វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានថ្លែងដូច្នេះកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំ និងជំនួបពាណិជ្ជកម្មកម្ពុជា-វៀតណាម ដែលប្រព្រឹត្តទៅក្នុងកំឡុងពេលអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និង ចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ (ASEAN Future Forum-AFF) នៅទីក្រុងហាណូយ។
អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា៖
“រដ្ឋាភិបាលប្រទេសទាំងពីបានកំណត់ទិសដៅទំហំពាណិជ្ជកម្មទ្វេភាគីកើនដល់ ២០ ពាន់លានដុល្លារ។ ទិសដៅប្រកបដោយសក្តានុពលខ្ពស់នេះ នឹងអាចសម្រេចបានក្នុងរយៈពេលដ៏ខ្លីខាងមុខ តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការរួមគ្នាកសាងសេដ្ឋកិច្ច។”
អ្នកឧកញ៉ា បានថ្លែងបន្តថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងជួយសម្របសម្រួលនីតិវិធីពាណិជ្ជកម្មឆ្លងដែន និងដំឡើងកម្រិតច្រកទ្វារព្រំដែនទាំងអស់ ទៅជាច្រកទ្វារអន្តរជាតិ។
ក្នុងកិច្ចប្រជុំនេះដែរ លោក ង្វៀន ក្វាងវីញ (Nguyen Quang Vinh) អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម បានគូសបញ្ជាក់ពី កិច្ចសហប្រតិបត្តិការល្អប្រសើររវាងសភាពាណិជ្ជកម្ម និង ឧស្សាហកម្មវៀតណាម និងសភាពាណិជ្ជកម្មកម្ពុជា ដែលដើរតួជាស្ពានចម្លងដ៏សំខាន់មួយរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។
លោក ង្វៀន ក្វាង វិញ បានលើកឡើងអំពីវិស័យអាទិភាពសំខាន់ៗចំនួនបីសម្រាប់កិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត រួមមាន៖ ១) ការលើកកម្ពស់ការតភ្ជាប់ទីផ្សារសម្រាប់អ្នកប្រើប្រាស់ផលិតផលវៀតណាមដែលកំពុងរីកចម្រើនយ៉ាងខ្លាំងហូតដល់ទៅជាងមួយរយលាននាក់ ២) ការអភិវឌ្ឍខ្សែច្រវាក់តម្លៃរួមគ្នា និង ៣) ការរៀបចំកម្មវិធីបណ្តុះបណ្តាលរួមគ្នាដើម្បីពង្រឹងសមត្ថភាពសម្រាប់សហគ្រាសធុនតូចនិងមធ្យម។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ ក៏មានជំនួបពាណិជ្ជកម្មរវាងធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ ដោយភាគីទាំងអស់បានពិភាក្សាគ្នាដោយផ្ទាល់ទៅតាមវិស័យសំខាន់ៗ រួមមាន៖- បច្ចេកវិទ្យា និងឌីជីថល៖ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងដំណោះស្រាយព័ត៌មានវិទ្យាសហគ្រាស។- កសិកម្ម និងភស្តុភារកម្ម៖ ការកែច្នៃកសិផលកម្រិតខ្ពស់ និងភស្តុភារកម្មខ្សែច្រវាក់ផ្គត់ផ្គង់។- ផលិតកម្ម និងឧស្សាហកម្ម៖ ការផលិត ឧស្សាហកម្មធុនធ្ងន់ និងសម្ភារៈឧស្សាហកម្ម។- អចលនទ្រព្យ៖ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍគម្រោងសំណង់ធំៗ។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៦ កម្ពុជាបាននាំចេញទំនិញទៅប្រទេសវៀតណាមប្រមាណ ២.៣២ ប៊ីលានដុល្លារ ខណៈការនាំចូលទំនិញមានតម្លៃប្រមាណ ១.៧៨ ប៊ីលានដុល្លារ។
តួលេខខាងលើនេះ នាំឱ្យពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរកើនឡើងដល់ ៤.១ ប៊ីលានដុល្លារ កើនឡើង ៦,៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលប្រទេសទាំងពីរបានសន្យាថា នឹងធ្វើការឆ្ពោះទៅរកការបង្កើនតួលេខនេះឱ្យដល់ ២០ប៊ីលានដុល្លារ៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content