បរទេស៖ ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas បានចាប់ដៃគូជាមួយវៀតណាមលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ជាមួយនឹងការពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក, ជាពិសេស អភិវឌ្ឍថាមពលកកើតឡើងវិញ នេះបើយោងតាមសេចក្ដីរាយការណ៍ពី VN Economy ។
លោក Aimy Zairin Mohamed ប្រធានតំណាងក្រុមហ៊ុន Petronas ប្រចាំប្រទេសវៀតណាម បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា តម្រូវការថាមពលសកលនឹងបន្តកើនឡើងយ៉ាងខ្លាំង ដោយតំបន់អាស៊ានត្រូវបានព្យាករណ៍ថានឹងកើនដល់ ២០ ភាគរយនៃកំណើនតម្រូវការថាមពលពិភពលោកត្រឹមឆ្នាំ២០៣៥។ បរិបទនេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការឆ្លងដែនកាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាល និងសហគ្រាសនៅក្នុងតំបន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការថាមពលដែលកំពុងកើនឡើង ដោយធានាបានទាំងចីរភាព និងតម្លៃសមរម្យ។

ទន្ទឹមនឹងនេះ វៀតណាមកំពុងមានភាពលេចធ្លោក្នុងចំណោមទីផ្សារដែលរីកចម្រើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍ ដែលនឹងរុញច្រានឲ្យតម្រូវការឧស្ម័នក្នុងស្រុកកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខខណៈដែលទិន្នផលនៃអណ្តូងប្រេងចាស់ៗក្នុងស្រុកកំពុងមានការថយចុះ។ ស្ថានភាពនេះឆ្លុះបញ្ចាំងពីតម្រូវការបន្ទាន់ក្នុងការបង្កើតសមាសភាពថាមពលប្រកបដោយតុល្យភាព ដើម្បីឆ្លើយតបនឹងសន្តិសុខថាមពល តម្លៃសមរម្យ ក្នុងគោលដៅកាត់បន្ថយកាបូន។
ជាមួយគ្នានេះ ដើម្បីដោះស្រាយគម្លាតរវាងតម្រូវការ និងការផ្គត់ផ្គង់ ក្រុមហ៊ុន Petronas បានចង្អុលបង្ហាញសសរស្តម្ភផ្គត់ផ្គង់សំខាន់ៗចំនួន ៣ រួមមាន ការបូមទាញយកប្រេង និងឧស្ម័នក្នុងស្រុក, ការនាំចូលឧស្ម័នធម្មជាតិរាវ (LNG), និងថាមពលកកើតឡើងវិញ។ ដោយឡែក ចំពោះការផ្គត់ផ្គង់ក្នុងស្រុក ក្រុមហ៊ុន Petronas នឹងបន្តសម្របសម្រួលជាមួយក្រុមហ៊ុនថាមពលរដ្ឋរបស់វៀតណាម Petrovietnam ក្នុងការស្រាវជ្រាវ និងវាយតម្លៃប្រភពបម្រុងប្រេង និងឧស្ម័ននៅតាមអាងស្តុកក្រោមដីនានារបស់វៀតណាម។ បន្ថែមពីនេះ Petronas ចាត់ទុកការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ជាប្រភពបំពេញបន្ថែមដ៏សំខាន់។
សូមជម្រាបថា កាលពីខែមេសា ឆ្នាំ ២០២៥ កន្លងទៅនេះ ក្រុមហ៊ុន Petronas បានដឹកជញ្ជូនកប៉ាល់ឧស្ម័នធម្មជាតិរាវ (LNG) លើកដំបូងរបស់ខ្លួនជូនដល់ក្រុមហ៊ុន PV GAS នៅស្ថានីយ Thi Vai LNG ភាគខាងត្បូងប្រទេសវៀតណាម។ ទាក់ទងនឹងកិច្ចព្រមព្រៀងផ្គត់ផ្គង់រយៈពេលវែងនេះ ភាគី Petronas ជាមួយរដ្ឋាភិបាលវៀតណាម-Petrovietnam កំពុងបន្តនីតិវិធីនៅឡើយ ដោយសារកិច្ចសន្យារយៈពេលវែងមានតួនាទីយ៉ាងសំខាន់ក្នុងការធានាស្ថិរភាពផ្គត់ផ្គង់ និងការទស្សន៍ទាយតម្លៃ។ ដោយឡែក ចំពោះសសរស្តម្ភទី ៣ គឺ Petronas ផ្តោតលើថាមពលកកើតឡើងវិញ ដែលដឹកនាំដោយគម្រោងតភ្ជាប់បណ្តាញអគ្គិសនីឆ្លងដែនវៀតណាម-ម៉ាឡេស៊ី-សិង្ហបុរី (VMS) និងគម្រោងវិនិយោគថាមពលកកើតឡើងវិញផ្សេងៗទៀតនៅវៀតណាម៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content