយឡែក តាមរយៈព្រឹត្តិការណ៍ពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នេះឃើញថា មានការចូលរួមពីសហគមន៍កសិកម្មជាច្រើន និងមកពីបណ្ដាខេត្តផ្សេងៗគ្នា ដូច្នេះ វាជាឱកាសសម្រាប់តាំងប្រជាកសិករ ទាំងប្រជាសហគមន៍ បានជួបគ្នា បានស្គាល់គ្នា និងរៀនសូត្រពីគ្នា ហើយក៏ជាឱកាសតភ្ជាប់បណ្ដាញទំនាក់ទំនងជាមួយគ្នាផងដែរ ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ៖ « សហគមន៍កសិកម្មនីមួយៗ មានបទពិសោធន៍ល្អៗ ផ្សេងគ្នា ជាក់ស្ដែង សហគមន៍ខ្លះ មានបទពិសោធន៍ល្អលើការគ្រប់គ្រងអភិបាលកិច្ច សហគមន៍ខ្លះមានភាពជោគជ័យក្នុងការរៀបចំផែនការផលិតកម្មរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងទីផ្សារ ហើយខ្លះទៀតមានបទពិសោធន៍ក្នុងការចរចាជាមួយអ្នកទិញ » ។
ឯកឧត្តមបន្ថែមថា ការជួបគ្នាក្នុងវេទិកា និងពិព័រណ៍កសិកម្មនេះ ធ្វើឱ្យសហគមន៍ទាំងនោះនាំយកបទពិសោធន៍របស់ខ្លួនមកចែករំលែកគ្នាទៅវិញទៅមក បង្កើតជាមេរៀនសំខាន់បន្ថែមទៀត ដើម្បីភាពជោគជ័យនៅក្នុងការងារកសិកម្ម ។ បន្ថែមពីលើបទពិសោធន៍នេះ ការរៀនសូត្រពីគ្នាទៅវិញទៅមក និងវេទិកាពិព័រណ៍កសិកម្ម នឹងតភ្ជាប់សហគមន៍កសិកម្ម ទៅនឹងអ្នកទិញ អ្នកកែច្នៃ និងស្ថាប័នហិរញ្ញវត្ថុ អ្នកផ្ដល់បច្ចេកវិទ្យា និងដៃគូក្នុងវិស័យកសិកម្មផ្សេងៗទៀត ។

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជាបានលើកឡើងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្ម ឆ្នាំ២០២៦ (CAFE 26) ដែរថា កន្លងមក ឧកញ៉ានៅកម្ពុជា ដែលរកស៊ីមាន រីកចម្រើនបាន ភាគច្រើនសម្លឹងរកមើលការវិនិយោគតែលើវិស័យអចលនទ្រព្យ ។ នៅពេលវិស័យអចលនទ្រព្យបានជួបប្រទះនឹងបញ្ហា និងកំពុងធ្លាក់ចុះដូចបច្ចុប្បន្ននេះ បានប្រែជាឱកាសសម្រាប់ការវិនិយោគលើវិស័យកសិកម្មស្របពេលដែលវិស័យនេះក៏កំពុងមានសក្ដានុពលនិងមានភាពរីកចម្រើនជាងមុនគួរឱ្យកត់សម្គាល់។

អ្នកឧកញ៉ាបានបន្តថា ការវិនិយោគលើវិស័យអ្វីមួយ មនុស្សម្នាក់មិនអាចធ្វើទៅបានជោគជ័យគ្រប់គ្នានោះទេ ពោល គឺត្រូវរួបរួមគ្នាវិនិយោគ និងធ្វើការជាមួយគ្នា ទើបអាចទទួលបានជោគជ័យរយៈពេលយូរ ។ សម្រាប់អ្នកឧកញ៉ាផ្ទាល់ បច្ចុប្បន្ននេះ មានក្រុមហ៊ុនដឹកជញ្ជូនស្រាប់ និងកំពុងចាប់ដៃជាមួយក្រុមហ៊ុនមកពីប្រទេសបាំរាំង ដើម្បីវិនិយោគសាងសង់ឃ្លាំងត្រជាក់សម្រាប់ស្តុកទុកបន្លែ និងផ្លែឈើ ដែលជាការរួមចំណែកសម្រាប់ជំរុញការវិនិយោគលើវិស័យកសិកម្មកម្ពុជា និងត្រូវការឱ្យមានការវិនិយោគលើកសិកម្មបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារទាំងក្នុង និងក្រៅប្រទេស ៕







វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content