ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានសម្រេចដាក់ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីពិនិត្យឃើញថា ធនាគារនេះមានការខ្វះចន្លោះក្នុងការអនុលោមតាមបទប្បញ្ញត្តិជាធរមាន។
តាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ធនាគារកណ្ដាលបានសម្រេចតែងតាំងក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌា) ម.ក ជាអភិបាលបណ្តោះអាសន្នរបស់ធនាគារ ឈីហ្វ (ខេមបូឌា) ម.ក សម្រាប់រយៈពេល ៣ ខែ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ។
អភិបាលបណ្តោះអាសន្នមានតួនាទីវាយតម្លៃស្ថានភាពរបស់ធនាគារ ឈីហ្វ (ខេមបូឌា) ម.ក និងរាយការណ៍ទៅធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការសម្រេចចាត់វិធានការជាបន្តចំពោះធនាគារនេះ។
ក្នុងអំឡុងពេល ៣ ខែ អភិបាលបណ្តោះអាសន្នមានសិទ្ធិអំណាចក្នុងការគ្រប់គ្រង និងជាតំណាងឱ្យធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក សម្រាប់គ្រប់ប្រតិបត្តិការរបស់ធនាគារ។
វិធានការនេះរួមមានការផ្អាកការទូទាត់ប្រាក់បញ្ញើ និងចំណាយមិនចាំបាច់មួយចំនួនជាបណ្តោះអាសន្ន។ ចំពោះអ្នកខ្ចីឥណទានទាំងអស់ ត្រូវបន្តបំពេញកាតព្វកិច្ចទូទាត់សងប្រាក់ជាប្រក្រតី។
ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា អតិថិជន និងភាគីពាក់ព័ន្ធដែលមានសំណួរពាក់ព័ន្ធនឹងអភិបាលបណ្តោះអាសន្ន អាចទាក់ទងដោយផ្ទាល់ទៅក្រុមហ៊ុន បេកឃើរ ធីលលី ដែលមានទីតាំងនៅបុរីអេលីហ្សេ អគារលេខ បេ៣-០៧១ និង បេ៣-០៧២ ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ តាមលេខទូរសព្ទ ០២៣ ៩៨៧ ១០០ ឬតាមអ៊ីមែល info@bakertily.com.kh។
ធនាគារជាតិនៃកម្ពុជានឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នខ្ពស់លើការអនុវត្តអភិបាលបណ្តោះអាសន្ន និងបានអំពាវនាវដល់សាធារណជនឱ្យតាមដានព័ត៌មានផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា និងធនាគារ ឈីហ្វ (ខេមបូឌា) ម.ក៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content